រាជធានីភ្នំពេញ ៖
ដើម្បីបញ្ជាក់នូវទំហំនៃសេចក្តីស្នេហា បុរសម្នាក់បានសម្រេចចិត្តលោតពីលើស្ពាន សម្លាប់ខ្លួន
នៅចំណុចលើស្ពានលីយ៉ុងផាត់(ស្ពានព្រែកព្នៅ) ត្រើយខាងលិច ។
ហេតុការណ៍ដែលភ្ញាក់ផ្អើលនេះ ដែលជាជម្រើសសម្រាប់យកមកដោះស្រាយបញ្ហានេះបានកើតឡើងកាលពីវេលាម៉ោង១ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ នៅចំណុចលើស្ពានលីយ៉ុងផាត់(ស្ពានព្រែកព្នៅ)ត្រើយខាងលិច ស្ថិតក្នុងសង្កាត់ស្វាយប៉ាក់ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បុរសដែលមានគំនិតខ្លីប៉ុនកន្ទុយអណ្តើតនោះមានឈ្មោះ ភី សាវុធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងក្រុមទី៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមការរៀបរាប់ពីអ្នកដែលបានឃើញហេតុការណ៍បានឲ្យដឹងថា
មុនពេលកើតហេតុគេឃើញយុវជនរូបនេះបានដើរឆ្លងស្ពានពីលិចទៅកើតលុះដល់ពាក់កណ្ដាលស្ពាន ក៏ស្រាប់តែលោតពីលើស្ពានដើម្បីសម្លាប់ខ្លួន
។ តែបំណងគេមិនបានសម្រេចឡើយ ដោយនៅក្បែរនោះមានទូកប្រជានេសាទជាជនជាតិអ៊ីស្លាមបានជួយស្រង់ មកលើគោកបានទាន់ពេលវេលា ហើយរាយការណ៍ប្រាប់សមត្តកិច្ចដែលកំពុងយាមកាមនៅក្រោមស្ពាននោះ។
ប្រភពពីស្ត្រីម្នាក់ឈ្មោះ ភី សុឃឿន ហៅច្រឹប ភេទស្រី អាយុ៣៦ឆ្នាំ ដែលត្រូវជាបងស្រីរបស់ជនរងគ្រោះបានឲ្យដឹងថា
គាត់ក៏ពុំដឹងមូលហេតុលម្អិតពីបញ្ហានេះទេ គឺគ្រាន់តែមុនពេលកើតហេតុប្អូនប្រុសរបស់គាត់ ភាគច្រើនគេតែងតែទៅលេងបាល់ទះនៅក្រោមស្ពានលីយ៉ុងផាត់ ហើយអង្គុយផឹកកាហ្វេនៅក្បែរស្ពាននោះ
។
ប្រភពដដែលបានបន្តទៀតថា រយៈពេលប្រមាណពីរ បីថ្ងៃកន្លងមកនេះពុំសូវនិយាយស្ដីអ្វីនោះទេដូចជាមនុស្សខូចចិត្ត។ គេធ្លាប់ប្រាប់គាត់ថា គេបានស្រឡាញ់នារីម្នាក់ ប៉ុន្តែនារីនោះអត់ស្រឡាញ់រូបគេទេដោយសាររូបគេគ្មានការងារធើ្វ ។ សរុបសេចក្តីមកគាត់សង្ស័យថា មូលហេតុដែលប្អូនប្រុសគាត់គិតខ្លីសម្រេចចិត្តលោតទឹកសម្លាប់ខ្លួននោះគឺដោយសារតែស្រឡាញ់គេហើយត្រូវគេបដិសេធន៍នោះក៏មិនដឹង៕