កណ្តាល : តាមចសចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ បានឲ្យដឹងថា មានស្បៃមុង ក្រឡាញឹកជាច្រើន ត្រូវបានក្រុម ជនជាតិវៀតណាម យកទៅដាក់ពេញផ្ទៃទឹកបឹងទន្លេ ស្ថិតក្នុងឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមិន មានឃើញមន្រ្តីមានសមត្ថកិច្ច ផ្នែកណាមួយចុះបង្រ្កាបឡើយ ។
សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា ការមានស្បៃមុងក្រឡាញឹក រាយពេញទន្លេនេះ គឺក្រុមឈ្មួញធ្វើការនេសាទ ដើម្បីយកកូនត្រីល្អិត ទៅផ្គត់ផ្គង់ដល់ស្រះចិញ្ចឹមត្រីឆ្តោរ នៅក្នុងឃុំគគីរធំនេះ មានរាប់រយស្រះ។
សេចក្តីរាយការណ៍បន្តថា ជារៀងរាល់ថ្ងៃ ឃើញមានឈ្មួញជាជនជាតិវៀតណាម ជាស្រ្តីម្នាក់ ឈ្មោះ ឡេ ធីម៉េ តែងតែយកកូនត្រីល្អិតៗ រាប់តោន មកលក់ឲ្យម្ចាស់ស្រះត្រីឆ្តោរ នៅក្នុងឃុំគគីរធំថែមទៀតផងដែរ។
ពាក់ព័ន្ឋករណីបទល្មើសនេសាទ ក្នុងរដូវហាមឃាត់នេះ លោក ជឿង វិសិដ្ឋ នាយសង្កាត់រដ្ឋបាលជលផល ស្រុកកៀនស្វាយ បាននិយាយ ដោះសារថា មិនទាន់ទទួលបញ្ជាពីថ្នាក់លើ ឲ្យចុះបង្រ្កាបនៅឡើយទេ។
សូមបញ្ជាក់ថា នៅក្នុងឃុំគគីរធំមួយ មានស្រះចិញ្ចឹមត្រីឆ្តោរ ប្រមាណ ៣០០ស្រះ ឯណោះ នេះនៅមិនទាន់ គិតដល់បែក្នុងទន្លេផងទេ ៕



ប្រភពពី
ដើមអម្ពិល