រាជធានីភ្នំពេញ ៖
ថ្ងៃ១៤កុម្ភៈគឺជាថ្ងៃមួយដែលយុវវ័យ តែងតែនាំគ្នានិយាយថាជាថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ឬហៅបានយ៉ាងទៀតថា Valentine’s Day ។ហើយនៅតាមផ្លូវមួយចំនួន
ក៏ឃើញមានលក់ផ្កា វត្ថុអនុស្សាវរីយគ្រាប់បែបយ៉ាង។ ប៉ុន្តែអ្វីដែលសំខាន់យុវវ័យទាំងអស់ក៏មិនត្រូវ យល់ច្រឡំថា ថ្ងៃនេះជាថ្ងៃសម្រាប់តែគូសង្សារដែលត្រូវបង្ហាញពីក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកនោះទេ ថ្ងៃ១៤កុម្ភៈ ឬទិវានៃក្តីស្រឡាញ់គឺយើងអាចបង្ហាញក្តីស្រឡាញ់ចំពោះលោកប៉ាអ្នកម៉ាក់ បងប្អូន មិត្តភក្តិ មិនចំពោះតែគូសង្សានោះទេ។ នៅឱកាសថ្ងៃ១៤កុម្ភៈនេះ ក៏មានយុវវ័យយើងមួយចំនួនតែងតែយល់ច្រឡំ ហើយធ្វើអ្វីផ្តេផ្តាសដែលនាំឱ្យប្រាសចាក ពីប្រពៃណីរបស់ខ្មែរយើង ដែលនាំឱ្យបាត់បង់តម្លៃជាតិខ្មែរ។
គួររម្លឹកថា ដើម្បីកុំឱ្យយុវវ័យយើងមានការភាន់ច្រឡំបន្តទៀតខាងក្រោមនេះជាប្រវត្តិដែលនាំឱ្យកើតមានថ្ងៃ១៤កុម្ភៈទិវានៃក្តីស្រឡាញ់នេះ ៖
ប្រហែលជានៅសតវត្សរ៍ ទី៣ នៃគ្រិស្តសករាជ ប្រទេសអ៊ីតាលីកាលនោះ មិនទាន់មានឈ្មោះទេ គឺស្ថិតនៅក្នុងចក្រភពរ៉ូមនៅឡើយ។ រ៉ូមជាអាណាចក្រដ៏ល្បីមួយ នៅតំបន់សមុទ្រមេឌីទែរ៉ាណេ។ នៅសម័យនោះ សង្គមរ៉ូមមានបែងចែកជាច្រើនវណ្ណៈ ហើយវណ្ណៈទាសករ ស្ថិតនៅលំដាប់ទាបជាងគេបង្អស់។ឪពុកម្ដាយនៅក្នុងចក្រភពមួយនេះ មិនចង់ឲ្យកូនប្រុស ឬកូនស្រី រៀបការជាមួយអ្នកដែលស្ថិតនៅក្នុងវណ្ណៈទាសករ ឬកូនប្រុសធ្វើជាទាហានទេ បែបនេះហើយបានជាធ្វើឱ្យសង្សារជាច្រើនគូដែលស្រឡាញ់គ្នារវាងអ្នក ដែលមានវណ្ណៈខ្ពស់ ឬវណ្ណៈមធ្យមជាមួយនឹងវណ្ណៈទាបជាងគេ លួចរត់ទៅរៀបការដោយការសន្មតរវាងគូស្នេហ៍ទាំងពីរ នៅក្នុងព្រៃដោយគ្មានការចូលរួមពីឪពុកម្ដាយ ឬបងប្អូននោះទេ។
កាលនោះមានការទទួលស្គាល់ សន្តបុគ្គល (Saint) បីនាក់សំខាន់ៗ ដែលក្នុងនោះក៏មានបុរសម្នាក់ ដែលមានឈ្មោះថាValentine ជាសន្តបុគ្គលល្បីជាងគេ ហើយត្រូវបានគេចាត់ទុកថា ជាសម្ដេចប៉ាប ដ៏ល្បីមួយរូបនៃគ្រិស្តសាសនា ក្នុងសតវត្សរ៍ទី៣នេះ។នៅសម័យនោះ ចក្រភពរ៉ូមស្ថិតនៅក្រោមការគ្រប់គ្រងដោយ អធិរាជ Claudius II។ អធិរាជអង្គនេះ យល់ឃើញថា ទាហានដែលនៅលីវមានកម្លាំងខ្លាំង និងប្រសើរជាងអ្នកដែលមានប្រពន្ធ។ មូលហេតុនេះហើយទើបព្រះអង្គហាមមិនឲ្យយុវជនក្មេងរៀបការនោះទេ ហើយបើតាមប្រភពឯកសារមិនបានបញ្ជាក់ថា