ខេត្តសៀមរាប ៖ ជារឿងមួយគួរឲ្យ ភ្ញាក់ផ្អើលបំផុត នៅពេលដែលសារព័ត៌មាន បរទេសបានលាតត្រដាង នូវអំពើពុករលួយ របស់មន្ត្រីនគរបាល អន្តោប្រវេសន៍ ប្រចាំច្រកព្រលានយន្តហោះ អន្តរជាតិសៀមរាប ក្រោមការ
គ្រប់គ្រងរបស់ លោក សួន សុជាតិ ប៉ុន្តែក្រសួងនិងស្ថាប័នពាក់ព័ន្ធ ហាក់ដូចជាមិនរវល់ចាត់វិធានការ ទប់ស្កាត់បញ្ហានេះឡើយ ។
រឿងដែលអ្នកកាសែត បរទេសលាតត្រដាង អំពើពុករលួយ របស់មន្ត្រីនគរបាល អន្តោប្រវេសន៍ ច្រកព្រលានយន្តហោះ អន្តរជាតិសៀមរាប ក្រោមបញ្ជារបស់លោក សួន សុជាតិ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ស្ថាប័ននគរបាលជាតិ នៃប្រទេសកម្ពុជា។ ជាក់ស្តែងអ្នកកាសែត ជនជាតិចិនអ្នកស្រី យូ ជីនកួយ បានសរសេរនៅក្នុង កាសែតឃ្លូបលថែមស៍ កាលពីថ្ងៃអាទិត្យ ទី០១ ខែកញ្ញា អំពីបទពិសោធន៍ របស់អ្នកស្រីពេលមកដល់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ហើយជួបប្រទេះ មន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលចាំទទួលការសូកប៉ាន់ ឬហៅថាប្រាក់ទឹកតែ។
អ្នកស្រី យូ ជីនកួយ បានសរសេរ ក្នុងអត្ថបទក្រោមចំណងជើងថា “ ភ្ញៀវទេសចរចិន គួរតែមានសេចក្តីក្លាហានគ្រប់គ្រាន់ ប្រឆាំងនឹងការ សូកប៉ាន់ ” ដោយបានអត្ថាធិប្បាយថា ខ្ញុំបានធ្វើពើជាមិនយល់ នូវអ្វីដែលគាត់បាននិយាយ ប៉ុន្តែគាត់មិនបោះបង់ចោលទេ។ អ្នកស្រីបានសរសេរទៀតថា មន្ត្រីនគរបាលអន្តោប្រវេសន៍ បានលើកក្រដាសប្រាក់ ១០ យន់ មួយសន្លឹកចេញពីក្រដាស ប្រាក់មួយដុល្លារមួយគំនរ នៅលើតុរបស់គាត់ ដោយយកក្រដាសប្រាក់នោះ គ្រវីពីមុខអ្នកស្រី ទៀតផង ហើយប្រាក់ ១០ យន់ គឺប្រហែល ១,៦០ ដុល្លារ។
អ្នកស្រី យូ ជីនកួយ បានសរសេរថា “នៅពេលដែលគាត់ឃើញខ្ញុំ នៅតែគ្មានបំណងបើកកាបូបលុយ របស់ខ្ញុំនោះ គាត់ក៏បានយកលិខិតឆ្លងដែន គប់ខ្ញុំដោយរអ៊ូរទាំជាភាសាចិន លាយអង់គ្លេសនិងខ្មែរ។ នៅទីបំផុត គាត់បាននិយាយ ទាំងអារម្មណ៍មិនពេញចិត្តថា គ្មានលុយគ្មានផ្លូវទេ ”។ ការលាតត្រដាងរបស់អ្នកកាសែតចិន បែបនេះគឺបានឆ្លុះបញ្ចាំង យ៉ាងច្បាស់អំពីអំពើពុករលួយ របស់មន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកព្រលានយន្តហោះ អន្តរជាតិសៀមរាប ដូច្នេះនាយឧត្តមសេនីយ៍ នេត សាវឿន មិនត្រូវមើលរំលង បញ្ហានេះតទៅទៀតឡើយ។
