រាជធានីភ្នំពេញ ៖ មណ្ឌលកម្សាន្ត ឌ្រីមលែនឌ៍ ស្ថិតនៅទល់មុខ កាស៊ីណូណាហ្គាវើលនោះ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ មានព័ត៌មានជាច្រើន ទាក់ទិនករណី មនុស្សស្លាប់ ដោយការឆក់ខ្សែភ្លើង ឬបញ្ហាបច្ចេកទេស ដាច់ទោង ដាច់គន្លឹះ បង្កការគ្រោះថ្នាក់ ដល់ភ្ញៀវជារឿយៗ ប៉ុន្តែគេមិនដែលឃើញ អាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅត្រួតពិនិត្យ ភាពមិនប្រក្រតីដែលកំពុង កើតមានក្នុងសួន ឌ្រីមលែនឌ៍ ម្តងណាឡើយ បើទោះបីជាមានមនុស្សស្លាប់ និងរងរបួសផ្អើលមួយចំហៀង រាជធានីភ្នំពេញក៏ដោយ ហើយគេមិនច្បាស់ទេថា សួនឌ្រីមលែនឌ៍ មានបុព្វសិទ្ធិធំប៉ុនណានោះទេ ទើបអាចធ្វើអ្វីៗតាមតែអំពើចិត្ត។
សមត្ថកិច្ចមូលដ្ឋាន បានបង្ហើបឲ្យដឹងថា ទាក់ទិននឹងការស្លាប់ របស់បុរសម្នាក់ក្នុង សួនកម្សាន្តឌ្រីមលែនឌ៍ ចុងក្រោយបានកើតឡើង កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៣ កន្លងទៅនេះដោយសារ ត្រូវខ្សែភ្លើងឆក់ មិនមែនជាពាក្យចចាមអារ៉ាមនោះទេ។ ក្រុមគ្រួសារជនរងគ្រោះ បានរាយការណ៍ទៅកាន់ នគរបាលប៉ុស្តិ៍ចតុមុខ ពីករណីនេះ ប៉ុន្តែអ្នកគ្រប់គ្រងសួនកម្សាន្ត ឌ្រីមលែនឌ៍ មិនបានសហការជាមួយសមត្ថកិច្ច ក្នុងការចុះស្រាវជ្រាវ ស៊ើបអង្កេតរឿងហេតុ ដែលកើតឡើងនោះទេ សូម្បីតែសាកសពរបស់ជនរងគ្រោះ ក៏មេការគ្រប់គ្រងនៅ សួនកម្សាន្តឌ្រីមលែនឌ៍ មិនបានទុកឲ្យ សមត្ថកិច្ចពាក់ព័ន្ធចុះមកធ្វើកោសល្យវិច្ច័យ តាមជំនាញបច្ចេកទេសនោះដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលត្រូវ ខ្សែភ្លើងឆក់ស្លាប់នោះមានឈ្មោះ ស្រ៊ាវ ប៊ុនវិឆ័យ អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ ៥៥អឺ៤ហ្សិត ផ្លូវលេខ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លាប់យ៉ាង អាណោចអាធ័មបំផុត ខណៈដែលជនរងគ្រោះ បានយកម៉ូទ័រឆាបទ្វារ ប៉ះនឹងខ្សែភ្លើងដែលស្ថិតនៅរាយប៉ាយ។ យោងតាមលោកយាយ សឿ សារិន អាយុ៧៣ឆ្នាំ ត្រូវជាសាច់ញាតិ របស់ជនរងគ្រោះ បានអះអាងថា សពចៅប្រុសរបស់គាត់ ដែលត្រូវខ្សែភ្លើងឆក់ ក្នុងពេលបំពេញការងារ នៅក្នុងសួនកម្សាន្ត ឌ្រីមលែនឌ៍ មេការបានបង្ខំឲ្យ យកចេញពីទីកន្លែងកើតហេតុ ប៉ុន្តែយ៉ាងណាក៏ដោយ បន្ទាប់ពីមានពាក្យបណ្តឹង សមត្ថកិច្ចបានធ្វើកោសល្យវិច្ច័យ ហើយសន្និដ្ឋានថា ជនរងគ្រោះ ពិតជាបានស្លាប់ដោយសារ ឆក់ខ្សែភ្លើងក្នុងពេលបំពេញការងារមែន។
