រាជធានីភ្នំពេញ ៖ ក្នុង សិក្ខាសាលា បណ្តុះបណ្តាល ក្រោមប្រធានបទ " ការទំនាក់ទំនង ដើម្បីគណនេយ្យភាព " កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣ លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមាន
ប្រសាសន៍ថា យើងមិនអាចលុប បណ្តាញសង្គមហ្វេសប៊ុក បានទេ ប៉ុន្តែយើងត្រូវធ្វើយ៉ាងម៉េច ឲ្យអ្នកប្រើប្រាស់យល់ពីខ្លឹមសារ ក្នុងក្របខ័ណ្ឌនៃ ក្រមសីលធម៌។
លោក ងី ច័ន្ទ្រផល បានបញ្ជាក់ថា ហ្វេសប៊ុកជាអាវុធមុខពីរ ប្រសិនបើយើងចេះប្រើវាត្រឹមត្រូវ វាជាប្រយោជន៍របស់យើង។ យើងទទួលបានព័ត៌មានត្រឹមត្រូវ ប៉ុន្តែបើយើងមិនចេះប្រើវា វាសម្លាប់យើង ដោយឥតដឹងខ្លួន។ ដូច្នេះយើងត្រូវពង្រឹងឡើងវិញ និងកែទម្រង់ក្នុងការប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក ឲ្យមានប្រសិទ្ធភាព ជាផលប្រយោជន៍ សម្រាប់សង្គមខ្មែរ ទាំងមូល។
មានពាក្យចចាមអារ៉ាមជាច្រើន ទាក់ទិននឹងផែនការ ត្រួតពិនិត្យឬរិតបន្តឹងការប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម នៅពេលដែលក្រុមយុវជន បានផ្សព្វផ្សាយ និងចែករំលែករឿងរ៉ាវជាច្រើន នាំឲ្យមានការរសើប។ យ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលមួយចំនួន បានបដិសេធពីគម្រោងបិទ បណ្តាញសង្គម ហ្វេសប៊ុក។ ព្រោះសូម្បីនៅប្រទេសចិន ឬវៀតណាម ក៏មិនអាចបិទ ហ្វេសប៊ុក បានដែរ ប៉ុន្តែអាជ្ញាធរ បានពង្រឹងការត្រួតពិនិត្យ៕