ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ ព្រះមាតាជាតិខ្មែរ នឹងយាងនិវត្តន៍មកកាន់មាតុភូមិវិញ នៅល្ងាចថ្ងៃទី ២៥ ខែ មីនានេះ បន្ទាប់ពីបានយាងពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន ។
យោងតាមប្រភពច្បាស់ការណ៍មួយ បានឲ្យដឹងថា៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ ព្រះមាតាជាតិខ្មែរ នឹងយាងមកដល់ព្រះរាជាណាចក្រកម្ពុជា នៅម៉ោង ៣:៤៥ នាទី ល្ងាចថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៤នេះ តាមជើងយន្តហោះពិសេស របស់ព្រះរាជាណាចក្រកម្ពុជា ។
គួរបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ ព្រះមាតាជាតិខ្មែរ បានយាងចាកចេញពី ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៤ ។ ព្រះអង្គទាំងទ្វេ បានស្តេចយាងទៅកាន់ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គ តាមការកំណត់ជាទៀងទាត់ របស់គ្រូពេទ្យចិន។
ជាទៀងទាត់ ព្រះមហាក្សត្រកម្ពុជា និង សម្តេចម៉ែ តែងបានយាងទៅ ពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េ កាំងប្រទេសចិន ក្នុងរវាង ៦ ខែម្តង តាមវេជ្ជបញ្ជារបស់ក្រុមវេជ្ជបណ្ឌិតចិន ដែលមើលថែព្រះអង្គ ៕


 |
| សម្តេចម៉ែ និងព្រះមហាក្សត្រ យាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៤(រូបថតៈ ឯកសារ) |