ភ្នំពេញ ៖ សាកសពបុរសម្នាក់បានស្លាប់នៅក្នុងផ្ទះឡើងធុំក្លិនស្អុយត្រូវប្រជាពលរដ្ឋដែលរស់នៅក្បែរ បានប្តឹងសមត្ថកិច្ចមូលដ្ឋាន និងហៅប្រពន្ធកូនជនរងគ្រោះមកផ្ទះដើម្បីគាស់ទ្វារផ្ទះមើល ឃើញសាកសពបុរសម្នាក់បានស្លាប់ហើមស្អុយរលួយពេញផ្ទះ ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅក្នុងបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ស៊ឹម លឹម អាយុ៤២ឆ្នាំ ស្នាក់នៅបុរីកើតហេតុខាងលើ មានប្រពន្ធឈ្មោះ ឡាយ ណារី អាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋដែលរស់នៅក្បែរជនរងគ្រោះនោះមិនបានឃើញជនរងគ្រោះចេញពីផ្ទះរយៈពេល២-៣ថ្ងៃមកហើយ ។លុះមកដល់ថ្ងៃកើតហេតុស្រាប់តែធុំក្លិនស្អុយចេញពីផ្ទះជនរងគ្រោះ ក៏មានការសង្ស័យ ហើយបានប្តឹងទៅសមត្ថកិច្ចមូលដ្ឋានទូរស័ព្ទហៅប្រពន្ធនិងកូនជនរងគ្រោះឲ្យវិល ត្រឡប់មកផ្ទះវិញ ស្រាប់តែសមត្ថកិច្ចនិងក្រុមគ្រួសារបានបើកទ្វារផ្ទះក៏ឃើញសាកសពជនរងគ្រោះបានស្លាប់ស្អុយរលួយបាត់ទៅហើយ ។
តាមប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ជារៀងរាល់ថ្ងៃប្តីរបស់គាត់តែងតែហូបស្រាស្រវឹងរាល់ថ្ងៃ ហើយបានទូរស័ព្ទប្រាប់គាត់ថា គាត់ចេះតែរាក២-៣ថ្ងៃទៅហើយ តែប្រពន្ធគាត់និងកូនរវល់ធ្វើការមិនបានមកមើលប្តីនិងឳពុកឡើយ ។ លុះមកដល់ថ្ងៃកើតហេតុស្រាប់តែប្តីរបស់គាត់ស្លាប់បាត់ទៅហើយ ។
ក្រោយធ្វើកោសល្យវិច័យសាកសពជនរងគ្រោះរួចសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