យុវជន ហោន ប៊ុនរ៉ា មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ និងបានមកសិក្សានៅសាកលវិទ្យាល័យបាត់ដំបង លើមុខជំនាញនុយក្លេអ៊ែរ។ យុវជនរូបនេះបានបញ្ចប់ការសិក្សានុយក្លេអ៊ែរនៅក្នុងឆ្នាំ ២០១២ ក្នុងចំណោមនិស្សិតមិនដល់ ១០ នាក់ផងក្នុងជំនាន់ជាមួយគ្នានេះ ដែលសុទ្ធសឹងមកពីបណ្ដាខេត្តផ្សេងៗ ។
ប៊ុនរ៉ាជួរទីពីររាប់ពីខាងស្តាំថតរូបជាមួយមិត្តរួមថ្នាក់និងសាស្រ្តាចារ្យ (រូបថតផ្តល់ឲ្យ)
ប៊ុនរ៉ា បានរៀបរាប់ពីដំណើរដើមទមក្នុងការជ្រើសរើសជំនាញនុយក្លេអ៊ែរថា ដោយសារការស្រលាញ់ចូលចិត្តខ្លាំង ទើបបានចុះឈ្មោះសិក្សារៀនជំនាញមួយនេះដែលមានបើកតែនៅសាកល វិទ្យាល័យបាត់ដំបងតែមួយគត់ សម្រាប់ប្រទេសកម្ពុជា។
ជំនាញនុយក្លេអ៊ែរ ត្រូវការសិក្សារយៈពេល ៤ ឆ្នាំសម្រាប់ថ្នាក់បរិញ្ញាបត្រ។ បន្ទាប់ពីសិក្សាបញ្ចប់ និស្សិតនឹងមានសមត្ថភាពនិងទទួលបានចំណេះដឹងជាមូលដ្ឋានដូចជា អាចធ្វើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ឧបករណ៍ និងប្រព័ន្ធដើម្បីទាញយកផលប្រយោជន៍ពីថាមពលនុយក្លេអ៊ែរ។ រៀបចំ និងដំណើរការរោងចក្រនុយក្លេអ៊ែរ ដើម្បីធ្វើការទាញយកអគ្គិសនីដោយសុវត្ថិភាព។ គ្រប់គ្រងកាកសំណល់វិទ្យុសកម្មដែលបញ្ចេញដោយរោងចក្រនុយក្លេអ៊ែរ ដើម្បីកុំឲ្យបង្កគ្រោះថ្នាក់ដល់បរិស្ថាន និងសុខភាពប្រជាជន។ បង្កើតឧបករណ៍នានានៅក្នុងឧស្សាហកម្ម និងវេជ្ជសាស្ត្រដែលទាក់ទៅនឹងវិទ្យុសកម្ម។
និស្សិតដែលបញ្ចប់មុខជំនាញនេះ នឹងមានឱកាសបម្រើការងារនៅតាមស្ថាប័ននានា ដូចជានៅក្នុងវិស័យអគ្គិសនី នៅក្នុងរោងចក្រនុយក្លេអ៊ែរ និងធ្វើជាសាស្ត្រាចារ្យនៅតាមគ្រឹះស្ថានសិក្សានានា។
ប៊ុនរ៉ាបញ្ជាក់ថា នុយក្លេអ៊ែរជាមុខជំនាញថ្មីសន្លាងមួយសម្រាប់ប្រទេសកម្ពុជា ហើយនៅក្នុងជំនាន់របស់គេមានសិស្សចុះឈ្មោះសិក្សាមិនដល់ ១០ នាក់នោះទេ។ បើទោះបីដឹងថាទីផ្សារការងារតូចចង្អៀត និងអាចពិបាករកការងារធ្វើនៅពេលបញ្ចប់ ប៉ុន្តែដោយសារការស្រលាញ់ចូលចិត្តខ្លាំងទើបធ្វើគេនៅតែបន្តពុះពារ រៀនរហូតដល់រៀនចប់ចុងចង់ដើមដោយគ្មានក្តីសោកស្ដាយនោះទេ។
