ប្រទេសស៊ីរី ៖ មន្ត្រីជាន់ខ្ពស់ អាមេរិក បានបង្ហាញក្តីព្រួយបារម្ភ ចំពោះបញ្ហាវាយបកណាមួយ ពីក្រុមសម្ព័ន្ធមិត្ត របស់មេដឹកនាំផ្តាច់ការស៊ីរី នៅពេលអាមេរិក វាយប្រហារតាមផ្លូវអាកាស ទៅលើប្រទេសស៊ីរី
ក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយប្រធានាធិបតីស៊ីរី លោក បាសា អាល់ អាហ្សាដ បាននិយាយថា សម្ព័ន្ធមិត្តរបស់ស៊ីរី នឹងធ្វើការឆ្លើយតបទៅវិញ ប្រសិនណាប្រទេសស៊ីរី ក្លាយជាគោលដៅវាយប្រហារ ដោយយោធាបរទេស។
អំឡុងពេលដែលលោក អាហ្សាដ បានផ្តល់កិច្ចសម្ភាសន៍ ជាមួយបណ្តាញអាមេរិកកាំង CBS បានធ្វើការបដិសេធផងដែរថា កងកម្លាំងរដ្ឋាភិបាលស៊ីរី មិនបានប្រើប្រាស់ អាវុធគីមីនោះទេ។ ខណៈដែលទីក្រុង វ៉ាស៊ីនតោន បានប្រមូលផ្តុំនូវការគាំទ្រ សម្រាប់គម្រោងវាយប្រហារ ដោយយោធាមកលើប្រទេស ស៊ីរី គេសង្កេតឃើញលោក បាសា អាល់ អាហ្សាដ ស្វែងរកការជួយជ្រោមជ្រែង ពីសម្ព័ន្ធមិត្តរបស់ខ្លួន និងប្រមែប្រមូលសព្វាវុធពីរុស្ស៊ី ដើម្បីទប់ទល់ការវាយប្រហារ ពីអាមេរិក។
មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប បានប្រាប់ភ្នាក់ងារព័ត៌មាន ស៊ីអិនអិនថា សហរដ្ឋអាមេរិក បានទទួលព័ត៌មាន ពីផ្នែកចារកម្ម ដែលបង្ហាញថា ប្រទេសអ៊ីរ៉ង់ អាចនឹងធ្វើការ សងសឹកណាមួយ ប្រឆាំង នឹងស្ថានទូតអាមេរិក នៅទីក្រុងបាដាដ ប្រទេស អ៊ីរ៉ាក់ ប្រសិនបើអាមេរិក ចាប់ផ្តើមវាយប្រហារ ដោយយោធាប្រឆាំង នឹងប្រទេសស៊ីរី។ ជាមួយនឹងការគម្រាមកំហែង វាយបកទៅលើស្ថានទូតបែបនេះ ក្រសួងការបរទេសអាមេរិក បានរៀបចំប្រព័ន្ធសន្តិសុខប្រចាំ ស្ថានទូតនៅក្នុងប្រទេស អ៊ីរ៉ាក់ ឲ្យកាន់តែរឹងមាំថែមទៀត៕

ដកស្រង់ពី:
វាលឥន្ទ្រី