ខេត្ដបាត់ដំបង ៖ បុរសជនជាតិ អូស្ដ្រាលីម្នាក់ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន តាមការចោទប្រកាន់ របស់ស្ដ្រីម៉ាស្សាម្នាក់ថា ជនសង្ស័យបាន ចាប់រំលោភនាង រហូតស្ទើរដើរមិនរួច នៅក្នុងផ្ទះជនសង្ស័យ ស្ថិតក្នុង ភូមិតាកុក
ឃុំ សំរោងក្នុង ស្រុកឯកភ្នំ ហើយនគរបាល ក៏បានឆែកឆេររកឃើញ កាំមេរ៉ាថតពេលជនសង្ស័យ ធ្វើសកម្មភាព រំលោភលើស្ដ្រីរងគ្រោះផងដែរ ។
បុរសជនជាតិ អូស្ដ្រាលីដែលត្រូវឃាត់ខ្លួនឈ្មោះ រ៉ូប៊ីត ភិធឺរ៉ូឆត់ ហៅបារាំង អាយុ៦១ឆ្នាំ ជាគ្រូបង្រៀន នៅសាកលវិទ្យល័យ ក្នុងក្រុងបាត់ដំបង បានចូលមករស់នៅប្រទេសកម្ពុជា អស់រយៈពេល៣ឆ្នាំមកហើយ នៅក្នុង ភូមិតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ។ ចំណែកនារីម៉ាស្សាឈ្មោះ អ.ន.ត ហៅ ផ.ណ អាយុ២៧ឆ្នាំ បម្រើការក្នុងហាង ម៉ាស្សាយីហោ៩៩៩ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ដបាត់ដំបង ។
ស្ដ្រីរងគ្រោះបានអះអាងថា ជនសង្ស័យបានមកចចារហៅ នាងទៅម៉ាស្សា នៅផ្ទះរបស់គេតាំងពី ម៉ោង៤រសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៣ ក្នុងតម្លៃ១០ដុល្លារ ប៉ុន្ដែពេលនាំនាងទៅដល់ផ្ទះ ជនសង្ស័យមិនបានឱ្យនាងម៉ាស្សាទេ បែរជាចាប់នាងរំលោភ បង្ខំទាំងកំរោលតែម្ដង ដោយប្រើក្បាច់ចំឡែកៗ ហើយនៅផ្ទះនោះមានប្រើប្រាស់ កាមេរ៉ាថតសកម្មភាព ពេលចាប់រំលោភទៀតផង ។ ដោយស៊ូទ្រាំលែងបាននាងក៏រត់ចេញក្រៅផ្ទះទាំងខ្លួនអាក្រាត ហើយជនសង្ស័យក៏បានជិះម៉ូតូ តាមមកអុកឡុកដល់ហាងម៉ាស្សាទៀត ទើបនាងប្ដឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្ដង៕
