
ក្នុងសន្និសីទកាសែតដែលបើកធ្វើនៅព្រឹកមិញនេះ នៅឯទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅសង្កាត់ចាក់អង្រែ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានប្រកាសថា មហាបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី៧ កញ្ញាខាងមុខ។ បាតុកម្មនេះនឹងរៀបចំឡើងមួយថ្ងៃមុនការប្រកាសលទ្ធផលបោះឆ្នោត ផ្លូវការរបស់ គ.ជ.ប ។
ដើម្បីត្រៀមលក្ខណៈឲ្យបានល្អ គណបក្សសង្គ្រោះជាតិគ្រោងនឹងបើកការហ្វឹកហាត់ជាមុនដល់ក្រុមបាតុករ របស់ខ្លួនអំពីរបៀបធ្វើបាតុកម្មដោយអហិង្សានិងអំពីរបៀបការពារ ខ្លួនក្នុងករណីដែលមានការបង្ក្រាប។ ការហ្វឹកហាត់ដែលគ្រោងធ្វើនៅឯទីលានប្រជាធិបតេយ្យនោះនឹងមានជំនួយ ពីក្រុមអ្នកជំនាញផងដែរ។ នេះបើយោងតាមលោក សម រង្ស៊ី។
ប៉ុន្តែ មុននឹងឈានដល់បាតុកម្មនោះ គណបក្សសង្គ្រោះជាតិនៅតែទទូចឲ្យមានការចរចាគ្នាដើម្បីដោះស្រាយ បញ្ហាជាមួយគណបក្សប្រជាជនកម្ពុជា។ លោក សម រង្ស៊ី បានសរសេរលិខិតមួយទៅជូនលោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃពុធទី២៨ សីហា ដើម្បីស្នើឲ្យមានជំនួបចរចាថ្នាក់កំពូលរវាងគណបក្សទាំងពីរ។
ប៉ុន្តែ ជំនួបនោះហាក់នៅមិនទាន់មានពន្លឺអ្វីនៅឡើយទេ។ លោក ឈាង វុន មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចបានប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃនេះថា គណបក្សប្រជាជនបានប្រកាសចេញយន្តការជាច្រើនដើម្បីជជែកជាមួយគណបក្ស សង្គ្រោះជាតិ ប៉ុន្តែ ការជជែកកន្លងទៅ មិនបានលទ្ធផលអ្វីឡើយ។
ក្នុងករណីដែលមានបាតុកម្មផ្ទុះឡើង លោក សម រង្ស៊ី បានបញ្ជាក់ថា គឺមិនមែនជាបាតុកម្មដើម្បីធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលទេ។ បាតុកម្មនោះធ្វើឡើងដោយសន្តិវិធីដើម្បីទាមទារឲ្យមានដំណោះស្រាយ បញ្ហាបោះឆ្នោតតែប៉ុណ្ណោះ។ ការបញ្ជាក់បែបនេះបានធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបានចែកផ្សាយ ឯកសារវីដេអូជាច្រើនដែលបង្ហាញថា លោក សម រង្ស៊ី និងលោក កឹម សុខា បានអំពាវនាវឲ្យមានមហាបាតុកម្មដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ឯកសារទាំងនោះត្រូវបានចែកចាយដល់ស្ថានទូតរបរទេស និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើន។
លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសធ្លាប់បានប្រាប់វិទ្យុបារាំងអន្តរជាតិថា រដ្ឋាភិបាលនឹងគោរពពេញទីចំពោះបាតុកម្មអហិង្សា ប៉ុន្តែ ប្រសិនបើបាតុកម្មនោះបែរទៅជាបង្កភាពវឹកវរ និងប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនោះ អាជ្ញាធរត្រូវតែចាត់វិធានការ៕
ដកស្រង់ពី :
RFI