ប្រជាជនកម្ពុជាធ្លាប់តែទស្សនាខ្សែភាពយន្តថៃ និងលើកសរសើរពីទេពកោសល្យតារាសម្ដែងថៃ ឥឡូវនេះដល់វេនប្រជាជនថៃងាកមកចាប់អារម្មណ៍សិល្បករខ្មែរវិញ ម្ដង។
ជាក់ស្ដែង សកម្មភាពរបស់សិល្បករ សិល្បការិនីកម្ពុជាក្នុងកម្មវិធីប្រគល់ពានអាណាចក្រតារា ដែលទើបតែបញ្ចប់បានប៉ុន្មានថ្ងៃនេះ បានល្បីរន្ទឺទៅដល់ប្រទេសថៃ តាមរយៈគេហទំព័រមួយផ្សាយជាភាសាថៃ បានចុះផ្សាយពីសកម្មភាពនេះដោយដាក់ចំណងជើងថា
“ดาราเขมรกับคู่รักในงานรับแชมป์” ដែលមានន័យថា
“តារាខ្មែរជាមួយគូស្នេហ៍នៅថ្ងៃប្រគល់ពាន”។
បន្ទាប់ពីចេញផ្សាយ ប្រិយមិត្តដែលតាមដានគេហទំព័រនេះបានលើកសរសើរពីសម្រស់តារា ខ្មែរ ថាមិនចាញ់សម្រស់តារារបស់ប្រទេសខ្លួននោះទេ។ ជាក់ស្ដែង មានប្រិយមិត្តម្នាក់ក្នុងចំណោមប្រិយមិត្តជាច្រើននាក់ទៀតដែល បានអានអត្ថបទនេះមានឈ្មោះថា YakuzaMafia បានពោលសរសើរសម្រស់តារាខ្មែរថា ៖ “ดาราของเขาก็ดูดีนะครับ” មានន័យថា ”សិល្បករខ្មែរក៏ស្រស់ស្អាតដែរ”។ ខណៈម្នាក់ទៀតមានឈ្មោះថា องค์หญิง ต้องห้าม (អុងយីង តងហាម) ក៏បានសរសើរដ៏ខ្លីដែរថា ៖ “สวย” មានន័យថា “ស្រស់ស្អាត”។
មតិលើកសរសើរសិល្បករ សិល្បការិនីខ្មែរពីសំណាក់ទស្សនិកជនថៃ
បន្ទាបពីចេញផ្សាយបានមួយថ្ងៃ អត្ថបទនេះមានអ្នកចូលទស្សនាចំនួន ៤៤៧៧ គិតត្រឹមម៉ោង ៥ ល្ងាចនេះ ដែលជាចំនួនដ៏ខ្ពស់មួយ។
នេះជាជោគជ័យថ្មីមួយ ក្នុងទំព័រប្រវត្តិសាស្ត្រសិល្បៈកម្ពុជាដែលទទួលបាន កិត្តិនាមល្បីល្បាញរហូតដល់ប្រទេសស៊ីវិល័យមួយក្នុងតំបន់ ខណៈដែលសិល្បៈរបស់ប្រទេសមួយនេះ ធ្លាប់តែជះឥទ្ធិពលមកលើប្រទេសកម្ពុជានាពេលកន្លងមក។ សង្ឃឹមថា អាណាចក្រតារាឆ្នាំទី៣ នឹង អាចលើកមុខមាត់សិល្បករ សិល្បការិនីខ្មែរមួយកម្រិតថែមទៀត ដើម្បីឱ្យកិត្តិនាមវិស័យសិល្បៈខ្មែរវិវឌ្ឍកៀកទៅនឹងប្រទេស ជិតខាង និងបទដ្ឋានអន្តរជាតិ៕
ដកស្រង់ពី : សប្បាយ