ប្រភព Postkhmerអតីតតារាសម្តែងនាង ប្រាសាទ ដាវីន និងប្តី(ស្តាំអាវខៀវ) ថតរូបជាមួយគ្រួសារមុនពេលចេញដំណើរទៅអូស្ត្រាលី។ រូបថត សហការី
ភ្នំពេញៈ អតីតតារាសម្តែងនិងជាតារាបង្ហាញម៉ូដជើងខ្លាំងវ័យក្មេងកាលពីអំឡុងពេល៦ឆ្នាំមុនដែលបានទទួលរងការគំរាមដល់ជីវិតនៅក្នុងឆ្នាំ២០០៨ ប្រាសាទ ដាវីន បានវិលមកបង្ហាញមុខលើទឹកដីកំណើតជាលើកដំបូងក្រោយការគំរាមសម្លាប់។ តែយ៉ាងណាការវិលមកកាន់ប្រទេសកម្ពុជាដោយបាននាំប្តីមកជាមួយផងនោះនាងមិនមានពេលច្រើនឡើយ ពោលគឺនាងបានវិលទៅកាន់ប្រទេសអូស្ត្រាលីវិញយ៉ាងប្រញាប់ប្រញាល់កាលពីថ្ងៃទី២២ កញ្ញាកន្លងមកនេះខណៈទស្សនិកជនវាយតម្លៃថា នាងនៅតែបារម្ភបុកពោះនឹងការវាយប្រហារណាមួយពីសំណាក់មនុស្សដែលធ្លាប់គំរាមអាយុជីវិតនាង។

កន្លងមកទាំងប្រាសាទដាវីន និងក្រុមគ្រួសាររបស់នាងបានបង្វែរការពិតថា ក្រោយទទួលរងការគំរាមសម្លាប់ពីជនមិនស្គាល់មុខក្នុងឆ្នាំ២០០៨ ប្រាសាទ ដាវីន បានទៅរស់នៅប្រទេសបារាំងជាមួយសាច់ញាតិរបស់នាង ដែលគេបានស្គាល់យ៉ាងច្បាស់ថា គឺអ្នកស្រី ស៊ុន ណារីម៉ូនីកា អតីតតារាសម្តែងនិងកំប្លែងក្រមិចក្រមើម។ ប៉ុន្តែការពិតបានបង្ហាញនៅពេលក្រោយមកថា នាងមិនបានចេញទៅរស់នៅ និងរៀនសូត្រនៅប្រទេសបារាំងដូចការលើកឡើងនោះទេ។ ផ្ទុយទៅវិញគេបានដឹងយ៉ាងច្បាស់នៅក្នុងអំឡុងពេលដែលក្រុមតារាបង្ហាញម៉ូដ Cambodia Super Models មានវត្តមានសម្តែងនៅប្រទេសអូស្ត្រាលីថា ប្រាសាទ ដាវីន បានផ្ញើរជីវិតនៅលើទឹកដីអូស្ត្រាលី មិនមែននៅប្រទេសបារាំងឡើយ។
ក្នុងការសម្តែងនៅប្រទេសអូស្ត្រាលីរបស់សមាជិកទាំង៥ដួងនៃក្រុមតារាបង្ហាញម៉ូដ Cambodia Super Model គេក៏បានឃើញវត្តមានអតីតតារាម៉ូដែលជើងខ្លាំងប្រាសាទ ដាវីន ថតរូបយ៉ាងជិតស្និទ្ធក្នុងនាមជាអ្នកសិល្បៈដូចគ្នាជាមួយតារាសម្តែង និងបង្ហាញម៉ូដ ទឹម រដ្ឋា និងសារ៉ាយ សក្ខណាផងដែរ។
តាមប្រភពនៅប្រទេសអូស្ត្រាលីបានឲ្យដឹងថា ប្រាសាទ ដាវីន បានទៅរស់នៅលើទឹកដីប្រទេសអូស្ត្រាលីរយៈពេល៣ឆ្នាំមកហើយ ដោយនាងបានទទួលសិទ្ធិជ្រកកោនក្រោយពីមានការធានាជាផ្លូវការពីគូដណ្តឹងរបស់នាងដែលជាបុរសអាណិកជនអូស្ត្រាលីនោះដែលនៅពេលនេះគេបានដឹងថា ពួកគេបានក្លាយជាប្តីប្រពន្ធស្របច្បាប់ទៅហើយ។ ប្រភពដដែលបន្តថា ក្រោយដាវីន ទៅដល់អូស្ត្រាលីនាងបានបន្តការសិក្សាដូចអ្វីដែលនាងប៉ង។
