យោងតាមសារព័ត៌មាន huffingtonpost បានឲ្យដឹងថា សាកសពមនុស្សបីនាក់ ត្រូវបានប៉ូលីសរកឃើញ នៅក្នុងផ្ទះមួយខ្នង ស្ថិតក្នុងទីក្រុង Brooksville នៃរដ្ឋ Florida សហរដ្ឋអាមេរិក ហើយក្នុងចំណោមមនុស្សទាំងបីនាក់ ដែលបានស្លាប់នោះ មានបុរសម្នាក់ ធ្លាប់ត្រូវប៉ូលីសឃាត់ខ្លូនកាលពីខែមុននេះ។
បើតាមការពិនិត្យ និងសន្និដ្ឋានរបស់ប៉ូលីស បានឲ្យដឹងថា បុរសដែលធ្លាប់ត្រូវប៉ូលីសឃាត់ខ្លួន និងស្លាប់នោះ គឺជាអ្នកបង្កហេតុ ដោយបានចាក់សម្លាប់មិត្តស្រី និងកូនរបស់ខ្លួន បន្ទាប់មកទើបសម្លាប់ខ្លួនជាក្រោយ។
បើតាមសម្តីប៉ូលីសបានប្រាប់ឲ្យដឹងថា បុរសបង្កហេតុមានឈ្មោះថា Jamil Etayem អាយុ ២៨ឆ្នាំ បានចាក់សម្លាប់មិត្តស្រីរបស់ខ្លួន ដែលមានឈ្មោះថា Roseanna Sanson អាយុ ២៣ឆ្នាំ និងកូនប្រុស បន្ទាប់មកទើបចាក់សម្លាប់ខ្លួនឯង។ ប៉ូលីសបានបន្តទៀតថា ជនបង្កហេតុ និងមិត្តស្រី បានចាកចេញពីរដ្ឋ Ohio មករស់នៅក្នុងរដ្ឋ Florida នៅក្នុងខែកក្កដាកន្លងទៅនេះ។
យ៉ាងណាមិញ ប៉ូលីសមិនទាន់បានបញ្ជាក់ពីមូលហេតុ ដែលបណ្តាលឲ្យមានការចាក់សម្លាប់គ្នានេះឡើយ៕
ប្រភពពី ខ្មែរឡូត