រាជធានីភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា បានប្រកាសថា តំណាងរាស្ត្ររបស់ខ្លួនចំនួន ៦៨រូប នឹងចូលរួមប្រជុំ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី អាណត្តិទី៥ ក្នុងកិច្ចប្រជុំសភា លើកដំបូងនៅថ្ងៃទី២៣ ខែកញ្ញា ដោយរលូនល្អបើទោះបីជាតំណាងរាស្ត្ររបស់ គណបក្សសង្គ្រោះជាតិ មិនចូលរួម និងរូបភាពប្រទាំងប្រទើស ដែលមិនគួរឲ្យសាទរក៏ដោយ។
ប៉ុន្តែបរិយាកាស នៃកិច្ចប្រជុំសភានេះ មិនគួរឲ្យសាទរប៉ុន្មានទេ ព្រោះមានការរឹតបន្តឹងសន្តិសុខ ខ្លាំងហួសហេតុ មានការពង្រាយលួសបន្លា ដាក់របាំងបិទផ្លូវ ហើយកងកម្លាំងប្រដាប់អាវុធ ប៉ូលិស ប៉េអឹម បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ តាមផ្លូវជាតិទាំងអស់ នៅជុំវិញច្រកចេញចូល រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋយល់ឃើញថា រូបភាពបែបនេះ មិនមែនជារឿងល្អប៉ុន្មានទេ ហើយអំណាចដែលបានមកពី ភាពភ័យខ្លាចបែបនេះ ទំនងជាមិនសូវមានការគាំទ្រនោះទេ។
មានការដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ដើម្បីឃាត់ក្រុមបាតុករ របស់បក្សសង្គ្រោះជាតិ ដែលប៉ុនប៉ងចូលមកធ្វើបាតុកម្ម នៅភ្នំពេញ ប្រឆាំងកិច្ចប្រជុំសភា ដែលធ្វើឡើងមានតែ គណបក្សប្រជាជនតែម្ខាង។ ប្រជាពលរដ្ឋបានត្អូញត្អែរថា ក្រុមប៉ូលិស ប៉េអឹម បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ តាមផ្លូវជាតិទាំងអស់ ដូចជាតាមផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ លេខ៣ លេខ៤ លេខ៥ និងផ្លូវជាតិលេខ៦ គ្រប់ច្រកចេញចូល រាជធានីភ្នំពេញ ដើម្បីឃាត់អ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ ដែលធ្វើដំណើរពីខេត្តនានា ចូលមកធ្វើបាតុកម្មនៅភ្នំពេញ។
ដោយឡែកកម្លាំងសមត្ថកិច្ច និង របាំងចំរឹងដែក ត្រូវបានបញ្ជូនបន្ថែម មកដាក់ពង្រាយ នៅក្បែរមន្ទីររដ្ឋសភា ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ដល់ព្រះមហាក្សត្រ និងបេក្ខជនតំណាងរាស្ត្រ ដែលចូលរួមប្រជុំសភា លើកដំបូង សម្រាប់នីតិកាលទី៥ នៅថ្ងៃចន្ទទី២៣ ខែកញ្ញានេះ ហើយមានរបាំងដែក និង របាំងលួសបន្លា ត្រូវបានបញ្ជូនមកដាក់ លើចិញ្ចើមផ្លូវក្បែរមន្ទីររដ្ឋសភា ផ្ទះលោក ហ៊ុន សែន និងក្បែរព្រះបរមរាជវាំង ច្រើនជាងពេលមុនៗ។
ប្រជាពលរដ្ឋ និង មន្ត្រីអង្គការសង្គមស៊ីវិល ដែលយកញត្តិថ្វាយ ព្រះមហាក្សត្រសុំពន្យារពេល ប្រជុំសភានោះ បានអះអាងថា ប្រសិនបើថ្ងៃទី១៣ ខែកញ្ញា នៅតែបើកប្រជុំសភាដំបូងនោះពួកគេនឹងតវ៉ា ជាទ្រង់ទ្រាយធំ នៅរាជធានីភ្នំពេញ និងនៅតាមខេត្តមួយចំនួនទៀត។ យ៉ាងហោចណាស់ ក៏មានស្នាមមេដៃប្រជាពលរដ្ឋជាង៤០ ម៉ឺនស្នាមមេដៃ ត្រូវបានដាក់ថ្វាយ ព្រះមហាក្សត្រ សុំពន្យារពេលប្រជុំសភា ដើម្បីទុកពេលស៊ើបអង្កេត ភាពមិនប្រក្រតីនៃ ការបោះឆ្នោតជាមុនសិន។
យ៉ាងណាក៏ដោយ សកម្មជនការពារសិទ្ធិដីធ្លី នៅតំបន់បឹងកក់ និងបុរីកីឡាចំនួន ៦នាក់ រួមមាន ឈ្មោះ ប៊ូវ សោភា ឈ្មោះ ទេព វន្នី ឈ្មោះស សន ឈ្មោះជុំង៉ាន់ ញ៉ែម ឈ្មោះលាង សេង និងឈ្មោះ បូ ឆវី បានធ្វើសមាធិ បង្អត់អាហារនៅវត្តភ្នំ ចាប់ពីល្ងាចថ្ងៃអាទិត្យនេះ ដល់ល្ងាចថ្ងៃចន្ទ ដើម្បីសំដែងការមិនពេញចិត្ត ចំពោះការប្រជុំសភាលើកដំបូង ដែលគ្មានការចូលរួម ពីគណបក្សសង្គ្រោះជាតិ។
ស្ត្រីសកម្មជនការពារ សិទ្ធិដីធ្លី ទាំងនោះ បានអះអាងថា ការប្រជុំសភាលើកដំបូង នៅថ្ងៃចន្ទទី២៣ ខែកញ្ញា ដើម្បីបង្កើតរដ្ឋាភិបាលថ្មីនោះ មិនអាចដោះស្រាយ បញ្ហាទុក្ខលំបាករបស់ពួកគាត់ ក៏ដូចជាប្រជាពលដ្ឋទូទៅបានទេ ព្រោះរដ្ឋាភិបាលបង្កើតឡើង ទាំងមិនទាន់ដោះស្រាយ ភាពមិនប្រក្រតី នៅពេលបោះឆ្នោត តាមសំណើរបស់ប្រជាពលរដ្ឋ៕




ដោយ វត្តភ្នំ