ទស្សនិកជន មិត្ត​សិល្បករ សិល្បការិនី សម្ដែង​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​​​ដឹង​​ថា​កញ្ញា ព្រីម លីហ្សា​ ឈ្នះ​​ពាន​ផ្នែក​​​ប្រជាប្រិយភាព​ពី​កម្មវិធី​អាណាចក្រតារា​ឆ្នាំ​២០១៣។ តើ​​មូលហេតុ​អ្វី​បាន​ជា​​តារា​សម្ដែង sexy រូប​នេះ​ទទួល​បាន​ពាន​អាណាចក្រ​តារា?
ព្រឹក​នេះ​កញ្ញា ព្រីម លីហ្សា បាន​ចូល​ខ្លួន​មក​បក​ស្រាយ​រាល់​ចម្ងល់​ ក៏​ដូច​ជា​ការ​រិះគន់​​ទាំង​ឡាយ​ជុំ​វិញ​ កញ្ញា​ទទួល​ពាន​​ផ្នែក​ប្រជាប្រិយភាព​ពី​កម្មវិធី​អាណាចក្រ​តារា​ឆ្នាំ​២០១៣​នេះ។ ខាង​ក្រោម​គឺ​ជា​បទ​សម្ភាសន៍​ផ្ទាល់​រវាង​ sabay និង​កញ្ញា ព្រីម លីហ្សា។
ព្រីម លីហ្សា ក្នុង​ថ្ងៃ​ទទួល​ពាន​អាណាចក្រតារា
Sabay៖ បន្ទាប់​ពី​កញ្ញា ព្រីម លីហ្សា ទទួល​ពាន​អាណាចក្រ​តារា​ឆ្នាំ​២០១៣​ផ្នែក​តារា​សម្ដែង​​ប្រជាប្រិយភាព​កន្លង ​ទៅ​ថ្មីៗ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​និយាយ​ថា​ លីហ្សា មិន​សក្ដិសម​នឹង​ទទួល​ពាន​នេះ​ទេ តើ​ លីហ្សា មាន​អ្វី​ចង់​បក​ស្រាយ?
លីហ្សា៖ ខ្ញុំ​ទទួល​ស្គាល់​ថា​ទេពកោសល្យ​ នៃ​ការ​សម្ដែង​របស់​ខ្ញុំ​នៅ​មាន​កម្រិត ក៏​ប៉ុន្តែ​ពាន​ដែល​ខ្ញុំ​ទទួល​បាន​នេះ​មិន​មែន​ជា​ពាន​ទេពកោសល្យ​ទេ ​គឺ​ពាន​ផ្នែក​ប្រជាប្រិយភាព​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​តាម​រយៈ ​ការ​បោះ​ឆ្នោត។ បណ្ដាញ​សារព័ត៌មាន​ ក៏​ដូច​ជា​ពិធីករ​បាន​ប្រកាស​រួច​ថា​ពាន​នេះ​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ពី​ មហាជន អ្នក​គាំទ្រ​របស់​ខ្ញុំ​គេ​បោះ​ឆ្នោត​ឱ្យ​ខ្ញុំ​ជាប់ ឱ្យ​ខ្ញុំ​បដិសេធន៍​មិន​យក​ឬ​យ៉ាង​ណា។
Sabay៖ តើ​កញ្ញា ព្រីម លីហ្សា មាន​វិធីសាស្ត្រ​បែប​ណា​ដើម្បី​ឱ្យ​ Fans បោះ​ឆ្នោត​គាំទ្រ​ច្រើន​លើសលប់​បែប​នេះ?
