iOS 7 គឺប្រព័ន្ធប្រតិបត្តិការ iOS កំណែចុងក្រោយដែលត្រូវបានរចនាឡើងជាមួយរូបរាងយ៉ាងស្រស់ស្អាត និងស្ទើរតែខុសគ្នាទាំងស្រុងទៅនឹង iOS 6 ។ យ៉ាងណាមិញបន្ទាប់ពីក្រុមហ៊ុន Apple បានប្រកាសចេញកំណែ iOS 7 Beta 1 រហូតដល់ iOS 7 Beta 6 មានព័ត៌មានខ្លះ បានចេញផ្សាយថា iOS 7 Beta 7 នឹងត្រូវប្រកាសចេញនាពេលឆាប់ៗនៅក្នុងខែនេះ ប៉ុន្តែរហូតមកដល់ពេលនេះ iOS Beta 7 មិនទាន់ត្រូវបានក្រុមហ៊ុន Apple ប្រកាសចេញនៅឡើយទេ ហើយក៏គ្មានអ្នក develper ណាមួយបានអះអាងថា ក្រុមហ៊ុននឹងប្រកាសចេញផងដែរ ។

ខុសពីព័ត៌មាន iOS 7 Beta ដែលសុទ្ធតែជាកំណែសម្រាប់អ្នក developers ពេលនេះយើងទើបទទួលបាននូវព័ត៌មានថ្មីថា ប្រព័ន្ធប្រតិបត្តិការថ្មី iOS 7 នឹងត្រូវដាក់ចេញឲ្យទាញយកជាសាធារណៈនាថ្ងៃទី ១០ ខែ កញ្ញា ដ៏ឆាប់ៗខាងមុខនេះហើយ គឺស្របពេលដែលទូរស័ព្ទទំនើប iPhone 5 S និង iPhone 5C ប្រកាសចេញដែរ ។ អ្នក developer ម្នាក់ឈ្មោះ Owen Willian បានទទួលអ៊ីមែលមួយដែលបានចង្អុលឲ្យដឹងថា ប្រព័ន្ធប្រតិបត្តិការថ្មី iOS 7 អាចនឹងត្រូវប្រកាសចេញជាសាធារណៈសម្រាប់មនុស្សទូទៅនាថ្ងៃទី ១០ ខែ កញ្ញា ។ អ៊ីមែលដែលលោក Owen ទទួលបានត្រូវបានផ្ញើចេញពីក្រុមហ៊ុន Nuance ដែលមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមហ៊ុន Apple ។

តាមរយៈអ៊ីមែលដែលទទួលបានពីក្រុមហ៊ុន Nuance គេជឿជាក់យ៉ាងច្បាស់ថា ប្រព័ន្ធប្រតិបត្តិការថ្មី iOS 7 នឹងត្រូវប្រកាសចេញនាថ្ងៃទី ១០ ខែ កញ្ញា យ៉ាងពិតប្រាកដ ។ ដូច្នេះការទន្ទឹងរង់ចាំរបស់ប្រិយមិត្តក្នុងការចង់បាននូវបទ ពិសោធន៍ថ្មីតាមរយៈ iOS 7 នឹងមិននៅយូរទៀតទេ ។
សូមបញ្ជាក់ថា ថ្វីបើប្រព័ន្ធប្រតិបត្តិការ iOS 7 នឹងត្រូវដាក់ចេញជាសាធារណៈនាថ្ងៃទី ១០ ខែ កញ្ញា ប៉ុន្តែយ៉ាងហោចណាស់ក៏នៅសល់ជាង ១០ ថ្ងៃទៀតដែរ ដូច្នេះក្រុមហ៊ុន Apple ក៏អាចនឹងបន្តដាក់ចេញនូវកំណែ iOS 7 Beta 7 សម្រាប់អ្នក developers មុនថ្ងៃដាក់ជាសាធារណៈសម្រាប់មនុស្សទូទៅផងដែរ ៕
ប្រភព: ពពក