ការសិក្សាមួយរបស់អង់គ្លេសទៅលើបុរស អង់គ្លេស ២០០០ នាក់បានបង្ហាញថា ជាមធ្យមបុរសនិយាយកុហក ៦ដងក្នុងមួយថ្ងៃ ដែលស្មើនឹងពីរដងនៃការនិយាយកុហករបស់ស្ត្រី។ ក្រៅពីនេះការស្រាវជ្រាវនោះក៏បានរកឃើញនូវពាក្យកុហកចំនួន ៥ ដែលបុរសៗចូលចិត្តនិយាយជាងគេ។ មើលទៅនារីៗប្រហែលជាចង់ដឹងណាស់ហើយមើល៍ទៅ! អូខេ តោះមើលតែម្ដងទៅអីចឹង!
១. ”ខ្ញុំអត់ធ្វើអីទេ គ្រាន់តែគេងលេងតើ”
នៅពេលចង់ឡើងគ្រែជាមួយនារីណាម្នាក់ ឬចូលផ្ទះសំណាក់បុរសៗច្រើនតែនិយាយថា ៖ “គ្រាន់តែគេងលេងតើ! ខ្ញុំអត់ធ្វើអីទេ” នៅពេលដែលត្រូវនារីសួរថា ទៅធ្វើអី? តែពេលចូលដល់ក្នុងបន្ទប់តែពីរនាក់ហើយ ចំណង់ភេទគឺចេញមកឯងតាមធម្មជាតិ។ មិនចាំបាច់បកស្រាយច្រើន អ្នកអាចកាត់យល់ខ្លួនឯងបាន។
២. “ទេ! ខ្ញុំនៅលីវតើ!”
បើជួបមនុស្សភេទផ្ទុយគ្នា ហើយបើសិនជាស្រីស្អាតទៀតនោះ បុរសកម្រនឹងបង្ហាញពីលក្ខខណ្ឌសម្ពន្ធភាពពិតប្រាកដរបស់ខ្លួនណាស់ ពោលច្រើនតែនិយាយថា នៅលីវ ឬកំពុងចង់បានសង្សារម្នាក់ជាដើម។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺ ចិញ្ចៀនពាក់ជាប់នឹងដៃហើយ បែរជាកុហកថា នោះជារបស់ម៉ាក់ទិញឲ្យ ឬពាក់ដើម្បីលេងស្ទីលជាដើម។ ងាកមក គណនីបណ្ដាញសង្គមវិញគឺភាគច្រើនតែម្ដងនៃបុរសដែលដាក់ថា នៅលីវ។ និយាយជារួមគឺបុរសៗត្រូវការចំណាប់អារម្មណ៍ពីមនុស្សភេទផ្ទុយមិន ថា ខ្លួនមានកំណាន់ចិត្តហើយ ឬក៏អត់នោះទេ។
៣. ”បងកំពុងនៅតាមផ្លូវ”
នៅពេលមិត្តស្រី ឬប្រពន្ធខលតឿនឲ្យឆាប់មកជួបនៅផ្ទះ ឬកន្លែងណាមួយ លេសកំពូលរបស់បុរសគឺ “បងជិះទៅហើយតើ” ឬ “ឥឡូវ កំពុងនៅតាមផ្លូវ” ជាដើម។ ដើម្បីចាប់ចំណុចបាន ត្រូវផ្ទៀងស្ដាប់សំឡេង Background ថា ជាសំឡេងអ្វី ទំនងនៅឯណា ស្រួលយកមកអះអាងពេលជួបមុខគ្នា។ ចំណុចមួយដែលប្រពន្ធអាចធ្វើឲ្យប្ដីមកវិញឆាប់បានគឺនិយាយ ប្រាប់ថា “ថ្ងៃនេះអ្នកស្លៀករ៉ូបថ្មីសិចស៊ីចាំនៅផ្ទះ”។
៤. ”បងមានផឹកឯណា”
បន្ទាប់ពីជុំជើងជាមួយមិត្តភ័ក្ដិដើរឡើងចង់ទ្រេតខ្លួន ឬធំក្លិនស្រាហួងហើយ ក៏ស្វាមីរបស់អ្នកច្រើនតែនិយាយកុំឲ្យអ្នកខឹងថា ”បងដាក់ប៉ុន្មានកែវហ្នឹង”។ ហើយពេលគេងលក់ ភ្ញាក់មកវិញធ្វើដូចជាភ្លេចរឿងរ៉ាវពីយប់អីចឹងថា ”ដាក់ម៉ាជីបសោះ ចង់ស្រវឹងយប់មិញ”។ តែចំណុចល្អត្រង់ការនិយាយកុហកនេះគឺថា ស្វាមីរបស់អ្នកមិនចង់ឲ្យអ្នកពិបាកចិត្ត និងចង់លួងលោមអ្នកកុំឲ្យខឹងប៉ុណ្ណោះ។
៥. ”បងមានសម្លឹងនាងណា៎”
ពេលកំពុងតាមសម្លឹងនារីណាម្នាក់ ហើយអ្នកទាញកមកវិញ មិត្តប្រុសរបស់អ្នកច្រើនយកលេសថា “បងមើលខោតើ ព្រោះមើលទៅស្រដៀងខោអូន” ឬ “បងក្រឡេកទៅចំពេលអូនឃើញហ្នឹងណា មានចង់ណាលោក បើមិត្តស្រីស្អាតយ៉ាងហ្នឹងនៅនឹងមុខឲ្យជ្រងោៗ”។ ជាធម្មជាតិមិនថា មនុស្សស្រី ឬប្រុស ចំណាប់អារម្មណ៍ទៅលើរូបរាងមនុស្សភេទផ្ទុយជារឿងដែលមិនអាចជៀសបាន មិនថា តិច ឬក៏ច្រើននោះឡើយ។ ចំណុចខុសគ្នារវាងមនុស្សប្រុស និងមនុស្សស្រីគឺថា មនុស្សប្រុសភាគច្រើនហ៊ានបង្ហាញចេញ ខណៈនារីសុខចិត្តលាក់ទុកព្រោះខ្លាចគេថា ចិត្តងាយ៕
ដកស្រង់ពី : សប្បាយ
មានពាក្យកុហកអីទៀតដែលមិននារីៗយើងធ្លាប់ត្រូវមិត្តប្រុស ឬកំពូលប្ដីកុហក?