ខេត្តឧត្តរមានជ័យ ៖ មាន ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៣ ដោយសារតែប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្ត្រីម្នាក់ ដែលត្រូវជន
មិន ស្គាល់មុខសម្លាប់កាត់ក្បាល នៅលើកំណាត់ផ្លូវលំរបស់ក្រុមហ៊ុនទំរីង រ៉ាម់ប៊ើរ ស្ថិត ក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ។
បើតាមប្រភពព័ត៌មានពីបុរសម្នាក់ដែលត្រូវជាប្តីរបស់ជនរងគ្រោះបាន ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប្រឹម សាវ៉ាន អាយុ២១ឆ្នាំ រស់នៅភូមិអណ្តូងបី (ហៅភូមិអូរតាម៉េង) ឃុំអន្លង់វែង ស្រុកអន្លង់វែង ។ ប្រភពដដែលបានបន្តទៀតថា កាលពីយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោងជាង៩យប់ គាត់(ប្តីជនរងគ្រោះ) បានឮគេទូរស័ព្ទណាត់ប្រពន្ធឲ្យទៅយកលុយ ហើយក៏បាត់សូន្យឈឹងមិនឃើញត្រឡប់មកផ្ទះវិញ ហើយគាត់ក៏ស្មានថាប្រពន្ធទៅគេងនៅផ្ទះបងប្អូន។ លុះព្រឹកឡើងស្រាប់តែមានប្រជាពលរដ្ឋ បានរត់មកប្រាប់គេថា បានប្រទះឃើញសាកសពប្រពន្ធរបស់ខ្លួនត្រូវគេសម្លាប់ដោយកាត់ក្បាលចោល នៅកណ្តាលផ្លូវ។
បន្ទាប់ពីមានការភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យភ្លាមៗ។ ទាក់ទិននឹងហេតុការណ៍សម្លាប់មនុស្សដ៏សាហាវព្រៃផ្សៃនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការយ៉ាងញាប់ដៃញាប់ជើង ដើម្បីស្វែងរកមុខសញ្ញាជនល្មើសចាប់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