ក្រុងប៉ោយប៉ែត ៖
បុរសម្នាក់បន្ទាប់ពីផឹកស៊ីស្រវឹង បានស្រែកឡូឡារំខានអ្នកស្រុក និងដេញកាប់ប្រពន្ធ ត្រូវនគរបាលសង្កាត់ប៉ោយប៉ែត ឃាត់ខ្លូនយកទៅអប់រំ កាលពីវេលាម៉ោង ១០និង២៥ នាទីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៤ នៅត្រង់
ចំណុចវត្តត្រាច ក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីកុំឲ្យជនបង្កធ្វើបាបប្រពន្ធ តាមតែអំពើចិត្តតទៅទៀត ។
បុរសស្រវឹងខួបនោះ មានឈ្មោះ ឈិត វន អាយុ ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកើតហេតុខាងលើ ហើយស្ត្រីជាប្រពន្ធឈ្មោះ ជន ឆុន អាយុ ៤៨ឆ្នាំ បានឲ្យដឹងថា កន្លងមកប្ដីរបស់គាត់តែងតែផឹកស៊ី មិនដែលជួយរកស៊ី ប្រកបការងារអ្វីសោះឡើយ នៅតែផ្ទះរហូតធ្លាក់ខ្លូនមានជំងឺ ចេះតែស្រែកឡូឡា រំខានដល់អ្នកភូមិក្បែរខាង។ តែអ្នកស្រុកមិនដែលប្រកាន់នោះទេ ដោយយល់ឃើញថា ជាមនុស្សស្រវឹង ហើយគាត់មិនដែល រករឿងអ្នកណាទេ ពេលឈប់ពីស្រវឹង ជាមនុស្សត្រឹមត្រូវធម្មតា ។
លុះដល់ថ្ងៃកើតហេតុ មិនដឹងជាប្ដីរបស់គាត់ ផឹកស្រវឹងពីណាមកទេ ពេលដែលស្ត្រីជាប្រពន្ធ មកពីមន្ទីរពេទ្យពិនិត្យរោគ ស្រាប់តែលោកប្ដីប្រមឹក ទាញកាំបិតប៉័ងតោ ដេញកាប់ទាំងកំរោល ទើបស្ត្រីជាប្រពន្ធ រត់ចូលផ្ទះអ្នកស្រុក បង្ករភាពភ្ញាក់ផ្អើលតែម្ដង។ ដោយមានកំហឹង ព្រោះពេលលោកប្តីផឹកស្រវឹងម្ដង ស្រែកឡូឡារំខានដល់អ្នកស្រុក ក៏ប្ដឹងសមត្ថកិច្ច ឲ្យមកឃាត់ខ្លួន យកទៅអប់រំអោយរៀងចាលម្ដង កុំអោយធ្វើអ្វីតាមតែអំពើចិត្ត ស្រែកឡូឡារំខាន អ្នកស្រុកតទៅទៀត៕