
ភ្នំពេញ: លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ នេះថា ជនសង្ស័យបួននាក់ ដែលជាប់ពាក់ព័ន្ធក្នុងករណីរៀបចំគម្រោងចែកខិត្តប័ណ្ណ និងផ្កាកុលាបពណ៌លឿង ជូនដល់កងកម្លាំងប្រដាប់អាវុធ ត្រូវបានតុលាការសាលាដំបូងរាធានីភ្នំពេញ សម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន តាមការស្នើសុំរបស់មេធាវី និងក្រុមគ្រួសារ។ យុវជនទាំង ៤នាក់ មានឈ្មោះ ១-ឈ្មោះ ទត់ ច័ន្ទបញ្ញា ២- ហ៊ើយ បូរិន ៣- ឡុង លីផេង (ស្រី) និងទី៤- សុខ ដាលីន (ស្រី)។ ជនសង្ស័យទាំង៤នាក់នេះ បានត្រូវចាប់ខ្លួន កាលពីថ្ងៃ១៥ ខែសីហា ឆ្នាំ២០១៣ ដោយរួមមាន ភស្តុតាង ខិត្តប័ណ្ណជាច្រើរយសន្លឹកផង។ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ ថា ក្រុមគ្រួសារជនសង្ស័យទាំង ៤ នាក់ បានមានធានា ដើម្បីសុំធានាឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ ដោយបានសន្យាថា នឹងឈប់ប្រព្រឹត្តអំពើអ្វី ដែលធ្វើឲ្យប៉ះពាល់របៀបរៀបរយសាធារណៈតទៅទៀតហើយ។ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោកបានបន្តថា “ចៅក្រមបានពិនិត្យពិចារណាក្រោមពីឆ្លងយោបល់ជាមួយខាងលោក គឺបានឯកភាពឲ្យធ្វើការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។ ហើយការដោះលែងនេះនៅខាងពន្ធនាគារជាអ្នកដោះលែង”| ថ្មីៗនេះ លោក គៀត ច័ន្ទថារិទ្ធ ប្រធានសេនាធិការ និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការចាប់ខ្លួនយុវជន ៤នាក់ ដែលកំពុងរៀបចំធ្វើសកម្មភាពបាចខិត្តប័ណ្ណ ដែលមានខ្លឹមសារអំពាវនាវផ្តួលរំលំរដ្ឋាភិបាល។ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ខិត្តប័ណ្ណ ដែលជនសង្ស័យ គ្រោងផ្សព្វផ្សាយនោះ គឺមានខ្លឹមសារយោងទៅនឹងសេចក្តីថ្លែងកាណ៍មួយ កាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០១៣ របស់ឈ្មោះ សួន សេរីរដ្ឋា ដែលជាប្រធានអង្គការចាត់តាំងកម្លាំងប្រដាប់អាវុធខុសច្បាប់មួយ ឈ្មោះ "ចលនាអំណាចប្រជាពលរដ្ឋខ្មែរ" ដែលកំពុងរស់នៅក្រៅប្រទេស។ លិខិតចំហនោះ បានថ្លែងអំពាវនាវជាពិសេសដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ ឲ្យប្រើប្រាស់អាវុធផ្តួលរំលំរដ្ឋាភិបាល៕
ប្រភពពី :
CEN