យុវជនទាំងនោះត្រូវមានអាយុប៉ុន្មានដែលត្រូវបានគេហាមឃាត់នោះទេ។ លោក Valentine យល់ឃើញថា អនុក្រឹត្យដែលចេញដោយព្រះចៅអធិរាជ Claudius II មិនមានយុត្តិធម៌នោះទេ ហើយលោកមិនបានគោរពតាមអនុក្រឹត្យនោះឡើយ។ជារឿយៗមានគូសង្សារជាច្រើន គូបានពឹងពាក់ឲ្យគាត់ជួយរៀបការឲ្យពួកគេក្នុងទីដ៏ស្ងាត់។គាត់ បានកាច់ផ្កា ពីសួនច្បារបស់គាត់ប្រគល់ឲ្យប្ដីប្រពន្ធដែលរៀបការទាំងនោះ។ ផ្ការបស់គាត់ ត្រូវបានគេទទួលស្គាល់ថា ជាវត្ថុតំណាងឲ្យអាពាហ៍ពិពាហ៍គូស្វាមីដែលរៀបការនៅសម័យនោះ។ ហេតុដូច្នេះហើយបានជានៅសម័យបច្ចុប្បន្នភាគច្រើនគេយកផ្កាធ្វើជា កាដូសម្រាប់ប្រគល់ឲ្យគ្នាទៅវិញទៅមកនៅថ្ងៃបុណ្យនេះ។
ក្រោយមក ព្រះចៅអធិរាជ Claudius II បានជ្រាបពីដំណឹងនេះ ហើយក៏បានកាត់ទោសប្រហារ ជីវិតលោក Valentine តែម្ដង (ប្រហែលនៅឆ្នាំ២១០ នៃគ្រិស្តសករាជ)។ លោកត្រូវបានគេសម្លាប់នៅពេលលោកប៉ុនប៉ង ជួយក្រុមគ្រិស្តសាសនិជនឲ្យលួចរត់ចេញពីគុកដែលឃុំដោយពួករ៉ូ ម៉ាំង។ រឿងព្រេងមួយផ្សេងទៀត ក៏និយាយដែរថា នៅពេលគាត់ជាប់ឃុំឃាំក្នុងគុក លោកបានសរសេរក្រដាសដែលបញ្ជាក់ពីក្តីស្រឡាញ់របស់លោកនៅពេលដែលលោក បានធ្លាក់ក្នុងរណ្ដៅស្នេហ៍ជាមួយស្ត្រីក្មេងម្នាក់ត្រូវជា ប្អូនស្រីអ្នកយាមគុកម្នាក់ ដែលតែងតែមកសួរសុខទុក្ខគាត់ក្នុងគុក។មុនពេលលោកស្លាប់ គេបានរកឃើញថា គាត់បានសរសេរសំបុត្រមួយដោយដាក់ថា “From Your Valentine” ដែលឃ្លានេះត្រូវបានគេប្រើប្រាស់រហូតមកដល់សព្វថ្ងៃ។ប៉ុន្តែបើតាម ប្រភពឯកសាររបស់ Catholic Encyclopedia បានបង្ហាញថា Valentine ត្រូវបានគេសម្លាប់នៅតំបន់អាហ្វ្រិកជាមួយគូស្វាមីជាច្រើនគូ តែគ្មាននរណាម្នាក់ដឹងច្បាស់ថាគាត់ស្លាប់នៅទីណាឲ្យច្បាស់នោះទេ។ ដោយហេតុនេះហើយបានជានៅអំឡុងសតវត្សរ៍ទី២០ គេរំលឹកខួបដល់សម្ដេចប៉ាបម្នាក់នេះទៅតាមកាលបរិច្ឆេទខុសៗគ្នា។ ក្រោយមកទៀត គេសន្និដ្ឋានថាសាកសពរបស់គាត់ត្រូវបានគេយកទៅកប់ នៅក្បែរដងផ្លូវ Via Flaminia (ប្រទេសអ៊ីតាលី) នៅថ្ងៃទី១៤កុម្ភៈ។ដូចនេះហើយ បានជានៅសម័យបច្ចុប្បន្ន គេប្រារព្ធទិវានេះឡើងនៅ រៀងរាល់ថ្ងៃទី១៤កុម្ភៈជារៀងរាល់ឆ្នាំដើម្បីរំលឹកនឹងគុណដល់សម្ដេច ប៉ាបម្នាក់នេះតែប៉ុណ្ណោះ។ ផបហ្សូន អាស៊ីជឿជាក់ថាយុវវ័យទាំងអស់បាន យល់ដឹងច្បាស់ពីមូលហេតុនៃការកើតឡើងថ្ងៃ១៤កុម្ភៈនេះ ហើយលែងមានការភាន់ច្រឡំ តទៅទៀត និងមិនធ្វើអ្វីដែលនាំឱ្យប៉ះពាល់ដល់ប្រពៃណីខ្មែរ៕
ប្រភពអត្ថបទ