លីហ្សា៖ ខ្ញុំ​បាន​ដឹង​ព័ត៌មាន​នៅ​តាម website កាសែត និង​ទស្សនាវដ្ដី​នានា​ទាក់ទង​ទៅ​នឹង​​កម្មវិធី​អាណាចក្រ​តារា។ ដូច្នេះ​ហើយ​នៅ​​មុន​​មួយ​ខែ​ពេល​កម្មវិធី​​នេះ​ចាប់​ផ្ដើម​ខ្ញុំ​បាន​សរសេរ ​សារ​នៅ​លើ​ wall Facebook របស់​ខ្ញុំ​ដោយ​ស្នើ​ទៅ​ដល់​អ្នក​គាំទ្រ​ខ្ញុំ​សុំ​ឱ្យ​ពួកគាត់​ជួយ​គាំទ្រ​ ខ្ញុំ​នៅ​ក្នុង​កម្មវិធី​នេះ។ ពេល​កម្មវិធី​អាណាចក្រ​តារា​​ដាក់​ឱ្យ​មហាជន​បោះ​ឆ្នោត​គាំទ្រ​រយៈ​ពេល​បី​ ខែ​គឺ​ខ្ញុំ​បាន​លះបង់​ខ្ពស់​ណាស់។ ជា​រៀងរាល់​ថ្ងៃ​ខ្ញុំ​​តែង​សរសេរ​​សារ​នៅ​លើ​ wall របស់​ខ្ញុំ​​ដដែលៗ​សុំ​ឱ្យ​គេ​ជួយ​​បោះ​ឆ្នោត​គាំទ្រ។
ម្យ៉ាង​ទៀត​នៅ​ពេល​ខ្ញុំ​នាំ​យក​អំណោយ​ជួយ​ដល់​សិស្ស​សាលា​ក្រីក្រ​មួយ ​ចំនួន​ខ្ញុំ​តែង​ទៅ​សំពះ​សុំ​ពួកគាត់​ឱ្យ​ចូល​ទៅ​ក្នុង​ website អាណាចក្រ​តារា​មើល​លេខ​កូដ​របស់​ខ្ញុំ​ដើម្បី​បោះ​ឆ្នោត​គាំទ្រ។ ខ្ញុំខំ​ប្រឹង​ណាស់​ដើម្បី​គេ​បោះ​ឆ្នោត​គាំទ្រ​ខ្ញុំ មិន​មែន​សុខៗ​មនុស្ស​ម្នាក់​មក​បោះ​ឆ្នោត​គាំទ្រ​ខ្ញុំ​ឯ​ណា លុះ​ត្រា​តែ​យើង​មាន​អ្វី​មួយ​និយាយ​ទៅ​កាន់​គេ​ដែរ​បាន​គេ​ជួយ​ផ្ញើសារ​មួយ ​ ឬ​​ច្រើន​ទៅ​កាន់​យើង។
ខ្ញុំ​លើក​ហេតុផល​មួយ​ប្រៀប​ដូច​ជា​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ទើប​ចប់​ កាល​ពី​ពេល​ថ្មីៗ​ចឹង សួរ​ថា​អ្នក​តំណាង​រាស្ត្រ​មួយ​រូប​ចង់​ជាប់​ឆ្នោត​​ដោយ​គាត់​អង្គុយ​​នៅ​តែ ​មួយ​កន្លែង​ដោយ​ចាំ​ឱ្យ​ប្រជាជន​មក​បោះ​ឆ្នោត​ឱ្យ​ សួរ​ថា​តើ​ប្រជាជន​គាត់​​បោះ​ឆ្នោត​​ឱ្យ​ទេ បើ​​គាត់​មិន​ដែល​ស្គាល់​មុខ មិន​ដែល​និយាយ​អ្វី​ទៅ​កាន់​គាត់​បន្តិច​ផង​នោះ។
Sabay៖ មាន​ដំណឹង​លេច​លឺ​ថា​ កញ្ញា ព្រីម លីហ្សា បាន​ទិញ​ស៊ីម​ទូរស័ព្ទ​ជា​ច្រើន​ដើម្បី​ឱ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ជួយ​បោះ​ឆ្នោត​គាំទ្រ តើ​នេះ​ជា​ការ​ពិត​ឬ​យ៉ាង​ណា?
