រាជធានីភ្នំពេញ ៖
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យកុមារាម្នាក់បានបោកក្បាលស្លាប់ភ្លាមៗមួយរំពេច នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ។ ហេតុការណ៍គ្រោះ
ថ្នាក់មួយនេះបានកើងឡើងកាលពីម៉ោង១និង៤០នាទីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ ឋិតនៅលើផ្លូវបេតុងដែលទើបសាងសង់ថ្មី ឋិតនៅក្នុងភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កុមារារងគ្រោះមានឈ្មោះ ចន បញ្ញា អាយុ៨ឆ្នាំ ត្រូវបានរថយន្តបើកបុកចំពីចំហៀង បណ្តាលឲ្យដួលបោកក្បាលលើផ្លូវស្លាប់យ៉ាងអាណោចអាធ័ម ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុក្មេងប្រុសរងគ្រោះបានដើរលើផ្លូវបេតុងក្នុងទិសដៅចេញពីផ្ទះរបស់ខ្លួនដើម្បីទៅទិញនំ ស្រាប់តែមានរថយន្តមួយគ្រឿង ពណ៌ខ្មៅ មិនស្គាល់ម៉ាក ជាប្រភេទរថយន្តស៊េរីទំនើប បើកក្នុងទិសដៅបញ្ច្រាសគ្នាជាមួយក្មេងប្រុស(ពីលិចទៅកើត) ។ លុះមកដល់ចំណុចកើតហេតុក៏ជ្រុលបានចង្កូតបុកក្មេងប្រុសរងគ្រោះចំពីចំហៀងខាងឆ្វេងបណ្តាលឲ្យក្មេងប្រុសដួលបោកក្បាលស្លាប់នឹងថ្នល់របួសធ្ងន់ ។ ភ្លាមៗនោះអ្នកឃើញហេតុការណ៍បានស្រែកឆោឡោឲ្យអ្នកភូមិជួយចាប់ ប៉ុន្តែអ្នកបើករថយន្តបង្កបានបន្ថែមល្បឿនគេចបាត់ ។ ចំណែកក្មេងប្រុសរងគ្រោះត្រូវអ្នកភូមិជួយសង្គ្រោះផងដែរ តែមិនអាចជួយបានឡើយ គឺក៏បានស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ ។ សាកសពក្មេងប្រុសត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