ខេត្តកំពង់ឆ្នាំង ៖
ស្ត្រីទុរគត៌ម្នាក់ត្រូវប្តីចិត្តកំណាច ដែលមានស្រីថ្មី វាយធ្វើបាបរលូតកូន ត្រូវបានអ្នកជិតខាង បញ្ជូនទៅសង្គ្រោះ មានរូបកាយស្គមរីងរៃ សល់តែស្បែកដណ្តប់ឆ្អឹង បានដេកនៅលើគ្រែ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ
បង្អែកខេត្ត កាលពីយប់ថ្ងៃទី២៤ ខែមីនា នាំឲ្យលោកគ្រូពេទ្យ និងអ្នកជម្ងឺនៅក្បែរខាង មានក្តីអាណិតអាសូរយ៉ាងខ្លាំង ព្រោះតែនាងដាច់បាយក្រោកមិនរួច គ្មានអ្នកថែទាំនិងមានជម្ងឺគ្រាំគ្រា ឈឺចាប់ពេញខ្លួន។
ស្ត្រីរងគ្រោះមានឈ្មោះ ហួន ណាវី អាយុ ៣៧ឆ្នាំ មានស្រុកកំណើតភូមិថ្មី ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង មានប្តីឈ្មោះ ប៉ាត ព្រឿង អាយុ ៥៣ឆ្នាំ រស់នៅជាមួយប្តី ក្នុងភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង យូរឆ្នាំមកហើយ ពុំមានកូនទេ។ កាលពីជាងមួយខែមុន ប្តីរបស់នាងដែលជា មនុស្សផឹកស្រវឹងរាល់ថ្ងៃ និងមានស្រីផងនោះ បានរករឿងឈ្លោះវាយតប់ ធ្វើបាបនាងជារៀងរាល់ថ្ងៃ រហូតធ្វើអោយកូនក្នុងផ្ទៃ របស់នាងអាយុ ៤ខែបានរលូតបាត់។
ចំណែកបុរសជាប្តី បានទៅរស់នៅ ជាមួយប្រពន្ធចុង បាត់ស្រមោល ហើយតាំងពីពេលនោះ មក នាងបានឈឺដាច់បាយទឹក គូបផ្សំនិងភាពក្រីក្រ គ្មានលុយព្យាបាលជម្ងឺ ស្រាប់ផងនោះ បានធ្វើអោយរូបកាយរបស់នាង រីងរៃស្គមស្គាំង សល់តែស្បែកនិងឆ្អឹង រហូតដល់ក្រោកដើរលែងរួច បាយទឹករាល់ថ្ងៃ បានចាស់ៗក្នុងភូមិ ជួយដាក់ទាននិងបញ្ចុក។ ដោយឃើញនាងមានជម្ងឺ កាន់តែធ្ងន់ធ្ងរឡើងៗ អ្នករត់ម៉ូតូឌុបក្នុងភូមិ ក៏បានជួយបីនិងឌុបនាង មកកាន់មន្ទីរពេទ្យ ខេត្ត នៅព្រឹកថ្ងៃទី២៤ ខែមីនា ដើម្បីអោយក្រុមគ្រូពេទ្យ ជួយសង្គ្រោះ ប៉ុន្តែគ្មានអ្នកកំដរ និងថែទាំនាងឡើយ មើលទៅវេទនាខ្លាំងណាស់៕