
មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា កំពុងព្រួយបារម្ភពីបញ្ហាដែលអាជ្ញាធរមូលដ្ឋាន បានបង្ខិតបង្ខំប្រជាជន អោយចុះហត្ថលេខាគាំទ្រលទ្ធផលបោះឆ្នោតបណ្តោះអាសន្នដែលបានប្រកាសដោយ គ.ជ.ប កាលពីថ្ងៃទី១២ សីហា។ យ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាល លោក ផៃ ស៊ីផាន ហាក់មិនជឿថា ប្រជាជនកម្ពុជាសមយ័នេះមានការខ្លាចរអារនឹងអាជ្ញាធរ តំបន់នោះទេ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអោយដឹងតាមរយៈសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៩ សីហាថា ខ្លួនបានទទួលរបាយការណ៍ដ៏គួរអោយព្រួយបារម្ភពីប្រជាពលរដ្ឋ នៅសង្កាត់ ទឹកល្អក់១ ក្នុងរាជធានីភ្នំពេញ ដែលទទួលគំនាបពីអាជ្ញាធរក្នុងការចុះហត្ថលេខាលើញត្តិគាំទ្រលទ្ធផល បោះឆ្នោត ។
សេចក្តីថ្លែងការនោះ បានអោយដឹងថា នៅសង្កាត់ទឹកល្អក់ទី១ អាជ្ញាធរបានធ្វើញត្តិដែល មានន័យគាំទ្រលទ្ធផលបោះឆ្នោតដែលប្រកាសដោយ គ.ជ.ប កាលពីថ្ងៃទី១២ សីហា។ ញត្តិនោះក៏មានន័យប្រឆាំងនឹងអ្នកនយោបាយ ដែលអំពាវនាវអោយមានមហាបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតផងដែរ។
ដោយការបង្ខំរបស់អាជ្ញាធរ ប្រជាជនមួយចំនួនក្នុងសង្កាត់ទឹកល្អក់ បានបង្ខំចិត្តចុះហត្ថលេខាលើ ញត្តិនោះ ដោយខ្លាចថា ប្រសិនបើពួកគាត់មិនព្រមចុះហត្ថលេខាគាំទ្រញត្តិនោះទេ គ្រួសាររបស់ពួកគាត់អាចនឹងប្រឈមនឹងគ្រោះថ្នាក់។ ទង្វើបែបនេះ ធ្វើអោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្កោលទោសថា វាពុំស្របតាមគោលការណ៍បោះឆ្នោតដោយសេរី និង យុត្តិធម៌ និងសេរីភាពនៃការបញ្ចេញមតិនោះទេ។
ក្រៅពីសង្កាត់ទឹកល្អក់ សកម្មភាពបែបនេះក៏កើតមាននៅសង្កាត់ផ្សេងៗទៀតដែរ នេះបើតាមការអោយដឹងពីលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ លោក អ៊ូ វីរៈ បានបន្តទៀតថា លោកបានផ្សព្វផ្សាយពីបញ្ហានេះជាសាធារណៈ ដើម្បីអោយរដ្ឋាភិបាល និង គ.ជ.ប មានចំណាត់ការទប់ស្កាត់។
យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន រដ្ឋលេខាធិកា និងអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ហាក់មិនជឿជាក់លើរបាយការណ៍ដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សទទួលបាននោះទេ។ លោក បានប្រាប់វិទ្យុបារាំងថា រឿងព្រម ឬមិនព្រម គឺជាសិទ្ធិរបស់ប្រជាជន គ្មានអ្នកណាអាចបង្ខំពួកគាត់នោះទេ ហើយលោកមិនជឿដាច់ខាតថា អាជ្ញាធរហ៊ានបង្គាប់ប្រជាជនឲ្យធ្វើបែបនេះ៕
______________________
ប្រភពពី
វិទ្យុបារាំង