រាជធានីភ្នំពេញ ៖ ក្មេងស្រីម្នាក់ត្រូវម្តាយ ចាក់សោបង្ខាំងទុកក្នុងផ្ទះ រួចទៅផ្សារត្រូវអគ្គិភ័យឆាបឆេះ គ្រឿងក្នុងយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង៥ និង៤៥នាទីរសៀលថ្ងៃទី២១ កញ្ញា នៅផ្ទះលេខ១៤AEo ផ្លូវលេខ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោកដោយម្តាយសង្ស័យកូនស្រីជាអ្នកដុត ។
ទោះបីជាយ៉ាងណា ត្រូវបានអ្នកជិតខាងនាំគ្នាជួយវាយបំបែកកញ្ចក់ ទម្លាយទ្វារចូលទៅជួយរំដោះយក ក្មេងស្រីរូបនេះចេញរួចពីគ្រោះថ្នាក់ និងជួយពន្លត់ទាន់ពេល គឺគ្រាន់តែឆេះបំផ្លាញខោអាវតែបនិ្តចបន្តួចប៉ុណ្ណោះ ។ នៅក្នុងហេតុការណ៍នេះដែរ មានរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងបានទៅអន្តរាគមន៍ផងដែរ ។ តាមស្រ្តីឈ្មោះ ឈុន សុខលឹម អាយុ៥២ឆ្នាំ បានឱ្យដឹងថា ការកើតមានអគ្គិភ័យនេះសង្ស័យកូនស្រីឈ្មោះ លឹម ម៉ូលីកា អាយុ១២ឆ្នាំ ជាសិស្សវិទ្យាល័យប៊ុនរ៉ានី វត្តភ្នំជាអ្នកដុត ព្រោះកូនស្រីគាត់ជាក្មេងខូចនិយាយមិនស្តាប់តាមការណែនាំរបស់ម្តាយទេ គិតតែពីដើរលេង បំផ្លាញទ្រព្យក្នុងផ្ទះ ហើយធ្លាប់រត់ចេញពីផ្ទះចំនួន៤ដង មកហើយទៅតាមសង្សារ ។
ស្ត្រីជាម្តាយបន្តថា នៅវេលាម៉ោងប្រមាណ៤ និង៤៥នាទី គាត់បានចេញទៅផ្សារដើមគរ ដើម្បីទិញអីវ៉ាន់ ហើយបានចាក់សោទុកកូនស្រីឱ្យនៅក្នុងផ្ទះតែម្នាក់ឯង ស្រាប់តែអ្នកជិតខាងទូរស័ព្ទប្រាប់ថា ផ្ទះត្រូវភ្លើងឆេះ គាត់ក៏ប្រញាប់ត្រឡប់មកផ្ទះវិញភ្លាម ត្រូវអ្នកជិតខាងនាំគ្នាជួយ វាយទម្លុះទ្វារយកកូនស្រីចេញទាន់ ។ ខណៈនោះមានរថយន្តពន្លត់អគ្គិភ័យ២គ្រឿង ចេញជួយអន្តរាគមន៍តែពុំបានបាញ់ទឹកពន្លត់ទេ ព្រោះត្រូវបានរលត់មុនទៅហើយ ។ ស្ត្រីជាម្តាយបានបញ្ជាក់ថា មូលេហតុដែលគាត់សង្ស័យថា កូនជាអ្នកដុតព្រោះកន្លងមកកូនស្រីនេះប្រដៅមិនស្តាប់ទេ ហើយថែមទាំងមានគំនិតមិនល្អចង់សម្លាប់គាត់ជាម្តាយទៀត ផង ។ គាត់និយាយថា ដូចកាលពីយប់ថ្ងៃទី២០ កញ្ញា កូនស្រីនេះបានឆុងមីឱ្យគាត់ហើយថែមទាំងលួចចាក់អាកុលនៅក្នុងមី ។ ទោះបីជាយ៉ាងនេះក្តី កូនស្រីឈ្មោះ លឹម ម៉ូលីកា បានឱ្យដឹងថា នាងមិនបានដុតផ្ទះនោះទេ គឺភ្លើងឆេះចេញពីកន្លែងដាក់ខោអាវនៅមុខកាំជណ្តើរខាងក្រោយ ។ ពេលមានភ្លើងឆេះនាងបានជួយយកគ្រឿងអលង្ការចេញ ហើយទៅឈរនៅកៀនទ្វារក៏ត្រូវបានគេវាយទម្លុះទ្វារជួយរួចពីគ្រោះថ្នាក់ ។
ក្មេងស្រីរូបនេះ បានឱ្យនគរបាលដឹងថា កន្លងមកនាងមានសង្សារចំនួន៨នាក់ និងចេះស្រឡាញ់ប្រុសដោយមានសង្សារតាំងពីអាយុ១០ឆ្នាំមកម៉្លេះ ។ ដោយសារតែកូនស្រ្តីប្រដៅមិនស្តាប់តាមដំបូន្មាន បន្ទាប់ពីកើតមានអគ្គិភ័យ ស្ត្រីជាម្តាយបានឱ្យនគរបាលរដ្ឋបាលទឹកល្អក់ទី៣នាំកូនទៅធ្វើការសាកសួរ ហើយឱ្យសមត្ថកិច្ចនាំទៅដាក់នៅមណ្ឌលកែប្រែ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា អ្នកស្រី ឈុន សុខលឹម ជាស្រ្តីមេម៉ាយ និងជាគ្រូបង្រៀននៅវិទ្យាល័យ ។ រីឯកូនស្រីនេះ គឺជាកូនដែលគាត់យកមកចិញ្ចឹមតាំងពីតូច ។ ប្រភពចុងក្រោយថា ដោយសារមានមនោសញ្ចេតនា អ្នកស្រីជាម្តាយបានលុបចោលបំណងដែលចង់ឱ្យទៅនៅមណ្ឌលកែប្រែ ហើយបានយកនាងត្រឡប់មកផ្ទះវិញ ។
មិនទាន់ដឹងថា តើនឹងមានបញ្ហាអ្វីកើតឡើងទៀតទេ រវាងម្តាយ និងកូនចិញ្ចឹមដ៏ក្មេងល្ហក់ ដែលពិបាកទូន្មានប្រៀនប្រដៅនេះ ៕

កោះសន្តិភាព