រាជធានីភ្នំពេញ ៖
ប្រជាពលរដ្ឋបានប្រទះឃើញ បុរសម្នាក់ស្លាប់ ដោយមានខ្សែក្រវ៉ាត់ចងក ថ្ពក់ជាប់ទៅនឹង សំយ៉ាបដំបូលរោងលក់ចាប់ហួយ មួយកន្លែង នៅក្រោយសាលាវិទ្យាល័យ ជា ស៊ីម សាមគ្គី ស្ថិតក្នុងសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក
រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥និង៥០ នាទីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤។
ជនរងគ្រោះមានឈ្មោះ រដ្ឋា អាយុប្រហែល ៣០ឆ្នាំ មានទីលំនៅ ម្តុំសំណង់១២ រាជធានីភ្នំពេញ និងជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា បំរើការអោយក្រុមហ៊ុន PSC លក់កុំព្យូទ័រ ដែលមានទីតាំងនៅក្បែរសាលា ភាសាបារាំង ។ មុនពេលកើតហេតុ ម៉ោងប្រមាណ ៨យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ គេបានឃើញជនរងគ្រោះ មកអង្គុយសំកុក នៅមុខរោងជាង ក្បែរសាលា ជា ស៊ីម សាមគ្គី ប៉ុន្តែត្រូវបានគេដេញចេញ។
លុះដល់វេលាម៉ោងខាងលើ ក៏ស្រាប់តែគេប្រទះឃើញ ជនរងគ្រោះស្លាប់ដោយមាន ខ្សែក្រវ៉ាត់ជាប់កតែម្តង ។ សាកសពជនរងគ្រោះ មានពាក់អាវសឆ្នូតដៃខ្លី ខោជើងវែង ពណ៌ខ្មៅ ហើយសមត្ថកិច្ចជំនាញ កំពុងធ្វើកោសល្យវិច័យ ដើម្បីចង់ដឹងថា តើបុរសនោះ បានសម្លាប់ខ្លួនឯង ឬត្រូវគេសម្លាប់ ដោយការព្យួរកនៅនឹងដំបូល នៃកន្លែងកើតហេតុ ៕