ខេត្ដកំពង់ចាម ៖
ទំនងជាផ្តើមចេញពី ជម្លោះបន្ដិចបន្ដួច និងការប្រចណ្ឌ ស្ដ្រីម្នាក់ត្រូវប្ដីប្រើកាំបិតខ្វែវកាប់ចិញ្ច្រាំ បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម គួរឲ្យរន្ធត់ជាទីបំផុត កាលពីវេលាម៉ោង ៨និង៣០ នាទីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤
នៅភូមិចុងខ្ញូង ភូមិមហាខ្ញូង ស្រុកកោះសូទិន ខេត្ដកំពង់ចាម ហើយប្តីចិត្តកំណាច ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង ភ្លាមៗផងដែរ។
ស្ដ្រីដែលត្រូវប្ដីសម្លាប់ មានឈ្មោះ ថន សុខទាង អាយុ ៣២ឆ្នាំ មានមុខរបរលក់ចាប់ហួយ នៅផ្ទះ ស្ថិតនៅភូមិ-ឃុំ កើតហេតុខាងលើ មានកូនម្នាក់នៅក្នុងបន្ទុក រីឯជនដៃដល់ជាប្ដី មានឈ្មោះ សេង សុធា អាយុ ៣៥ឆ្នាំ មានមុខរបរជាអ្នកចម្ការ។ នគរបាលដែលបាន ពិនិត្យសាកសព បានឱ្យដឹងដេរថា ស្ដ្រីរងគ្រោះត្រូវប្ដីប្រើកាំបិតខ្វែវ កាប់ត្រូវ ចំនួន ៤កន្លែង លើក្បាល ២កាំបិត និងដៃ ឆ្វេង ២កាំបិត ស្លាប់ក្នុងថ្លុកឈាមលើផ្ទះ។
អ្នកភូមិបានឲ្យដឹងថា មុនពេលកើតហេតុ ប្រពន្ធបានស្ដីបន្ទោស បុរសជាប្តីបន្ដិចបន្ដួច ប៉ុន្ដែពំ ដឹងរឿងអ្វីនោះទេ ។ បន្ទាប់មកក៏ផ្ទុះហិង្សាខ្លាំង ប្ដីបានទាញកាំបិតខ្វែវ កាប់ចិញ្ច្រាំប្រពន្ធ ដោយមិនប្រណីតែម្តងតែម្ដង ហើយកាលពីជាងមួយខែមុន ស្ដ្រីរងគ្រោះនិងប្ដី ធ្លាប់ឈ្លោះប្រកែកគ្នា ម្ដងរួចមកហើយ ដោយពេលនោះ ប្រពន្ធបានចុះចេញពីផ្ទះ អស់រយៈពេល ១០ថ្ងៃ តែមិនដឹងថា អំឡុងពេលនោះ មានរឿងអ្វីកើតឡើងខ្លះទេ។
បន្ទាប់មកពួកគេបានជួបជុំគ្នាវិញ ទើបនៅយប់កើតហេតុ មុនពេលប្ដីកាប់ប្រពន្ធ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមគួរឲ្យរន្ធត់ គេបានឮសំឡេងឈ្លោះប្រកែកគ្នា ដោយគេសង្ស័យថា កើតចេញពីរឿងប្ដីប្រចណ្ឌប្រពន្ធ គ្រាដែលប្រពន្ធ បានចុះចេញពីផ្ទះចំនួន ១០ថ្ងៃ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចបានឃាត់ខ្លួន ប្តីចិត្តកំណាចដើម្បីសាកសួរ ហើយគ្រោងបញ្ជូនសំណុំរឿង ពីបទមនុស្សឃាត ទៅតុលាការដើម្បីចាត់ការ តាមផ្លូវច្បាប់៕