សួនកម្សាន្តឌ្រីមលែនឌ៍ ដែលគេផ្សព្វផ្សាយថា ជាកន្លែងកម្សាន្ត គ្មានព្រំដែននោះ មានរឿងអាស្រូវទាក់ទិននឹងការស្លាប់ និងរបួសភ្ញៀវ ដែលចូលទៅកម្សាន្ត នៅទីនោះជាញឹកញាប់ ប៉ុន្តែអ្នកគ្រប់គ្រងសួនកម្សាន្ត ឌ្រីមលែនឌ៍ មិនបានយកចិត្តទុកដាក់ រៀបចំបណ្តាញខ្សែភ្លើងឬលក្ខណៈបច្ចេកទេស នៃឧបករណ៍ជិះកម្សាន្ត ឲ្យបានត្រឹមត្រូវ មានរបៀបរៀបរយនោះទេ បណ្តាលឲ្យភ្ញៀវដែលចូល ទៅកម្សាន្តនោះទីនោះ ស្លាប់និងរបួសជាបន្តបន្ទាប់។ គេនៅចាំបានថា កាលពីប៉ុន្មានខែមុននេះ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត អំឡុងពេលជិះឧបករណ៍កម្សាន្តឈ្មោះ ទ្វីនទ្វីស័រ ហើយបានរបូតគន្លឹះ បោកធ្លាក់មកលើដី កម្ពស់ជាង១០ម៉ែត្រ បណ្តាលឲ្យបែកក្បាលបាក់ឆ្អឹងស្លាប់យ៉ាងអាណោចអាធ័មបំផុត ។
សូម្បីតែករណី ជនរងគ្រោះឈ្មោះ ស្រ៊ាវ ប៊ុនវិឆ័យ ដែលត្រូវខ្សែភ្លើងឆក់ កាលពីប៉ុន្មានថ្ងៃមុននេះ ក៏អ្នកគ្រប់គ្រងសួនកម្សាន្ត ឌ្រីមលែនឌ៍ ខ្វះភាពទទួលខុសត្រូវ ផ្តល់សំណងតិចតួចបំផុត ដល់គ្រួសារជនរងគ្រោះដែលទង្វើនេះ បង្ហាញឲ្យឃើញពីភាព អមនុស្សធម៌ ប៉ះពាល់អារម្មណ៍ ប្រជាពលរដ្ឋរាប់លាននាក់។ ប្រជាពលរដ្ឋដែលធ្លាប់ ចូលទៅជិះឧបករណ៍កម្សាន្ត ក្នុងសួនឌ្រីមលែនឌ៍ ក៏ធ្លាប់បានរអ៊ូរទាំពីឧបករណ៍កម្សាន្តខ្លះ ដែលរបូតបាឡុង ឬមានខ្សែភ្លើងរញ៉េរញ៉ៃ អាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវ ដែលចូលទៅកម្សាន្តនៅទីនោះជាយថាហេតុ តែគេមិនដែលឃើញ អ្នកគ្រប់គ្រងសួន ឌ្រីមលែនឌ៍ យកចិត្តទុកដាក់ម្តងណាឡើយ។
សេចក្តីរាយការណ៍ មួយចំនួនទៀតបានឲ្យដឹងថា មានក្រុមជនល្មើសលូកហោប៉ៅ លួចទ្រព្យសម្បត្តិ គ្រឿងអលង្ការ ពីភ្ញៀវដែលចូលទៅកម្សាន្ត នៅក្នុងសួនឌ្រីមលែនឌ៍ នេះផងដែរ ដូច្នេះសូមភ្ញៀវទាំងអស់ ដែលចង់ទៅកម្សាន្តនៅទីនោះ មេត្តាពិចារណាជាមុន ដើម្បីបង្ការកុំឲ្យកើតមាន ហានិភ័យផ្សេងៗ។ គេចង់ឃើញអាជ្ញាធរ រាជធានីភ្នំពេញ ចុះទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស ក្នុងសួនកម្សាន្ត ឌ្រីមលែនឌ៍ ឡើងវិញផង ព្រោះសូម្បីតែនៅតាម ហាងផឹកស៊ីមួយចំនួន ដែលមានអំពើបាញ់បោះសេរី ការឈ្លោះប្រកែកគ្នាបោកកែវ បោកចាន អាជ្ញាធរបានចុះទៅបិទអាជីវកម្ម ប៉ុន្តែសម្រាប់សួនកម្សាន្ត ឌ្រីមលែនឌ៍ នេះវិញ ទោះជាមានរឿងរ៉ាវកើតឡើង ធ្ងន់ធ្ងរប៉ុនណា ក៏អាជ្ញាធរនៅតែរក្សាភាពស្ងៀមស្ងាត់៕
ប្រភពពី :
onlinebreakingnews