ភ្នំពេញ ៖ យុវជនម្នាក់បានបើកម៉ូតូម៉ាកយ៉ាម៉ាហាបោះពួយយ៉ាងលឿនវ៉ាគេវ៉ាឯងហើយក៏ជ្រុលបុកម៉ូតូ២គ្រឿងទៀតដួលប្រកាច់ប្រកិនទាំងអស់គ្នា រួចហើយ ព្រមទទួលកំហុសចេញសងគេអស់ជិត១០០$ទើបរួចខ្លួន។ ហេតុការណ៍គ្រោះថ្នាក់នោះបានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទីល្ងាចថ្ងៃទី១៨ ខែ កញ្ញាឆ្នាំ២០១៣ នៅចំណុចខាងមុខភោជនីយដ្ឋានផ្ទះយើង ផ្លូវលេខ៤៧ កែងផ្លូវលេខ៨០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
សាក្សីឃើញហេតុការណ៍គ្រោះថ្នាក់នោះបានអោយដឹងថា នៅវេលាកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកយ៉ាវមហាពណ៌លឿងយ៉ាងលឿនវ៉ាគេវ៉ាឯងតាម ផ្លូវលេខ៤៧ពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុគាប់ជួនមានម៉ូតូម៉ាកC125ពណ៌ខ្មៅបើកដោយយុវជនម្នាក់ដឹកក្មេងប្រុសម្នាក់ផងបើកឆ្លងផ្លូវលេខ៨០ ពីកើតមកលិច ហើយក៏ត្រូវម៉ូតូយ៉ាម៉ាហានោះបុកប្រាវដួល ហើយម៉ូតូយ៉ាម៉ាហានោះរេទៅបុកម៉ូតូម៉ាកនិចមួយគ្រឿងទៀតដែលជិះគ្នា២នាក់បើកតាមផ្លូវលេខ
៤៧ពីជើងមកត្បូងបណ្តាលអោយដួលប្រាវទាំងអស់គ្នារបួសរលាត់ដៃជើងផងដែរ។
សាក្សីបន្តទៀតថា ក្នុងហេតុការណ៍គ្រោះថ្នាក់នោះពួកគេបានសម្របសម្រួលដោះស្រាយគ្នាប្រើពេលជាង១ម៉ោងទើបត្រូវគ្នាដោយអ្នកបង្កខាងម៉ូតូម៉ាកយ៉ាម៉ា ហាសុខចិត្តទទួលកំហុសដោយសងខាងម៉ូតូម៉ាកC125 អស់១៥ដុល្លារ និងសងទៅអោយម៉ូតូម៉ាកនិចអស់៧៥ដុល្លារទើបបញ្ចប់បញ្ហាហើយក៏បែកផ្លូវគ្នាអស់ទៅ៕
ប្រភពអត្តបទៈ kpt