
មេដឹកនាំ គណបក្សសង្គ្រោះជាតិ (CNRP) នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រកាសជំហរទទួលស្គាល់លទ្ធផលបោះឆ្នោត បើភាពមិនប្រក្រតីនៃការបោះឆ្នោត ត្រូវបានដោះស្រាយ ត្រឹមត្រូវ ដោយគណៈកម្មការឯករាជ្យមួយ បើទោះជាលទ្ធផលបង្ហាញថា គណបក្សនេះឈ្នះឬចាញ់ឆ្នោតក៏ដោយ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងក្នុងសន្និសីទសារព័ត៌មានថា គណបក្សបាត់បង់ជំនឿចិត្តទាំងស្រុង ទៅលើនីតិវិធីដោះស្រាយបណ្តឹងតវ៉ា របស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រុមប្រឹក្សាធម្មនុញ្ញ។ យ៉ាងណាក៏ដោយ លោក សម រង្ស៊ី អះអាងថា ប្រសិនបើ ការចរចារវាងគណបក្សលោក និងគណបក្សប្រជាជនកម្ពុជា សម្រេចបង្កើតគណៈកម្មការឯករាជ្យមួយនេះ គណបក្សសង្គ្រោះជាតិ នឹងគោរពតាមលទ្ធផលបោះឆ្នោត ដែលរកឃើញដោយគណៈកម្មការចម្រុះ ៖
លោក សម រង្ស៊ី ក៏ជំរុញឲ្យមេដឹកនាំគណបក្សប្រជាជនកម្ពុជា សហការនិងទទួលស្គាល់ លទ្ធផលបោះឆ្នោត ដោយផ្ទេរអំណាចដោយសន្តិវិធី ប្រសិនបើរកឃើញថា គណបក្សខ្លួនចាញ់ឆ្នោត។
កាលពីថ្ងៃពុធម្សិលមិញនេះ គណបក្សសង្គ្រោះជាតិ បានស្នើជាថ្មីម្តងទៀតទៅគណបក្សប្រជាជនកម្ពុជា ចូលរួមតុចរចា ដើម្បីបង្កើតគណៈកម្មការពិសេសមួយ ដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត ដោយបញ្ជូនតំណាងដែលមានសិទ្ធិសម្រេច ដើម្បីបង្ហាញពីតម្លាភាព និងយុត្តិធម៌ដល់ម្ចាស់ឆ្នោត។ គណបក្សសង្គ្រោះជាតិ ក៏បានព្រមានថា ប្រសិនបើមិនមានដំណោះស្រាយសម្រាប់បង្កើតគណៈកម្មការនេះ ជម្រើសចុងក្រោយ គឺការធ្វើមហាបាតុកម្មប្រឆាំង លទ្ធផលបោះឆ្នោត នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣។
សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ឲ្យដឹងថា ថា្នក់ដឹកនាំគណបក្សប្រជាជនកម្ពុជា កំពុងប្រជុំ សម្រេចលើសំណើចរចារបស់គណបក្សសង្គ្រោះជាតិ ៖
គួរបញ្ជាក់ថា តំណាងគណបក្សធំៗទាំងពីរ ធ្លាប់បានជួបចរចា បីលើកមកហើយ ពាក់ព័ន្ធនឹងសំណើរបស់គណបក្សសង្គ្រោះជាតិ ដែលទាមទារឲ្យមានការបង្កើត គណៈកម្មការចម្រុះស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ដោយមានអង្គការសហប្រជាជាតិ ជាអាជ្ញាកណ្តាល ប៉ុន្តែត្រូវបានគណបក្សប្រជាជនកម្ពុជា ច្រានចោល៕
សូមសរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com