ខេត្តក្រចេះ ៖ ករណីដែលបុរសម្នាក់ បានសម្រេចចិត្ត ដុតឡានខ្លួនឯង កាលពីវេលាម៉ោង ១២និង៤៥ នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ នៅត្រង់ចំណុច ភូមិរំដួល ឃុំស្រែចារ ស្រុកស្នួល ដោយសារតែខឹង មន្ត្រីជំនាញនិងសមត្ថកិច្ច បើកឡានប្រដេញ ឲ្យចូលបង់លុយ ច្រើនហួសហេតុ កំពុងក្លាយជាកម្មវត្ថុមួយ ដែលសាធារណជនរិះគន់ ចំពោះកុងត្រូលជជុះ របស់ក្រុមមន្ត្រី ហើយកន្លងមកគេឃើញលោកអភិបាលខេត្តក្រចេះ រឹតបន្តឹងចំពោះក្រុមអ្នកកាសែត អត់ដែលមានវិធានការ ចំពោះមន្ត្រីខិលខូចនោះទេ។
បុរសដែលដុតរថយន្តខ្លួនឯង មានឈ្មោះ ខន វាសនា អាយុ ៣២ឆ្នាំ រស់នៅភូមិកណ្តោលជ្រុំ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តកំពង់ចាម បានខឹងសម្បាចំពោះសមត្ថកិច្ច ដែលបានបើកប្រដេញ ឡានម៉ាកត្រូពិច ពណ៌លឿង របស់គាត់ ដឹកជន្លង់ចំនួន ៣៧ដើម ស្រាប់តែរថយន្តខូច បើកទៅមុខលែងរួច ក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់បានតែម្តង។ ដោយទំនងជាចរចា មិនត្រូវរ៉ូវគ្នាដោយសមត្ថកិច្ច ទារឲ្យបង់លុយច្រើនពេក និងបានគំរាមអូស រថយន្តចូលទីស្នាក់ការ ទើបម្ចាស់រថយន្ត សម្រេចចិត្តទិញសាំងមួយលីត្រ មកចាក់ពីលើក្បាលឡាន រួចកេះដែកកេះដុតរថយន្ត ខ្លួនឯងតែម្តង៕
វត្តភ្នំ