ខេត្តកំពង់ចាម ៖ ក្រុមក្មេងទំនើងប្រចាំភូមិចំនួន៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចល្បាតតាមដងផ្លូវចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ នៅក្នុងភូមិទី១០
សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខណៈពេលដែលពួកគេកំពុងតែជិះម៉ូតូធ្វើដំណើរនៅតាមដងផ្លូវ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្រុមក្មេងទំនើងដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនទាំង៧នាក់ ខាងលើនេះ ទី១-ឈ្មោះ ហាលី ឆាន អាយុ២១ឆ្នាំ ទី២-ឈ្មោះ ស្រ៊ាង គីមថេង អាយុ២៥ឆ្នាំ ទី៣-ឈ្មោះ ចាំង ភារ៉ូ ហៅស្មោ អាយុ២៣ឆ្នាំ ទី៤-ឈ្មោះ ឈីម និមិត្ត អាយុ១៨ឆ្នាំ ទី៥-ឈ្មោះ ញឹម សុខហេង អាយុ៣៥ឆ្នាំ ទី៦-ឈ្មោះ សូ ចែម ភេទប្រុស និងទី៧-ឈ្មោះ លឹម ស្រ៊ុន អាយុ២៤ឆ្នាំ។
ក្នុងប្រតិបត្តិការឃាត់ខ្លួនខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមួយចំនួនដូចជា ស្នាប់ដៃ១ ច្រវាក់១ខ្សែ កាំបិតផ្គាក់១ កាំបិតប៉័ងតោ១ ម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ១គ្រឿង ម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1I-6342 និងមួយគ្រឿងទៀតម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ IBM-1263។
ប្រភពដដែលបានបញ្ជាក់ឲ្យដឹងទៀតថា ពួកក្មេងទំនើងទាំង៧នាក់ខាងលើនេះ គឺជាមុខសញ្ញាចាស់ ដែលតែងតែធ្វើសកម្មភាពអុកឡុកក្នុងភូមិរាល់ពេលដែលមានពិធីបុណ្យទាន ឬក្នុងពិធីចាក់ធុងបាស់រាំកម្សាន្តសប្បាយម្តងៗ។ បច្ចុប្បន្នក្រុមក្មេងទំនើងទាំង៧នាក់ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕
ប្រភពពី
.watphnom