ក្រុងប៉ោយប៉ែត ៖ ប្រជាពលរដ្ឋនិងសមត្ថកិច្ចមួយចំនួន បានលួចបង្ហើបឲ្យដឹងថា លោក យឿន ម៉ាន់ ជាប្រធានស្នាក់ការនគរបាល ចារកម្មប្រចាំច្រកប៉ោយប៉ែត និងលោក ស៊ូ វណ្ណារិទ្ធ ដែលជាអនុប្រធាន កំពុងសុខស្រួលក្នុងការយកស្បែក ជានគរបាលចារកម្ម ទៅរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធ មកពីប្រទេសថៃចូលកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត ឡើងដុះស្លែទៅហើយ គ្មាននរណាហ៊ានប៉ះពាល់ទេ ហើយគេចង់ឃើញអគ្គស្នងការនគរបាលជាតិ ចាត់កម្លាំងពិសេសឲ្យទៅ ស៊ើបអង្កេតពីភាពអសកម្ម និងការពាក់ព័ន្ធយ៉ាងវែងអន្លាយ របស់លោក យឿម ម៉ាន់ និងលោក ស៊ូ វណ្ណារិទ្ធ ឡើងវិញផង។
សមត្ថកិច្ចមួយចំនួនបានឲ្យដឹងថា ស្ទើរគ្រប់មុខទំនិញខុសច្បាប់ និងទំនិញគេចពន្ធ ដែលនាំចូលពីស្រុកថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត គេសង្កេតឃើញលោក យឿម ម៉ាន់ និងលោក ស៊ូ វណ្ណារិទ្ធ ដែលមានអំណាចធំធេង ក្នុងការក្តោបក្តាប់ព័ត៌មាន ចារកម្មនៅច្រកព្រំដែន បានប្រើប្រាស់តួនាទីរបស់ខ្លួន ទៅដើរតួជាអ្នកប្រមូលលុយ ពីក្រុមឈ្មួញរកស៊ីនាំចូល ទំនិញខុសច្បាប់ ទៅបង់ឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចដទៃដើម្បីចៀសផុត ពីការបង្ក្រាប។ ដោយសារតែមានការយោគយល់ ចំពោះលោក យឿម ម៉ាន់ និងលោក ស៊ូ វណ្ណារិទ្ធ ដែលសុទ្ធសឹងជាសមត្ថកិច្ចប្រដាប់អាវុធ ក៏ចេះតែបិទភ្នែក បិទត្រចៀកធ្វើមិនដឹងមិនឮ ទុកឲ្យលោក យឿម ម៉ាន់ និងលោក ស៊ូ វណ្ណារិទ្ធ បានក្លាយជាមេឈ្មួញនាំចូល ទំនិញគេចពន្ធល្បីជាងគេ ប្រចាំច្រកប៉ោយប៉ែត។
ប្រជាពលរដ្ឋមួយចំនួន បានចំអកថា លោក យឿម ម៉ាន់ និងលោក ស៊ូ វណ្ណារិទ្ធ បានរត់ការចូលធ្វើជា នគរបាលចារកម្ម ក៏ព្រោះតែចង់បានអំណាច យកទៅរកស៊ីនាំចូលទំនិញគេចពន្ធ តាមរបៀបត្រីងៀតឆ្លៀតពង ឬកន្ទេលធំបន្លំដេក ដែលមានន័យថា ការរកស៊ីនាំចូលទំនិញគេចពន្ធ ឬទំនិញខុសច្បាប់ តាមច្រកប៉ោយប៉ែតរបស់លោក យឿម ម៉ាន់ និងលោក ស៊ូ វណ្ណារិទ្ធ កំពុងបំផ្លាញចំណូលថវិការជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់។ គេមិនច្បាស់ទេថា តើអគ្គស្នងការនគរបាលជាតិ ឬក្រសួងមហាផ្ទៃធ្លាប់បាន ពិនិត្យមើលលក្ខណសម្បត្តិ របស់លោក យឿម ម៉ាន់ និងលោក ស៊ូ វណ្ណារិទ្ធ ឬក៏យ៉ាងណានោះឡើយ ព្រោះអីមន្ត្រីទាំង ២ នាក់នេះ ធ្លាប់មានអតីតកាលពាក់ព័ន្ធ នឹងការនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ ឡើងដុះស្លែទៅហើយ។
កន្លងមកលោក យឿម ម៉ាន់ បានទិញរថយន្តទំនើបអត់បង់ពន្ធ ហើយពាក់ស្លាកលេខ ខម ដើម្បីឆ្លងដែនតាមតំបន់ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឲ្យរួចផុតពីការបង់ពន្ធជូនរដ្ឋ ហើយក្នុងរថយន្តទំនើបៗ ជាច្រើនគ្រឿងដែលលោក យឿម ម៉ាន់ នាំចូលមកពីស្រុកថៃ សុទ្ធតែគ្មានការបង់ពន្ធទាំងអស់ រួចបន្តយកមកលក់ចែកចាយ យ៉ាងអនាធិបតេយ្យបំផុត។ ដោយឡែក លោក ស៊ូ វណ្ណារិទ្ធ ហៅទ្រី ឯណោះវិញ ក៏មានជំនាញជួយ សម្របសម្រួលឲ្យក្រុមឈ្មួញជាច្រើន ដែលរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធ ហើយគេដឹងថាលោក ស៊ូ វណ្ណារិទ្ធ ខ្លួនឯងក៏មានមុខជំនួញរកស៊ី នាំចូលទំនិញគេចពន្ធ ផ្ទាល់ខ្លួនផងដែរ គឺគ្មាននរណាហ៊ានប៉ះពាល់ទេ។ រឿងដែលលោក យឿម ម៉ាន់ និងលោក ស៊ូ វណ្ណារិទ្ធ យកស្បែកជានគរបាលចារកម្ម ទៅរកស៊ីនាំចូលទំនិញគេចពន្ធ ងាយបង្កឲ្យមានបទល្មើស ឆ្លងកាត់ព្រំដែន ផ្ទុយពីការរឹតបន្តឹង របស់រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរផងដែរ ៕

ដកស្រង់ពី:
វាលឥន្ទ្រី