
អាជ្ញាធរជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខ ក្នុងដំណាក់កាលបោះឆ្នោត បានណែនាំដល់អាជ្ញាធរមូលដ្ឋានក្នុងរាជធានី -ខេត្ត អោយបង្កើនការពង្រឹងសន្តិសុខនិងសណ្តាប់ធ្នាប់ ពិសេសការគ្រប់គ្រងនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ និងរោងចក្រផលិតរំសេវគ្រឿងផ្ទុះ អោយមានសុវត្ថិភាពខ្ពស់។ ការណែនាំនេះត្រូវបានធ្វើឡើង ខណៈដែលគណបក្សសង្គ្រោះជាតិប្រកាសធ្វើមហាបាតុកម្មអហិង្សា។
នៅពេលដែលគម្រោងធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ កំពុង តែលេចចេញជារូបរាងកាន់តែច្បាស់ហើយនោះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានប្រកាសណែនាំដល់អាជ្ញាធរមូលដ្ឋាន អោយពួកគេបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តភារកិច្ចអោយមានប្រសិទ្ធភាពខ្ពស់។ នៅក្នុងសេចក្តីណែនាំចុងក្រោយ ចុះថ្ងៃទី១កញ្ញា គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សំរាប់ការបោះឆ្នោត លោក ស ខេង បានចាប់អារម្មណ៍ទៅលើការគ្រប់គ្រងទីតាំងគ្រោះថ្នាក់មួយចំនួន ដូចជា ស្ថានីយ៍លក់ និងចែកចាយប្រេងឥន្ធនៈ សារធាតុងាយឆេះ និងរោងចក្រផលិតរំសេវគ្រឿងផ្ទុះ។
លោក ស ខេងបានបញ្ជាអោយអាជ្ញាធរមូលដ្ឋានណែនាំក្រុមហ៊ុននាំចូលប្រេងឥន្ធនៈ ឧស្ម័ន និងសារធាតុងាយឆេះ អោយពិនិត្យឡើងវិញសុវត្ថិភាពនៅទីកន្លែងស្តុកទុក ផលិតផលទាំងនេះ និងឧបករណ៍ពន្លត់អគ្គីភ័យ ដោយត្រូវសហការជាមួយកម្លាំងសន្តិសុខរបស់អាជ្ញាធរ។ ទន្ទឹមគ្នានេះ អាជីវករអ្នកលក់សាំងរាយតាមដងផ្លូវ ក៏ត្រូវបានស្នើអោយរក្សាប្រេងសាំង របស់ពួកគេនៅកន្លែងមានសុវត្ថិភាពផងដែរ។
បញ្ជារបស់លោកស ខេង ត្រូវបានធ្វើចំពោះអាជ្ញាធររាជធានី-ខេត្ត ដែលត្រូវកោះអញ្ជើញអ្នកដឹកនាំបាតុកម្មមកជួបពិភាក្សាជាមុន អំពីពេលវេលា រយៈពេល ទីតាំងនៃការធ្វើបាតុកម្មដោយសន្តិវិធី និងវិធានការចាំបាច់នានាដើម្បីធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាព។ ហើយថា ទាំងអស់នេះត្រូវសរសេរចូលកំណត់ហេតុនៃការពិភាក្សាព្រមព្រៀង អោយបានច្បាស់លាស់។ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានស្នើអោយអាជ្ញាធររក្សាភាពអត់ធ្មត់ អោយបានខ្ពស់បំផុត ដើម្បីចៀសវាងការប៉ះទង្គិចជាយថាហេតុ ហើយត្រូវប្រមូលព័ត៌មានដែលទាក់ទងនឹងសកម្មភាពញុះញង់អោយមានអំពើហិង្សា ឬការបំផ្លិចបំផ្លាញ។
គួររម្លឹកថា លោក ស ខេងធ្លាប់ប្រកាសហើយថា អ្នកដឹកនាំនឹងត្រូវចាប់អោយទទួលខុសត្រូវក្នុងករណីដែលការតវ៉ា សំដែងមតិ ឈានទៅបង្កអោយមានហិង្សា អសន្តិសុខ និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈ។
ក៏ប៉ុន្តែ នៅក្នុងក្រមប្រតិបត្តិនៃការធ្វើមហាបាតុកម្មអហិង្សារបស់គណបក្ស សង្គ្រោះជាតិ ដែលត្រូវបានចែកផ្សាយនៅថ្ងៃអាទិត្យនោះ គណបក្សសង្គ្រោះជាតិបានប្រកាសថា ជនបង្កបទល្មើសដែលប្រាសចាកពីក្រមសីលធម៌ ដែលមានចែងដោយគណបក្ស សង្គ្រោះជាតិនោះ ជននោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង៕
ដកស្រង់ពី :
RFI