ខេត្តមណ្ឌលគិរី ៖ យោងតាមបណ្ដឹង របស់ក្រុមហ៊ុន សែលខាត កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បានធ្វើការឃាត់ខ្លួន ប្រធានសាខា និងបេឡាធិការ សាខាសែលខាត ប្រចាំខេត្តមណ្ឌលគិរី ពាក់ព័ន្ធករណី រំលោភលើសេចក្តី
ទុកចិត្ត កិបកេងលុយក្រុមហ៊ុន គិតជាទឹកប្រាក់ជាង ៦ម៉ឺនដុល្លារ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីយប់ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៣។
ជនសង្ស័យទី១-ឈ្មោះ ភូ ប៉ូហេង ភេទប្រុស អាយុ ៤៣ឆ្នាំ ជាប្រធានសាខាសែលខាត ខេត្តមណ្ឌលគិរី ទី២-ឈ្មោះ តើន សុណៃ ភេទប្រុសអាយុ៣២ ឆ្នាំ ជាបេឡាធិការ សាខាសែលខាត មណ្ឌលគិរី។ ជនសង្ស័យមាន ជាប់ពាក់ព័ន្ធករណីកិបកេង ប្រាក់របស់ក្រុមហ៊ុន សែលខាត ប្រមាណជាង ៦១៤០០ ដុល្លាសហរដ្ឋអាមេរិក តាមរយះការលក់កាតមិនយកលុយ មកបង់ឲ្យក្រុមហ៊ុន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ភួ ប៉ូហេង ជាប្រធានសាខាសែលខាត មណ្ឌលគិរី បានសារភាពថា លោកនិងបេឡា របស់លោក ពិតជាបានប្រព្រឹត្ត ករណីដូចខាងលើនេះមែន គឺយកប្រាក់នេះទៅព្យាបាល ជំងឺប្រចាំកាយ ហើយលោកសន្យាសងប្រាក់ទៅក្រុមហ៊ុន ទៅតាមលទ្ធភាព។ យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣ ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតតាមច្បាប់៕