ក្រពើរាប់រយក្បាលបានរួចចេញពីកសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែងស្ថិតនៅក្នុងក្រុង Longtian ខេត្ត
Guangdong ប្រទេសចិន បន្ទាប់ពីមានភ្លៀងធ្លាក់ដ៏ខ្លាំងបង្កជាទឹកជំនន់បានជន់លិចកសិដ្ឋានចិញ្ចឹមក្រពើនេះកាលពីម្សិលមិញ។
អ្នកភូមិដែលរស់នៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់ខាងលើត្រូវ បានអាជ្ញាធរប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលក្រុមជួយសង្គ្រោះទើបតែចាប់បានក្រពើមកវិញត្រឹមតែ ២៧ក្បាលប៉ុណ្ណោះ។
យោងតាមប្រសាសន៍របស់លោក Zhou Minghui ប្រធានកសិដ្ឋានចិញ្ចឹមក្រពើ Shantou Xiesheng Breeding Co. Ltd ខាងលើបានឲ្យដឹងថា ក្រពើដែលរួចនោះពិតជាបង្កគ្រោះថ្នាក់ខ្លាំងដល់ប្រជាពលរដ្ឋ។ លោកបានប្រកាសឲ្យសាធារណជន ត្រូវប្រុងប្រយ័ត្នក្នុងការធ្វើដំណើរតាមផ្លូវទឹក នៅមុនពេលក្រុមរបស់លោកស្វែងរកចាប់ក្រពើទាំងនោះមកវិញ។
អាជ្ញាធរប៉ូលិសបានរាយការណ៍បន្ថែមដែរថា មិនមានករណីគ្រោះថ្នាក់ណាមួយពីការវាយប្រហារក្រពើទាំងនោះមកលើ អ្នកស្រុកនៅឡើយទេរហូតមកដល់ពេលនេះ។ ក្រពើចំនួនប្រមាណ ១១.០០០ក្បាលត្រូវបានចិញ្ចឹមនៅកសិដ្ឋានខាងលើក្នុងឆ្នាំនេះ បន្ទាប់ពីបានក្លាយជាទីផ្សារពេញនិយមមួយសម្រាប់យកទៅធ្វើឱសថ ព្យាបាលជំងឺផ្សេងៗ៕
កសិដ្ឋានចិញ្ចឹមក្រពើមួយនៅក្នុងខេត្ត Henan ភាគកណ្តាលប្រទេសចិនដែលធ្លាប់រួចក្រពើដូចគ្នានេះកាលពីខែមិថុនា
ប្រភពពី សប្បាយ