ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋនិងអ្នករកស៊ីដឹកជញ្ជូនទំនិញ ឆ្លងកាត់ច្រកអន្តរជាតិអូរស្មាច់ ដែលមានទីតាំង នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានសម្តែងភាពក្តៅក្រហាយយ៉ាងខ្លាំង ចំពោះមន្ត្រីនគរបាល
អន្តោ ប្រវេសន៍ ក្រោមការគ្រប់គ្រងរបស់លោក ខូង ទីន ដែលចាត់តាំងឲ្យមាន អំពើពុករលួយបង្ខំឲ្យអ្នកដំណើរ ឆ្លងកាត់ព្រំដែនបង់លុយតាមតែទំនើងចិត្ត ជាពិសេសក្រុមឈ្មួញរកស៊ី នាំចូលទំនិញតាមតាមរទេះ ត្រូវបានមន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងនោះ គាបជំរិតបង្ខំឲ្យបង់លុយ តាមរបៀបឆៅៗតែម្តង។
សូម្បីតែអាជ្ញាធរក្រុងសំរោង ក៏មិនសប្បាយចិត្តចំពោះ មន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកអន្តរជាតិអូស្មាច់នោះទេ ព្រោះអាជីវករជាច្រើនធ្លាប់បានប្តឹងផ្តល់ ឲ្យអាជ្ញាធរក្រុងសំរោង ជួយដោះស្រាយបញ្ហារបស់ពួកគេ នៅពេលដែលនគរបាល អន្តោប្រវេសន៍របស់លោក ខូង ទីន បង្ខំឲ្យបង់លុយចាប់ពី ១ម៉ឺនរៀល រហូតដល់ ៥ម៉ឺនរៀល អាស្រ័យទៅលើទំនិញតិចឬច្រើន។ ក្នុងមួយថ្ងៃៗមានរទេះ ដឹកទំនិញឆ្លងកាត់ច្រកអន្តរជាតិអូរស្មាច់ ច្រើនសន្ធឹកសន្ធាប់ មិនដឹងជានគរបាលអន្តោប្រវេសន៍ ក្រោមបញ្ជារបស់លោក ខូង ទីន ប្រមូលលុយយកទៅណាអស់ទេ។
ចំពោះករណីឃុបឃិតឲ្យ ពលករលួចឆ្លងដែនខុសច្បាប់ តាមរយៈមេខ្យល់ប្រមាណ ៤ទៅ៥នាក់ ក៏ជាប្រភពចំណូលដ៏សំខាន់ របស់លោក ខូង ទីន ដូចជាមេខ្យល់ម្នាក់ អាចនាំពលករឆ្លងដែនមួយក្រុម មានគ្នាចាប់ពី ៥ទៅ១០នាក់ ហើយក្នុងមួយថ្ងៃៗ មានពលករឆ្លងដែនខុសច្បាប់ ចាប់ពី៥០ទៅ៨០នាក់ គេមិនដែលឃើញ នគរបាលអន្តោប្រវេសន៍របស់លោក ខូង ទីន ទប់ស្កាត់ការធ្វើចំណាកស្រុក ដោយខុសច្បាប់ឲ្យស្របតាមបទបញ្ជា របស់រាជរដ្ឋាភិបាលម្តងណាឡើយ។ មេខ្យល់បានយកប្រាក់ ពីពលករចំណាកស្រុកក្នុងម្នាក់ៗចំនួន ២៥០០បាត ហើយយកទៅបែងចែកលោក ខូង ទីន ទើបអាចឆ្លងដែនដោយខុសច្បាប់ ដោយគ្មានសេចក្តីភ័យខ្លាច។
សូម្បីតែដីនៅជាប់ស្នាក់ការ នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកអន្តរជាតិអូស្មាច់ ក៏ត្រូវបានលោក ខូង ទីន ពុះច្រៀកបែងចែកឲ្យសាច់ញាតិ និងមន្ត្រីជំនិតៗរបស់គាត់ សង់តូបលក់ដូរ ទុកជួលក្នុងមួយខែៗបានលុយ រាប់រយដុល្លារអាមេរិក ក៏លោក ខូង ទីន ប្រមូលយកប្រាក់ទាំងនោះទៅចាត់ចែងផ្ទាល់ខ្លួន មិនដែលខ្វល់ខ្វាយពីសុខទុក្ខ របស់មន្ត្រីតូចតាចនោះទេ។ គេចង់ឃើញថ្នាក់លើត្រួតពិនិត្យ ភាពអសកម្មរបស់លោក ខូង ទីន ឡើងវិញផង ព្រោះប្រជាពលរដ្ឋ និងក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ ឆ្លងកាត់ច្រកអន្តរជាតិអូស្មាច់ មិនអាចទ្រាំទ្របានទៀតទេ ហើយគង់តែថ្ងៃណាមួយ ប្រជាពលរដ្ឋនិងក្រុមអាជីវករ នាំគ្នាធ្វើបាតុកម្មដើម្បីបកអាក្រាត រឿងពុករលួយរបស់លោក ខូង ទីន ។
លោក សរ ថាវី ជាអភិបាលខេត្តឧត្តរមានជ័យ មិនគួរមើលរំលងភាពអសកម្ម ដែលកំពុងកើតមាននៅ ច្រកអន្តរជាតិអូស្មាច់នោះទេ ព្រោះអំពើគាបជំរិតប្រជាពលរដ្ឋ និងអ្នករកស៊ីដឹកជញ្ជូនទំនិញ ឲ្យបង់លុយតាមតែអំពើចិត្ត ក៏ជាផ្នែកមួយនៃការទទួលខុសត្រូវ របស់អភិបាលខេត្តឧត្តរមានជ័យ ផងដែរ។ ដូច្នេះប្រសិនបើទុកឲ្យ ភាពអសកម្មបែបនេះបន្តកើតមាន គ្មានដំណោះស្រាយច្បាស់ណាស់ដែលថា ថ្ងៃណាមួយក្រុមអាជីវករនិងប្រជាពលរដ្ឋ នាំគ្នាធ្វើបាតុកម្មប្រឆាំង នគរបាលអន្តោប្រវេសន៍ ក្រោមបញ្ជារបស់លោក ខូង ទីន ចៀសមិនផុតឡើយ៕

ដកស្រង់ពី :
វត្តភ្នំ