រាជធានីភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីវេលាម៉ោង៦និង០៥នាទីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលបង្កឡើងដោយម៉ូតូ២គ្រឿងបានបើកបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់។
បើតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកស្មាសវី ពណ៌ ខ្មៅ ស៊េរី២០១២ ពាក់ស្លាកលេខ កណ្តាល 1Q-5244 ជិះគ្នា២នាក់ ក្នុងស្ថានភាពស្រវឹងជោកជាំ ធ្វើដំណើរក្នុងទិសដៅលិចទៅកើត បញ្ច្រាសផ្លូវ។ ខណៈពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែបានជ្រុល ទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១១ ពាក់ស្លាកលេខ ភ្នំពេញ1AV-9476 ជិះគ្នា២នាក់ បើកក្នុងទិសដៅ ពីកើតទៅលិច បណ្តាលឲ្យអ្នកបើកម៉ូតូទាំង២គ្រឿង រងរបួសធ្ងន់ដូចគ្នា ចំណែកឯអ្នករួមដំណើរ២នាក់ទៀតមិនមានរងរបួសអ្វីឡើយ ។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ដើម្បីធ្វើការវាស់វែង និងបានទំនាក់ទំនងហៅរថយន្តសាម៊ុយមកដឹកយកអ្នករបួសទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្នដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

ដកស្រង់ពី វត្តភ្នំ