ខេត្តកណ្តាល ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ ដើម្បីចាត់ការតាមនីតិវិធី បន្ទាប់ពីបានធ្វើសកម្មភាពខ្ចីម៉ូតូរបស់អ្នកជិតខាងជិះទៅទិញលៀសហាលតែបែរជាយកទៅបញ្ចាំយកលុយចូលក្លិបផឹកស៊ី ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៤ នៅចំណុចភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ខណៈដែលជនសង្ស័យយកម៉ូតូទៅបញ្ចាំចាយលុយអស់ត្រឡប់មកផ្ទះវិញ ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡាច សុខខុន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ។ ជនសង្ស័យបានខ្ចីម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ របស់ជនរងគ្រោះឈ្មោះ វង់ សោភា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិ/ឃុំជាមួយយកទៅបញ្ចាំបានលុយចំនួន២០០ដុល្លារ ។
ប្រភពដដែលបានបន្តថា កាលពីវេលាម៉ោង១១ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ ជនសង្ស័យបានខ្ចីម៉ូតូរបស់ជនរងគ្រោះដែលជាអ្នកជិតខាង ដោយប្រាប់ថាយកទៅទិញលៀសហាល ហើយជនរងគ្រោះក៍បានប្រគល់ម៉ូតូនិងសោរឲ្យជនសង្ស័យ ។ ក្រោយពីបានម៉ូតូហើយនោះជនសង្ស័យបានជិះដើរលេងរហូតដល់វេលាម៉ោង១៩ ថ្ងែដដែលជនសង្ស័យក៍បានបបួលមិត្តភ័ក្រ២នាក់ទៀតជិះម៉ូតូយកទៅដាក់បញ្ចាំនៅក្រុងតាខ្មៅ ដើម្បីយកលុយចូលកំសាន្តនៅក្នុងVIPក្លិប ។
ប្រភពដដែលបានបញ្ជាក់ថា បន្ទាប់ពីមិនឃើញជនសង្ស័យយកម៉ូតូទៅប្រគល់ឲ្យវិញជនរងគ្រោះក៍បានដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលមូលដ្ឋាន ហើយសមត្ថកិច្ចនគរបាលក៍បានធ្វើការស្រាវជ្រាវរហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យ ខណៈដែលគេត្រឡប់ចូលទៅលំនៅឋានវិញ ។
ជនសង្ស័យឈ្មោះ ឡាច សុខខុន បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពខ្ចីម៉ូតូរបស់ជនរងគ្រោះយកទៅបញ្ចាំ យកលុយចូលកំសាន្តនៅក្នុងVIPក្លិបប្រាកដមែន តែគេមិនមឬនជាអ្នកយកទៅបញ្ចាំទេគឺមិត្តភក្តិរបស់គេជាអ្នកយកទៅបញ្ចាំ ៕
.jpg)