លីហ្សា៖ ខ្ញុំ​សុំ​បដិសេធន៍​ទាំង​ស្រុង​ចំពោះ​ព័ត៌មាន​នេះ​ ខ្ញុំ​គ្រាន់​តែ​ប្រាប់​ទៅ​បងប្អូន​របស់​ខ្ញុំ និង​អ្នក​គាំទ្រ​ របស់​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ​ឱ្យ​ពួកគេ​ជួយ​បោះ​ឆ្នោត​ឱ្យ​ខ្ញុំ​តែ​ ប៉ុណ្ណោះ​មិន​បាន​ទៅ​ទិញ​ស៊ីម​ឱ្យ​អ្នក​ណា​បោះ​ឆ្នោត​គាំទ្រ​នោះ​ទេ។ បើ​ទោះ​ជា​ខ្ញុំ​ទិញ​ស៊ីម​ឱ្យ​គេ​បោះ​ឆ្នោត​ឱ្យ​ក៏​ដោយ បើ​គេ​មិន​ពេញ​ចិត្ត​យើង​ផង​សួរ​ថា​តើ​អ្នក​ណា​បោះ​ឆ្នោត​ឱ្យ​យើង។ គេ​អាច​ទិញ​អ្វីៗ​បាន​ប៉ុន្តែ​មិន​អាច​ទិញ​ទឹក​ចិត្ត​មនុស្ស​បាន​ទេ។
Sabay៖ លីហ្សា ថ្មីៗ​នេះ​ដែរ​មាន​សិល្បការិនី​មួយ​ចំនួន​បាន​ច្រណែន និង​រិះគន់​មិន​តិច​ទេ​ចំពោះ​អ្វី​ដែល​កញ្ញា​ទទួល​បាន​ពាន​នេះ ខណៈ​កេរ្តិ៍ឈ្មោះ​របស់​កញ្ញា​ហាក់​មិន​មាន​គេ​ស្គាល់​ច្រើន​ទេ​នៅ​ក្នុង​ ពិភព​សិល្បៈ តើ​លីហ្សា​ មាន​សារ​អ្វី​ផ្ញើរ​ទៅ​កាន់​ពួកគាត់​វិញ​ទេ?
លីហ្សា៖ ដូច​ខ្ញុំ​បាន​បញ្ជាក់​នៅ​ខាង​ដើម​ចឹង ថា​ខ្ញុំ​ទទួល​ការ​រិះគន់​ទាំង​ឡាយ​ពី​មិត្ត​សិល្បករ​ទាំង ​ឡាយ ក៏​ប៉ុន្តែ​គួរ​ណា​តែ​សួរ​ខ្លួន​ឯង​សិន​មុន​នឹង​ធ្វើ​ការ​រិះគន់​ទៅ​កាន់​ នរណា​ម្នាក់​ថា​តើ​យើង​បាន​ធ្វើ​អ្វី​ខ្លះ​​ចំពោះ​អ្នក​គាំទ្រ​របស់​ខ្លួន​ អំឡុង​កម្មវិធី​អាណាចក្រ​តារា​ដាក់​ឱ្យ​​បោះ​ឆ្នោត​រយៈ​ពេល​បី​ខែ។
មាន​បាន​ប្រាប់​ Fans ក្នុង​ Facebook ឬ​បងប្អូន​​សាច់​ញាតិ​ឱ្យ​គេ​បោះ​ឆ្នោត​គាំទ្រ​ឱ្យ​ឬ​ទេ ឬ​មួយ​គិត​ថា​ ខ្លួន​ឯង​ល្បី​ហើយ​ចាំ​តែ​លើក​ពាន។ ខ្ញុំ​សូម​បញ្ជាក់​ថា ​នេះ​ជា​ពាន​ផ្នែក​ប្រជាប្រិយភាព​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​គាំទ្រ​របស់​ មហាជន បើ​យើង​មិន​​ទៅ​រក​គេ​ តើ​យើង​ធ្វើ​យ៉ាង​ម៉េច​​ឱ្យ​គេ​បោះ​ឆ្នោត​ឱ្យ​យើង​កើត ហើយ​ចេះ​តែ​គិត​ថា​អយុត្តិធម៌ៗ។ គេ​មាន​ក្រុម​ហ៊ុន​ស្តង់ដារ​ត្រួត​ពិនិត្យ​មក​ពី​ប្រទេស​អង់គ្លេស​ច្បាស់​ លាស់ ហើយ​​ប្រសិន​ណា​បើ​អ្នក​ឯង​មាន​គេ​បោះ​ឆ្នោត​គាំទ្រ​ច្រើន​មែន​នោះ​ប្រាកដ​ ជា​ជាប់​មិន​ខាន។
Sabay៖ តើ​កញ្ញា ព្រីម លីហ្សា មាន​យុទ្ធសាស្ត្រ​ដូច​ម្ដេច​ទៀត​ដើម្បី​រក្សា​ពាន​នេះ​នៅ​ឆ្នាំ​ក្រោយ ហើយ​រំពឹង​ថា​នឹង​ទទួល​​បាន​ពាន​នេះ​តទៅ​ទៀត​ទេ​ប្រសិន​ណា​បើ​អាណាចក្រ​តារា ​ឆ្នាំ​២០១៤​បន្ត?
