កម្លាំងសមត្ថកិច្ចចម្រុះ ត្រៀមខ្លួនជាស្រេច ក្នុងការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅអំទ្បុងមហាបាតុកម្មអហិង្សាលើកទី២ របស់គណបក្សសង្គ្រោះជាតិ ដែលគ្រោងធ្វើចាប់ពីថ្ងៃទី១៥ ដល់១៧ ខែកញ្ញា នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ ប្រាប់ VOD នៅព្រឹកថ្ងៃពុធនេះថា សមត្ថកិច្ច កងរាជអាវុធហត្ថ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបង្ការមិនឲ្យមានការផ្ទុះហិង្សាណាមួយ ក្នុងអំទ្បុងមហាបាតុកម្មអហិង្សា ដែលបន្តទាមទារឲ្យបង្កើតគណៈកម្មការឯករាជ្យ ដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត។
លោកបន្តថា កងរាជអាវុធហត្ថ បានត្រៀមរថយន្តពន្លត់អគ្គិភ័យ រថយន្តសង្គ្រោះបន្ទាន់ និងឧបករណ៍ទប់ស្កាត់ សម្រាប់គ្រប់កាលៈទេសៈ។ កម្លាំងកងរាជធអាវុធហត្ថ នឹងត្រូវដាក់ពង្រាយនៅតាមទីតាំងសំខាន់ៗ និងទីកន្លែងដែលបាតុករប្រមូលផ្តុំ ៖
ទោះយ៉ាងណា លោក ខេង ទីតូ ឲ្យដឹងថា សមត្ថកិច្ចមិនអាចធានាសន្តិសុខផ្ទាល់ខ្លួនរបស់បាតុករ ដែលគ្រោងបោះជំរុំទាំងយប់ ទាំងថ្ងៃនៅទីលានប្រជាធិបតេយ្យទ្បើយ។

ចំណែក អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ថា កម្លាំងនគរបាលក៏ត្រៀមខ្លួនរួចរាល់ដែរ។ លោកយល់ថា ប្រសិនបើបាតុករគ្រាន់តែតាំងសមាធិ និងមិនដង្ហែក្បួននោះ កម្លាំងសមត្ថកិច្ចអាចការពារសន្តិសុខបានល្អ ដូចកាលពីមហាបាតុកម្មលើកទីមួយ ៖
លិខិតជូនដំណឹងគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី១០ ខែកញ្ញា ផ្ញើជូនសាលារាជធានីភ្នំពេញ ឲ្យដឹងថា មហាបាតុកម្មអហិង្សា ចាប់ផ្តើមនៅម៉ោង៧ព្រឹក ពីថ្ងៃថ្ងៃទី១៥ រហូតដល់ថ្ងៃ ទី១៧ ខែកញ្ញា។ កម្មវិធីមហាបាតុកម្ម មានដូចជា ការសំដែងមតិរបស់បាតុករ ការសម្តែងសិល្បៈ ចម្រៀង និងការបញ្ចាំងខ្សែភាពយន្តឯកសារ ការអង្គុយស្ងៀមស្ងាត់ ព្រមទាំងការស្នាក់នៅ នៅលើទីលានប្រជាធិបតេយ្យ។
គួររំលឹកថា មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិលើកទីមួយ កាលពីថ្ងៃសៅរ៍ ទី៧ខែកញ្ញា ដែលដឹកនាំដោយប្រធាន និងអនុប្រធានគណបក្ស លោក សម រង្ស៊ី និងលោក កឹម សុខា មានអ្នកចូលរួមជាង៣ម៉ឺននាក់។ មហាបាតុកម្មនេះបានប្រព្រឹត្តទៅដោយសន្តិវិធី៕
សូមសរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com