ថៃ៖ បុរសជាឃាតករម្នាក់ ដែលបានឆក់យកជីវិតក្មេងជាច្រើននាក់ ត្រូវបានកាត់ទោសឲ្យជាប់ គុកអស់មួយជីវិត កាលពីព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៤ ព្រឹកម្សិលមិញនេះ ក្រោយពីមានការត្រាប្រណី ពីតុលាការ។
ទោះជាយ៉ាងណា ប៉ូលីសអាច រកឃើញមានភស្ដុតាង តែ២ករណីប៉ុណ្ណោះ ដើម្បីកាត់ទោសបុរសនេះ ខណៈពេលដែលជនល្មើស ដែលមានឈ្មោះថា “Nui” អាយុ ៣៦ឆ្នាំ ជាជនរសាត់អណ្ដែតនេះ បានសារភាពថា ខ្លួនធ្លាប់បានសម្លាប់ និងរំលោភ មនុស្សជាច្រើនក៏ដោយ នៅក្នុងតុលាការនៃតំបន់ Phra Khanong បាងកក ប្រទេសថៃ។
ហេតុការណ៍ដ៏អាក្រក់របស់ជនល្មើស បានបែកធ្លាយ ក្រោយពី កាមេរ៉ាសុវត្ថិភាពនៅ ស្ថានីយ៍ BTS បានថតជាប់ជននេះ ចាប់ពង្រត់ក្មេងស្រីអាយុ ៦ឆ្នាំ ពីកង់របស់នាង។ សម្រាប់រឿងរ៉ាវនេះ បានក្លាយជាសាច់រឿងដ៏ក្ដៅគគុកនៅក្នុង ប្រទេសថៃ កាលពីអំឡុងខែធ្នូ ឆ្នាំមុននេះ ជាពិសេសជនល្មើសដ៏កាចសាហាវនេះ បានថ្លែងទៅកាន់ប៉ូលីសថា មានជនរងគ្រោះយ៉ាងតិច ៩នាក់ និងរឿងក្មេងស្រីនេះ ជារឿងចុងក្រោយរបស់ខ្លួន ដែលបានធ្វើ និងនៅក្នុងនោះ មានប្រើហិង្សា រំលោភ និងសម្លាប់បន្ថែមទៀត។
ទោះជាយ៉ាងណា បើតាមផ្លូវច្បាប់ បុរសនេះត្រូវកាត់ទោសប្រហារជីវិត តែដោយសារតែការដឹងខ្លួននិងសារភាព ពីទោសកំហុសខ្លួន តុលាការក៏មេត្ដាប្រណី ឲ្យជាប់គុកអស់មួយជីវិត។
តើចិត្ដធម៌របស់មនុស្ស បាត់អស់ទៅណាហើយ?
រូបភាពរបស់ជនល្មើសនេះ ដែលត្រូវបានកាមេរ៉ាចាប់ជាប់