ខេត្តបន្ទាយមានជ័យ ៖
ក្រុមក្មេងទំនើងអនាធិបតេយ្យមួយក្រុមត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ គ្រាដែលក្រុមនេះបានធ្វើសកម្មភាពលួច ឆក់ទ្រព្យសម្បត្តិ
ប្រជាពលរដ្ឋ ដែលបង្កភាពអសន្តិសុខក្នុងសង្គម ។ ការចុះបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៤ នៅចំណុចភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដោយឃាត់បាន៨នាក់ ក្នុងចំណោមបក្ខពួក២០នាក់ ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលធ្វើការឃាត់ខ្លួននេះ ក្រុមលួចឆក់ដ៏សកម្មនេះ បានលួចទូរសព្ទ័ម៉ាកសាំស៊ុង១គ្រឿងពណ៌ខ្មៅរបស់ជនរងគ្រោះឈ្មោះ សួង សិទ្ធ ភេទប្រុសអាយុ ២១ឆ្នាំ ដែលមានទីលំនៅក្នុងកន្លែងកើតហេតុខាងលើ បង្កឲ្យមានភាពភ្ញាក់ផ្អើល ទើបសមត្ថកិច្ចដេញបង្ក្រាបភ្លាមៗតែម្តង ដោយឃាត់បានចំនួន៨ ។ បច្ចុប្បន្នជនសង្ស័យទាំង៨ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន និងស្វែងរកបក្ខពួក ដើម្បីចាត់ការតាមផ្លូវច្បាប់៕