គេបានដឹងថា ក្រោយរត់គេចពីការតាមយ៉ាយីអាយុជីវិតពីសំណាក់មនុស្សមានអំណាចអស់រយៈពេល៦ឆ្នាំ ទើបតែកាលពីដើមខែកញ្ញាឆ្នាំ២០១៣នេះ ប៉ុណ្ណោះ ដែលប្រាសាទ ដាវីន ហ៊ានឈានជើងមកជាន់ទឹកដីកម្ពុជាជាថ្មីជាមួយនឹងក្តីបារម្ភនៅឡើយ ដោយនាងក៏បានបណ្តើរស្វាមីរបស់នាងជាអាណិកជនអូស្ត្រាលីមកជាមួយផង។ ទោះបីជាហ៊ានមកលេងកម្ពុជាក្តី តែដាវីនមិនសូវហ៊ានចេញមុខជាចំហឡើយ។
ជាមួយនឹងក្តីបារម្ភនោះ ប្រាសាដ ដាវីន ក៏បានវិលទៅកាន់ប្រទេសអូស្ត្រាលីវិញយ៉ាងប្រញាប់ប្រញាល់កាលពីថ្ងៃទី២២ កញ្ញាកន្លងមកនេះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារទាំងមូល។ យ៉ាងណាក្តី ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងសុំសេចក្តីលម្អិតពីក្រុមគ្រួសារនាងបានទេចំពោះវត្តមានទៅមករបស់ ប្រាសាទ ដាវីន។
គួរបញ្ជាក់ថា ក្នុងវ័យ១៧ឆ្នាំ ប្រាសាទ ដាវីនដែលមានឈ្មោះកំណើតវ៉ែន ដាវីនបានចូលប្រឡូកក្នុងវិស័យសិល្បៈតាមរយៈការប្រឡងFresheGirlក្នុងឆ្នាំ២០០៥ ដែលកាលនោះ នាងទទួលបានចំណាត់ថ្នាក់លេខ៣។ ជាមួយនឹងរាងខ្ពស់ស្រឡះរហូតដល់១,៧៥ម. តារាសម្បុរស្រអែមនិងមានទម្រង់មុខដូចនារីបស្ចិមប្រទេសរូបនេះ បានដើរលើវិថីសិល្បៈគួរឲ្យភ្ញាក់ផ្អើល ហើយអ្វីដែលជំរុញឲ្យគេស្គាល់នាងកាន់តែច្បាស់នោះ គឺតាមរយៈការថតរូបនិងការដើរបង្ហាញម៉ូដដែលនៅពេលនោះ សូម្បីតែតារាជើងចាស់មួយចំនួនក៏មិនអាចទប់ជាប់នឹងទេពកោសល្យសិល្បៈរបស់នាងដែរ។
ខណៈដែលភាពល្បីល្បាញកំពុងតែហក់ឡើងខ្ពស់នៅក្នុងឆ្នាំ២០០៨ តារារូបនេះក៏មានឱកាសបានទៅសម្តែងនៅប្រទេសបារាំង។ ស្របគ្នានឹងការចាកចេញពីប្រទេសមិនទាន់បាន១សប្តាហ៍ផង ស្រាប់តែមានជនអនាមិក បានយកគ្រាប់បែក និងគ្រាប់កាំភ្លើង ភ្ជាប់ជាមួយសំបុត្រមួយច្បាប់បោះចូលទៅក្នុងផ្ទះរបស់នាង នៅថ្ងៃទី១៦ កញ្ញា ឆ្នាំ២០០៨ ដើម្បីជាការគំរាមនិងប៉ុនប៉ងដល់អាយុជីវិតនាង និងគ្រួសារ។
ទោះបីជាមានឪពុកជាមន្ត្រីយោធាក៏ដោយក៏ភាពភ័យខ្លាចនៅតែកើតមានចំពោះប្រាសាទ ដាវីន និងក្រុមគ្រួសារដដែលហើយករណីនេះបានតម្រូវឲ្យដាវីន ត្រូវភៀសខ្លួនទៅក្រៅប្រទេសជាច្រើនឆ្នាំទើបតែនៅពេលនេះដែលនាងហ៊ានចេញមុខនៅប្រទេសអូស្ត្រាលីនិងហ៊ានវិលមកកម្ពុជាជាថ្មី។
អ្នកនៅប្រទេសអូស្ត្រាលីនិយាយថា ការរស់នៅរបស់ ប្រាសាទដាវីន មានជីវភាពធូរធារធម្មតាព្រោះនាងមានការងារធ្វើ បានទទួលការទំនុកបម្រុងពីស្វាមីនិងក្រុមគ្រួសារទាំងស្រុងហើយតារារូបនេះ ក៏ប្រហែលជាលែងចង់មករស់នៅស្រុកខ្មែរវិញដែរ ព្រោះនាងកំពុងរៀបចំគ្រួសារដ៏ល្អមួយនៅទីនោះ៕