ប៊ុនរ៉ាបានរាយរាប់ពីការសិក្សាក្នុងរយៈ៤របស់ខ្លួនថា៖ “ក្នុងឆ្នាំទី ១ ខ្ញុំបានសិក្សាមុខវិជ្ជាចម្រុះប៉ុន្តែមានមុខវិជ្ជាតម្រង់ទិសផង ដែរ។ មុខវិជ្ជាមានដូចជា គណិតវិទ្យា, រូបវិទ្យា, គីមីវិទ្យា , Instructions To Nuclear , Power Plan Technology , Nuclear Qfel Management , Nuclear Statics , Nuclear Core Start Up , Nuclear Core Test ជាដើម។
ប៊ុនរ៉ា បន្តទៀតថា ការសិក្សាគឺផ្ដោតលើការទាញយកថាមពលពីនុយក្លេអ៊ែរ ហើយថាមពលទាំងនេះអាចទៅប្រើប្រាស់ខាងផ្នែកសុខាភិបាល, កសិកម្មជាដើម។
ក្នុងសិក្សាគឺគេមានម៉ាស៊ីនអេឡិចត្រូនិកសម្រាប់ធ្វើការអនុវត្ត ចាប់ពីឆ្នាំទី ២ ឆមាសទី២ ដែលម៉ាស៊ីនទាំងនេះមានឈ្មោះថា Core Simulator ដែលទទួលបានការឧបត្ថម្ភពីប្រទេសកូរ៉េ ហើយមានតម្លៃថ្លៃខ្លាំងណាស់។ យ៉ាងណាក៏មានការភ័យខ្លាច ក្រែងលោមានការលេចធ្លាយធាតុវិទ្យុសកម្មក្នុងប្រការណាមួយបានកើត ឡើង ដែលអាចកើតមានគ្រោះថ្នាក់ក្នុងពេលពិសោធន៍នោះ។
បន្ថែមពីនេះ យុវជនរូបនេះបន្តទៀតថា អ្វីដែលពិបាកខ្លាំងគឺជំនាញនេះថ្មីដែលមិនសូវមាននិស្សិតសិក្សា។ ហើយកង្វះសាស្ត្រាចារ្យបង្រៀនក៏ជាបញ្ហាចោត ដែលមុខវិជ្ជានេះភាគច្រើនសុទ្ធសឹងជាសាស្ត្រាចារ្យជនជាតិកូរ៉េមក បង្រៀន ដូចនេះក្នុងមួយឆ្នាំបង្រៀនអស់ហើយបានត្រឹមតែ ១ សប្ដាហ៍ទៅ២ សប្តាហ៍តែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ ឯកសារទាំងអស់យកពីសាស្ត្រាចារ្យនិងបានពីការស្រាវជ្រាវពី អ៊ីនធឺណិតដែលសុទ្ធសឹងជាភាសាអង់គ្លេស។
ទោះបីយ៉ាងណាបញ្ហាទាំងអស់ត្រូវបានដោះស្រាយដោយការបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មនុយក្លេអ៊ែរនេះដោយជោគជ័យរបស់យុវជនរូបនេះ។
ជាចុងក្រោយ យុវជនរូបនេះក៏បានសំដែងការសោកស្តាយដែលជំនាញដ៏គួរឲ្យចាប់ អារម្មណ៍នេះមិនមានបើកទៀតទេនៅឆ្នាំសិក្សាថ្មីនេះ ដោយសាកលវិទ្យាល័យបានសម្រេចផ្អាកទទួលសិស្សចុះឈ្មោះសិក្សា ដោយសារកត្តាខ្វះគ្រូជំនាញៗក្នុងការបណ្តុះបណ្តាលមុខជំនាញមួយនេះ។
ដកស្រង់ពី: សប្បាយ