ភ្នំពេញ៖ មន្រ្តីនគរបាលម្នាក់ បានរងរបួសបាក់ជើងខាងឆ្វេងម្ខាង ដោយសារ
គ្រោះថ្នាក់ចរាចរណ៍ មួយដែលបង្ក ឡើងដោយសាររថយន្ត ម៉ាកឡិចស៊ីស RX470 បើកបុកនៅ ចំណុចផ្លូវ២១៧ ហៅផ្លូវចំការដូង នៅមុខខារ៉ាអូខេឌីយ៉ាម៉ង់ ស្ថិតក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង ២០និង៥០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣។
យោងតាមសេចក្តីរាយការណ៍ព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ឡិចស៊ីស RX470 មួយគ្រឿងពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2O-0083 បើកបរដោយបុរសម្នាក់ រួមជាក្រុម គ្រួសារ បាននាំគ្នាធ្វើដំណើរ តាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ដោយបានបើកយ៉ាងលឿន បណ្តាលឲ្យរេចង្កូតជ្រុល ទៅបុកម៉ូតូអេស អិល ពណ៌ស ពាក់ស្លាកលេខ នគរបាល 1-9596 ជិះដោយ បុរសម្នាក់ជាមន្រ្តីនគរបាលមួយរូប ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យបុរសជាម្ចាស់ ម៉ូតូនោះដួលបោក ខ្លួនទៅនឹងថ្នល់ រងរបួសបាក់ជើងឆ្វេងម្ខាង។ ចំណែករថយន្ត និងម៉ូតូត្រូវរងការខូចខាតទាំងសងខាង។
សូមបញ្ជាក់ថា ជនរងគ្រោះក្នុងហេតុការណ៍ខាងលើនេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសាររូបគេរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ដោយឡែករថយន្តបង្ក និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញ ចុះវាស់វែង អូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំ ដោះស្រាយតាមនីតិវិធីច្បាប់៕
ដកស្រង់ពី : ដើមអំពិល