
រាជធានី ភ្នំពេញ ៖ ឃ្លាំងស្តុកសម្ភារៈផ្ទះមួយកន្លែងដែលមានទីតាំងនៅតាមផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ត្រូវបានអគ្គិភ័យឆាបឆេះកាលពីវេលាម៉ោង ១១និង២០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាង នាំគ្នាជញ្ជូនឥវ៉ាន់រត់ទាំងកណ្តាលថ្ងៃ។
បើតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា ទីតាំងឃ្លាំងខាងលើនេះ គឺជាកន្លែងស្តុកសម្ភារៈផ្ទះបាយ ដែលផលិតអំពីជ័រ ដែលមានយីហោ ដាលីន និងមានម្ចាស់ឈ្មោះ ថូ អ៊ុក អាយុ៥៣ឆ្នាំ។ ក្នុងហេតុការណ៍ខាងលើនេះ បានបណ្តាលឲ្យសម្ភារៈមួយចំនួនបានរងការខូចខាត ប៉ុន្តែជាសំណាងល្អមិនបង្កឲ្យឆេះរាលដាលដល់លំនៅដ្ឋានប្រជា ពលរដ្ឋដែលរស់នៅក្បែរខាងនោះឡើយ ព្រោះតែត្រូវបានក្រុមពន្លត់អគ្គិភ័យបានចុះទៅអន្តរាគមន៍ទាន់ពេលវេលា ដោយបានប្រើប្រាស់ឡានទឹករបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន ២គ្រឿង និងរបស់ក្រុមហ៊ុនសូគីម៉ិចចំនួន២គ្រឿង។
មិនទាន់មានប្រភពណាមួយអាចបញ្ជាក់អំពីមូលហេតុដែលបណ្តាលឲ្យមាន គ្រោះអគ្គិភ័យនេះបាននៅឡើយទេ។ ប៉ុន្តែបើតាមការរៀបរាប់របស់ម្ចាស់ឃ្លាំងបានឲ្យដឹងថា ឃ្លាំងរបស់លោក មិនមានបណ្តាញ អគ្គិសនី ដែលអាចបង្កឲ្យមានការទុស្សេនោះទេ ព្រោះឃ្លាំងមួយនេះត្រូវបានចាក់សោទុកចោលពុំមានមនុស្សរស់នៅឡើយ។ ប៉ុន្តែបើតាមការសន្និដ្ឋានរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា មូលហេតុនៃគ្រោះអគ្គិភ័យនេះអាចផ្តើមចេញពីការដុតក្រដាសសែនរបស់អ្នក នៅជិតខាង ព្រោះថ្ងៃនេះគឺជាថ្ងៃសែនក្បាលទឹក ដែលជាទម្លាប់បងប្អូនដែលកាត់ខ្សែស្រឡាយចិន តែងតែធ្វើការអុជធូប ក៏ដូចជាការដុតក្រដាសមាស ក្រដាសប្រាក់ ដើម្បីធ្វើការសែនព្រេន។
គួររំលឹកផងដែរថា ក្នុងទឹកដីខណ្ឌប្ញស្សីកែវនេះ តែងតែកើតមានគ្រោះអគ្គិភ័យជាញឹកញាប់ ដោយសារតែភូមិសាស្ត្រនៅទីនោះមានផ្ទះជាប់គ្នារញ៉េរញ៉ៃ ហើយភាគច្រើនគឺសង់ពីឈើ ដែលជាកត្តាងាយស្រួលនឹងអាចកើតមានគ្រោះអគ្គិភ័យ។ បញ្ហាទាំងអស់នេះ ទាមទារឲ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ ដើម្បីចៀសវាងការខូចខាតទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងអ្នកដទៃ៕

ប្រភពពី វត្តភ្នំ