មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អះអាងថា ខ្លួនកំពុងបន្តចរចាជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជា ចំពោះសំណើរទាមទារសមាសភាពអង្គការសហប្រជាជាតិ ជាអាជ្ញាកណ្តាល ក្នុងគណៈកម្មការចម្រុះត្រួតពិនិត្យភាពមិនប្រក្រតីនៃការបោះឆ្នោត។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យដឹងថា គណបក្សសង្គ្រោះជាតិ នឹងទុកពេលឲ្យ គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា ពិចារណារឿងនេះ។ លោក អះអាងថា យុត្តិធម៌នឹងមិនអាចមានឡើយ ប្រសិនបើទុកឲ្យ គ.ជ.ប និង គណបក្សប្រជាជនកម្ពុជា ជាអ្នកដោះស្រាយបញ្ហានេះនោះ ៖
“យើងកំពុងចរចាហើយតើ ពីព្រោះយើងចង់បានអាជ្ញាកណ្ដាល អង្គការសហប្រជាជាតិ ហើយនឹង គ.ជ.ប ជាអ្នកសម្របសម្រួល បើទុកឲ្យ គជប ដោះស្រាយគណបក្សប្រជាជនដោះស្រាយ គឺមិនអាចរកយុត្ដិធម៌ជូនប្រជាជនបានទេ ពីព្រោះគាត់ទាំងពីគឺជាផ្នែកនៃបញ្ហា មិនមែនជាផ្នែកនៃដំណោះស្រាយទេ យើងរងចាំមើលសិនទៅ ពីព្រោះរឿងនេះគឺថា កំពុងតែដំណើរការទៅហើយ កំពុងតែទុកពេលវេលាឲ្យគណបក្សប្រជាជន និង គ.ជ.ប ជាអ្នកគិត” ។ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា អះអាងថា មិនមានការប្រជុំជាថ្មីលើសំណើរនេះឡើយ ដោយហេតុថា គណបក្សសង្គ្រោះជាតិ បានបដិ សេធចូលរួមកាលពីថ្ងៃចន្ទ ហេតុដូចនេះ គ.ជ.ប នឹងបន្តអនុវត្តការងារទៅតាមច្បាប់ និងប្រតិទិនដែលបានកំណត់ ៖
“ថ្ងៃមុនជជែកគ្នាថា បង្កើតក្រុមការងារមួយហើយ គាត់ដកថយទៅវិញអញ្ចឹងទេ ដូចជា អត់មានអីនេះ ព្រោះគាត់បានដកថយ គាត់ថាមិនទាន់ចូលប្រជុំ អញ្ចឹងទេអត់មានការជជែកគ្នាឡើងវិញទេ ដូចខ្ញុំជម្រាបអញ្ចឹង យើងរងចាំការសម្រេចរបស់គាត់ ទន្ទឹមនឹងនេះ គជប អនុវត្ដការងារខ្លួន មកតាមច្បាប់ តាមនីតិវិធីប្រតិទិនរបស់ខ្លួន” ។ នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់និចហ្វិច លោក ហង្ស ពុទ្ធា យល់ថា ករណីនៅតែមានបញ្ហាផ្ទៃក្នុង មិនទុកចិត្តគ្នាក្រោយពីបោះឆ្នោតហើយបែបនេះ គឺអាចបង្កនូវមានអសន្តិសុខដល់សង្គម និងពលរដ្ឋ។ លោកថា ជម្រើសដ៏ល្អនោះ គឺគប្បីស្នើឲ្យមានសមាសភាពអង្គការសហប្រជាជាតិ ចូលរួមដោះស្រាយបញ្ហានេះ ព្រោះកម្ពុជាក៏ជាសមាជិកនៃអង្គការអន្តរជាតិឯករាជ្យនេះ ៖
“ខ្ញុំគិតថា បញ្ហាដែលកើតមានឡើង នៅពេលដែលបញ្ហាផ្ទៃក្នុងមិនត្រូវបានដោះស្រាយគឺមានតែរកភាគីផ្សេងទៀត ដូចជាអង្គការសហប្រជាជាតិ ព្រោះថាកម្ពុជាក៏ជាប្រទេស សមាជិករបស់អង្គការសហប្រជាជាតិដែរ ដូច្នេះគួរតែព្រមយកនៅអ្វីដែលជាសំណើរ អង្គការសហប្រជាជាតិហ្នឹង មិនលម្អៀងអ្វីទេ សម្រាប់កម្ពុជា អញ្ចឹងខ្ញុំគិតថា ជាមធ្យោបាយល្អ បើសិនជា ផ្ដល់ឱកាសដល់អង្គការសហប្រជាជាតិ” ។ កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា សមាជិកតំណាងរាស្ត្រគណបក្សប្រឆាំង នឹងមិនចូលរួមប្រជុំសភានៅថ្ងៃដំបូង ជាដាច់ខាត ប្រសិនបើ ពុំមានដំណោះស្រាយសមរម្យលើភាពមិនប្រក្រតីនៃការបោះឆ្នោត។
ប៉ុន្តែ កាលពីថ្ងៃទី២ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការមិនចូលរួមប្រជុំរដ្ឋសភារបស់គណបក្សប្រឆាំង គឺជារឿងរបស់គេ។ នាយករដ្ឋមន្ត្រីបន្តថា បើសិនជាគណបក្សប្រឆាំង មិនចូលរួមប្រជុំរដ្ឋសភា លើកដំបូង មានន័យថា តំណាងរាស្ត្រនោះ ប្រឆាំងនឹងព្រះមហាក្សត្រ ព្រោះរដ្ឋធម្មនុញ្ញ បានកំណត់ថា ព្រះមហាក្សត្រត្រូវកោះប្រជុំរដ្ឋសភា នីតិកាលថ្មី នៅរយៈពេលយ៉ាងយូរ ៦០ថ្ងៃ ក្រោយថ្ងៃបោះឆ្នោត។ ដូច្នេះអ្នកមិនចូលរួមប្រជុំ គឺប្រឆាំងនឹងព្រះមហាក្សត្រ និងឆន្ទៈរបស់រាស្ត្រ ដែលបានបោះឆ្នោតឲ្យ។ លោកនាយករដ្ឋមន្ត្រី បន្តថា បើសិនជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនចូលរួម ហើយលាលែង គ.ជ.ប នឹងយកអាសនៈនោះ ទៅឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះនៅក្នុងរដ្ឋសភា៕
ប្រភព: VOD