រាជធានីភ្នំពេញ ៖ សង្សារវ័យក្មេង មួយគូ បន្ទាប់ពីបានផឹកស៊ីស្រវឹង បានបើកម៉ូតូបុករនាំងដែក ចែកទ្រូងផ្លូវមួយទំហឹង កាលពីវេលាម៉ោង ២និង២០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅមុខ
ក្រុម ហ៊ុន សែលកាត តាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ បណ្តាលឲ្យស្ត្រីវ័យក្មេងម្នាក់បានស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកយុវជនម្នាក់ទៀត ជាសង្សារបានរងរបួសធ្ងន់ធ្ងរ។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញគូស្នេហ៍វ័យក្មេង ទំនងជាចេញពីផឹកស៊ី ដើរលេងជាមួយគ្នា បានជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ឈាមជ្រូកលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BU-4005 ធ្វើដំណើរតាមបណ្តោយ ផ្លូវព្រះសីហនុ ក្នុងល្បឿនយ៉ាងលឿន ពីលិចទៅកើត ខណៈដល់ ខាងមុខក្រុមហ៊ុនម៉ូប៊ីថែល បានរេចង្កូតជ្រុលបុករះ របាំងដែកចែកទ្រូងផ្លូវ ដួលបោកក្បាលនឹថ្នល់ បណ្តាលឲ្យនារី ជាស្រីស្នេហ៍ ត្រូវរងរបួសខ្ទេចផ្ទៃមុខ និងបែកក្បាល ហូរឈាមស្រោចខ្លួន។
ស្ត្រីរងគ្រោះត្រូវបានរថយន្ត របស់មន្ទីរពេទ្យឯកជន គឹម សុង មកដឹកដើម្បីយកទៅសង្គ្រោះនៅពេទ្យរបស់គេ ប៉ុន្តែដោយសារឃើញស្ថានភាពធ្ងន់ធ្ងរ ទើបបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត។ ប៉ុន្តែពេលដឹកមកដល់ មន្ទីរពេទ្យកាល់ម៉ែត ក្រុមគ្រូពេទ្យបញ្ជាក់ប្រាប់ថា នារីរូបនោះ បានបាត់បង់អាយុជីវិតទៅហើយ។ ចំណែកយុវជន ជាអ្នកបើកម៉ូតូ ត្រូវរងរបួសធ្ងន់ដៃម្ខាង រីឯម៉ូតូក៏ខ្ទាតចេញជិត ៣០ ម៉ែត្រ ពីចំណុចកើតហេតុ។ ជនរងគ្រោះទាំងពីរនាក់នេះ មិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ៕