ក្នុងនោះការដាក់ពិន័យ ទៅលើលោក សួន សុជាតិ ដែលជាប្រធាននគរបាល អន្តោប្រវេសន៍ច្រក ព្រលានយន្តហោះ អន្តរជាតិសៀមរាប គឺជារឿងសំខាន់ណាស់ ដើម្បីកុំឱ្យមានភាពមិនប្រក្រតី កើតមានឡើងយ៉ាងពេញបន្ទុក តទៅទៀត។ ជាញឹកញាប់ ក្រសួងមហាផ្ទៃបានណែនាំ មន្ត្រីនគរបាល អន្តោប្រវេសន៍ ដែលប្រចាំការតាមច្រកអន្តរជាតិ ត្រូវរក្សានូវសេចក្តីថ្លៃថ្នូរ មិនត្រូវកោសរូសបង្ខំ អ្នកដំណើរឲ្យបង់លុយ លើសពីការកំណត់នោះទេ ប៉ុន្តែនគរបាល អន្តោប្រវេសន៍ ប្រចាំច្រកព្រលានយន្តហោះ អន្តរជាតិខេត្តសៀមរាបរបស់លោក សួន សុជាតិ បែរជា គោះលុយអ្នកដំណើរ ឲ្យបង់លុយក្រៅផ្លូវការចាប់ពី ២ដល់៥ ដុល្លារអាមេរិក ដោយគ្មានការយោគយល់អ្វីឡើយ។
ក្រុមហ៊ុនទេសចរណ៍មួយចំនួនបានបង្ហើបឲ្យដឹងថា នៅច្រកព្រលានយន្ដហោះអន្ដរជាតិ ខេត្ដសៀមរាបក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរ គ្រប់ជាតិសាសន៍រាប់ពាន់នាក់ ចូលមកកម្ពុជាតាម ជើងយន្ដហោះ ហើយលោក សួន សុជាតិ និងមន្ត្រីក្រោមឱវាទ បានប្រើឧបាយកល ធ្វើឱ្យភ្ញៀវបរទេស ដែលចូលមកវាយទិដ្ឋាការ ដោយលោក សួន សុជាតិ ប្រើមន្ត្រីតែ ២ទៅ៣ នាក់ប៉ុណ្ណោះ។ នៅពេលកកស្ទះ ក្នុងការធ្វើទិដ្ឋាការមានភ្ញៀវ ជាច្រើនបានរអ៊ូរទាំ ធុញទ្រាំ និងខឹងសម្បា យ៉ាងខ្លាំងរហូតអ្នកខ្លះស្រែកឡូឡា ហើយបន្ទាប់មកមានមន្ត្រីនគរបាលអន្ដោប្រវេសន៍ មកសម្រួលថា បើសិនជា អ្នកណាត្រូវការប្រញាប់ ត្រូវបង់លុយថ្លៃវាយទិដ្ឋាការពី ២៣ទៅ២៦ ដុល្លារ ទើបបានចេញទៅមុន ។
ជាធម្មតាក្រសួងកំណត់ថ្លៃទិដ្ឋការ ត្រឹមតែ ២០ ដុល្លារប៉ុណ្ណោះ ហើយចំពោះភ្ញៀវបរទេស គ្រប់ជាតិ សាសន៍ភាគច្រើន មានតែភ្ញៀវជនជាតិ កូរ៉េទេ ដែលចូលមកខេត្ដសៀមរាប ច្រើនជាងគេ ហើយក៏ចាយលុយទូលាយ បង់ថ្លៃទិដ្ឋាការពី ២៣ទៅ២៦ ដុល្លារ តាមតែអាចទារបាន។ គេលើកជាសំណួរថា មន្ដ្រីនគរបាលអន្ដោប្រវេសន៍ នៅច្រកព្រលានយន្ដហោះអន្ដរជាតិ ខេត្ដសៀមរាបមានរាប់សិបនាក់ ប៉ុន្ដែ មន្ត្រីធ្វើទិដ្ឋាការ ជួនកាលមាន ម្នាក់ឬ២ នាក់ធ្វើឱ្យភ្ញៀវកកស្ទះ និងមានការធុញទ្រាន់បំផុត ។ ប៉ុន្តែទង្វើបែបនេះ គ្រាន់តែជាកលល្បិច រកលុយរបស់លោក សួន សុជាតិ ដែលគ្មានការខ្មាសអៀន ធ្វើឱ្យភ្ញៀវទេសចរបរទេស រិះគន់យ៉ាងខ្លាំង ៕

ប្រភពពី
.watphnom