រាជធានីភ្នំពេញ ៖ បើគិតមកត្រឹម ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ មហាបាតុកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ បានបន្តធ្វើរហូតដល់ថ្ងៃទី៣ ដូចការគ្រោងទុក ដោយនៅព្រឹកនេះ គេសង្កេតឃើញអ្វីៗហាក់
ស្ថិតនៅមានសភាពធម្មតាស្ងប់ស្ងាត់នៅឡើយ។
ចំពោះស្ថានភាពនៅទីលានប្រជាធិបតេយ្យ គេសង្កេតឃើញមានប្រជាពលរដ្ឋ រួមទាំងព្រះសង្ឃជាច្រើនម៉ឺននាក់ នៅតែបន្តធ្វើការប្រមូលផ្តុំគ្នាដើម្បីចូលរួមក្នុងមហាបាតុកម្មដែល ដឹកនាំដោយគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែចំពោះស្ថានការណ៍ គឺមានសភាពល្អប្រសើរ បន្ទាប់ពីមានកិច្ចជួបប្រជុំពិភាក្សាគ្នា រវាងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ម្សិលមិញនេះ ដោយសម្រេចប្រកាន់នូវគោលជំហរហិង្សារៀងៗខ្លួន។
នៅព្រឹកនេះផងដែរ គេសង្កេតឃើញមានក្រុមយុវជនមួយក្រុម បាននាំគ្នាយកនំប៉័ង ទឹកសុទ្ធ រួមទាំងបាយកញ្ចប់ មកចែកជូនក្រុមបាតុករ ដែលកំពុងតែប្រមូលផ្តុំគ្នាសម្រាកនៅទីលានប្រជាធិបតេយ្យ ដែលភាគច្រើនប្រជាពលរដ្ឋទាំងនោះ គឺមកពីតាមបណ្តាខេត្តនានា ។
គួរបញ្ជាក់ផងដែរថា គណបក្សសង្គ្រោះជាតិ បានប្រកាសធ្វើមហាបាតុកម្ម ចំនួន៣ថ្ងៃ គឺគិតចាប់ពីថ្ងៃទី១៥-១៦-១៧ ខែកញ្ញា ឆ្នាំ២០១៣ ប៉ុន្តែប្រជាពលរដ្ឋជាច្រើន បាននិងកំពុងទន្ទឹងរង់ចាំស្តាប់នូវការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ថាតើពួកគេនឹងត្រូវបន្តធ្វើមហាបាតុកម្មនេះតទៅថ្ងៃខាងមុខទៀត ឬក៏ត្រូវបញ្ចប់ត្រឹមថ្ងៃទី១៧ ខែកញ្ញា នេះ៕