រាជធានីភ្នំពេញ ៖ មេការក្នុងខារ៉ាអូខេ ឌីយ៉ាម៉ង់ បានប្រើអំពើហិង្សា លើអ្នកបម្រើភ្ញៀវម្នាក់ ក្នុងពេលបំពេញការងារ នៅពេលយប់នោះ បណ្តាលឲ្យរងរបួស យ៉ាងដំណំ ហើយក៏ត្រូវបានគេជួយសង្គ្រោះដោយដឹកបញ្ជូន
ទៅ កាន់មន្ទីរពេទ្យឯកជនភ្លាមៗដែរ ប៉ុន្តែជនបង្កមិនត្រូវបាន ទទួលទោសទណ្ឌនោះទេ ពោលគឺបានប្រើប្រាក់ដុល្លារយ៉ាងច្រើន សន្ធឹកសន្ធាប់ដើម្បីបញ្ចប់រឿង នេះនៅត្រឹមប៉ូលិសប៉ុស្តិ៍។
ការប្រើកណ្តាប់ដៃវាយតប់នារីភេទ ដែលជាកូនចៅឯង គ្មានត្រាប្រណីនេះបង្កឲ្យមាន ការភ្ញាក់ផ្អើលកាលពីរាត្រីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោងប្រមាណ ១១និង៣០នាទី នៅក្នុងខារ៉ាអូខេឌីយ៉ាម៉ង់ ស្ថិតនៅតាមបណ្តោយ ផ្លូវ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ នារីរងគ្រោះមានឈ្មោះ ភា ស្រីណេត អាយុ២២ឆ្នាំ ជានារីបំរើភ្ញៀវក្នុងខារ៉ាអូខេខាងលើ ស្នាក់នៅផ្ទះជួលលេខ២៧A ផ្លូវ ២៧១ក្រុម៤ ភូមិ២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បានរងរបួសបែកច្រមុះ ហូរឈាមស្រោចពេញខ្លួន និងប៉ោងភ្នែកផងដែរ។
ចំណែកជនបង្កមានឈ្មោះ វែង និងមានព្រះនាមក្នុងខារ៉ាអូខេគឺ P9 ភេទប្រុស មានមុខងារជាអ្នកគ្រប់គ្រង លើស្រីការ៉ាអូខេ។ នៅមុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះ មានទំនាស់ពាក្យសំដីគ្នា ជាមួយនារីជាអ្នកបំរើភ្ញៀវ ក្នុងខារ៉ាអូខេនេះដូចគ្នា ឈ្មោះ សាសា អាយុ៣០ឆ្នាំ ដែលជាដើមចោទបង្កឲ្យមានទំនាស់ ផ្តើមពីការចែកលុយធីប ដែលភ្ញៀវឲ្យមិនស្មើគ្នា។ ក្នុងខណៈដែលកំពុងតែឈ្លោះគ្នា ស្រាប់តែឮដល់អ្នកគ្រប់គ្រងឈ្មោះ វែង ហើយបានដោះស្រាយបញ្ហា ដោយអំពើហិង្សាតែម្តង។
ឈ្មោះ វែង បានទះចំមុខនារីគ្រោះឈ្មោះ ភា ស្រីណេត បណ្តាលឲ្យបែកច្រមុះ ហូរឈាមនិង ជាំភ្នែក។ ក្រោយពេល កើតហេតុគេបានឃើញប៉ូលិសប៉ុស្តិ៍ រដ្ឋបាលទឹកល្អក់ទី៣ បានចុះដល់ទី តាំងកើតហេតុភ្លាមដែរ តែមិនបានធ្វើការឃាត់ខ្លួនជនបង្កនោះទេ ហើយនៅព្រឹកថ្ងៃបន្ទាប់ ជនបង្កបានបោះលុយ ៤០០ដុល្លារ ទៅឲ្យនារីរងគ្រោះ ជាថ្នូរមិនឲ្យប្តឹងផ្តល់ ហើយក៏មាន ធ្វើកិច្ចសន្យាផងដែរនៅប៉ុស្តិ៍ ប៉ូលិសរដ្ឋបាលទឹកល្អក់ទី៣៕