លីហ្សា៖ ការ​ឈ្នះ​ចាញ់​មិន​សំខាន់​ទេ ហើយ​ខ្ញុំ​ក៏​មិន​ទាន់​រំពឹង​ថា​ នឹង​អាច​ទទួល​បាន​ពាន​នេះ ​ជា​ថ្មី​ឬ​យ៉ាង​នោះ​ទេ​នៅ​ឆ្នាំ​ក្រោយ ក៏​ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម​បន្ថែម​ទៀត​​ជា​មួយ​អ្នក​គាំទ្រ​របស់​ខ្ញុំ​ នៅ​តាម​ Facebook ក៏​ដូច​ជា​នៅ​ខាង​ក្រៅ។
Sabay៖ បន្ទាប់​ពី​ទទួល​ពាន​នេះ​ហើយ​កញ្ញា ព្រីម លីហ្សា រំពឹង​ថា​នឹង​​ទទួល​ទីផ្សារ​ខ្ពស់​ឬ​យ៉ាង​ណា?
លីហ្សា៖ ខ្ញុំ​គិត​ថា​នឹង​កើន​ឡើង​ព្រោះ​គ្រាន់​តែ​ ទទួល​​បាន​ពាន​រហូត​មក​ទល់​នឹង​ពេល​នេះ​មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​ទាក់ទង​ ​មក​ខ្ញុំ​ជា​បន្តបន្ទាប់។
Sabay៖ ជា​ចុង​ក្រោយ​កញ្ញា ព្រីម លីហ្សា មាន​អ្វី​ចង់​បន្ថែម​ទាក់ទង​ទៅ​នឹង​ការ​ទទួល​បាន​ពាន​របស់​ខ្លួន​ក៏​ដូច​ជា​កម្មវិធី​អាណាចក្រ​តារា​ឆ្នាំ​២០១៣​នេះ?
លីហ្សា៖ ខ្ញុំ​គ្មាន​ពាក្យពេចន៍​អ្វី​ក្រៅ​តែ​ពី​អរគុណ​ដល់​ទស្សនិកជន ជា​ពិសេស​ Fans ក្នុង​ Facebook របស់​ខ្ញុំ​ដែល​បាន​ជួយ​បោះ​ឆ្នោត​គាំទ្រ​ខ្ញុំ​រហូត​ដល់​ខ្ញុំ​ទទួល​បាន​​ អាណាចក្រ​តារា​នេះ ហើយ​ក៏​សូម​អរគុណ​ដល់​កម្មវិធី​អាណាចក្រ​តារា​ដែរ ​ ដែល​បាន​ដាក់​បញ្ចូល​ឈ្មោះ​របស់​ខ្ញុំ​​ជា​បេក្ខភាព​ប្រកួតប្រជែង​ក្នុង​ កម្មវិធី​នេះ។ ម្យ៉ាង​ទៀត​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​អ្នក​រិះគន់​ខ្ញុំ​ទាំង​ឡាយ​ផង​ដែរ​ដែល​ បាន​ធ្វើ​ការ​រិះគន់​កន្លង​មក។ ខ្ញុំ​គ្រាន់​តែ​មាន​ពាក្យ​ខ្លី​មួយ​ម៉ាត់​ទៅ​កាន់​មិត្ត​សិល្បករ​ថា​ប្រសិន ​ណា​បើ​ចង់​ឈ្នះ​ពាន​ប្រជាប្រិយភាព​នេះ​ត្រូវ​តែ​ពង្រឹង​អ្នក​គាំទ្រ​របស់​ ខ្លួន ហើយ​ស្នើសុំ​ឱ្យ​ពួកគេ​ជួយ​បោះ​ឆ្នោត​ឱ្យ​ប្រសិន​បើ​អាណាចក្រ​តារា​រៀបចំ​នៅ ​ឆ្នាំ​២០១៤​ខាង​មុខ។
នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​តារា​សម្ដែង​ sexy ព្រីម លីហ្សា ទទួល ​ពាន​​ជា​តារា​សម្ដែង​មាន​ប្រជាប្រិយភាព​ពី​កម្មវិធី​អាណាចក្រ​តារា។ ក្រៅ​ពី​ទទួល​ពាន​ក្នុង​ស្រុក​ជា​លើក​ដំបូង​នេះ​កញ្ញា​ក៏​ធ្លាប់​ទទួល​បាន​ ពាន​ពី​ក្រៅ​ប្រទេស​ផង​ដែរ​ពី​ប្រទេស​វៀតណាម៕

ប្រភពពី : sabay