រាជធានីភ្នំពេញ៖ ក្រុមគ្រូពេទ្យជិត៣០០នាក់ ដែលធ្វើការនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ ប្រមូលគ្នាតវ៉ា ដោយចោទថា ថ្នាក់ដឹកនាំមន្ទីរពេទ្យ មានគម្រោងលក់អគារមន្ទីរពេទ្យ ដែលមានទីតាំងស្ថិតនៅក្បែរវិទ្យាល័យបាក់ទូក ក្នុងសង្កាត់វាលវង់ ក្នុងខណ្ឌ៧មករា។
 |
ក្រុមគ្រូពេទ្យ តវ៉ាប្រឆាំងនឹងការដូរមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ(រូបថតដោយកាន់ វិច្ឆិកា)
|
អនុប្រធានផ្នែកជំងឺផ្លូវដង្ហើម លោកវេជ្ជបណ្ឌិត ហួង មេសា មានប្រសាសន៍ថា បុគ្គលិកមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញប្រមាណជា២៨០នាក់ តវ៉ាមិនឲ្យមានការផ្លាស់ប្តូរ អគារមន្ទីរពេទ្យ ដោយបារម្ភថានឹងមានការលក់អគារចាស់ ដែលមានទំហំធំជាងអគារដែលសាងសង់ថ្មី៣ដង។
លោកបន្តថាការដែលបុគ្គលិកនាគ្នាតវ៉ាដោយសារតែកាលពីថ្ងៃចន្ទ ប្រធានមន្ទីរសុខាភិបាល និងប្រធានមន្ទីរពេទ្យបង្អែក បានបង្ខំឲ្យបុគ្គលិកទាំងអស់រើឥវ៉ាន់ទៅអគារថ្មីដែលមានទំហំតូចជាងអគារចាស់នោះ ដោយមិនមាន សេចក្តីជូនដំណឹងអ្វីទាំងអស់ ដូច្នេះ ពួកគាត់បានសន្មត់ថាអគារនេះ នឹងត្រូវបានគេលក់ដោយសារតែ មិនមានការបញ្ជាក់ហេតុផលណាមួយឲ្យបានច្បាស់
«គោលនយោបាយ ជាការអភិវឌ្ឍន៍មន្ទីរពេទ្យ ក៏ប៉ុន្តែគេយកជាសំបកក្រៅទេ។ អភិវឌ្ឍន៍ បានន័យថាលក់មន្ទីរពេទ្យទាំងមូល អគារនេះ មួយល្វែងនេះ មួយជួរខាងមុខ ការគេដោះដូរហ្នឹង លក់ហ្នឹង គឺគេមិនប្រាប់ឲ្យអ្នកណា គឺគេលាក់តែម្តង គឺគេបិទកញ្ចប់ជិត គេមិនឲ្យបុគ្គលិក គេមិនឲ្យអ្នកណាដឹងទាំងអស់»។

ប្រធានផ្នែករោគស្ត្រី លោកស្រី សន ចាន់ណា លើកឡើងថា បុគ្គលិកទាំងអស់ទាមទារកុំឲ្យមានការផ្លាស់ប្តូរអគារនេះ ដោយស្នើឲ្យអភិវឌ្ឍនៅនឹងកន្លែងហើយ ពួកគាត់នឹងរើទៅអគារខាងក្រោយ ប្រសិនបើអគារថ្មីដែលសមស្របសាងសង់រួចរាល់
«មានអ្វីចាំបាច់ត្រូវរើទៅក្រោយ ពេលលោកសាងសង់អគារហើយ ពួកខ្ញុំនឹងរើជូន ពួកខ្ញុំមិនទាមទារកន្លែងនេះទេ ចង់លក់ធ្វើអ្វីធ្វើទៅ ប៉ុន្តែមុននឹងធ្វើអគារ ខាងខ្ញុំសោកស្តាយជាទីបំផុត លោកមិនមានពិភាក្សាជាមួយប្រធានមន្ទីរពេទ្យ ប្រធានផ្នែកទាំងអស់ យកយោបល់ពួកខ្ញុំថា ធ្វើអគារប៉ុនណា ដែលពួកខ្ញុំចូលបាន លោកទៅមើលអគារនោះ សម្ភពខ្ញុំរកស្ត្រីចូលមិនចុះផង លោកមុននឹងធ្វើអគារហ្នឹង លោកសុំសួរជួបប្រធានមន្ទីរពេទ្យ ប្រធានផ្នែកទាំងអស់សិន»។
ពាក់ព័ន្ធនឹងករណីនេះ ប្រធានមន្ទីរសុខាភិបាល លោក សុខ សុគុណ មានប្រសាសន៍ថា ការដោះដូរដោយសារតែលោកបារម្ភពីសុវត្ថិភាពរបស់បុគ្គលិក និងអ្នកជំងឺទាំងអស់ ព្រោះថាអគារនេះមានលក្ខណៈទ្រុឌទ្រោម ហើយពេលខ្លះមានការទុស្សេខ្សែភ្លើងទៀតផង។ លោកបន្តថា លោកនឹងដាក់ពាក្យស្នើសុំទៅថ្នាក់លើដើម្បីសាងសង់អគារថ្មីបន្ថែមទៀត
«សិទ្ធិរបស់រាជរដ្ឋាភិបាល ជាអ្នកសម្រេច ប៉ុន្តែអគារនេះប្រសិនបើយើងឲ្យទុក ប្រសិនជាឆ្លងចរន្តអគ្គិសនីឆេះ ឬបាក់ស្រុតអគារ តើថ្នាក់ណាជាអ្នកទទួល មិនបន្ទោសមកខាងមន្ទីរ ឬក៏ក្រសួង ឬរាជរដ្ឋាភិបាល មិនបានមើលទេ ប្រសិនជាបាក់ស្រុតអគារ ឬក៏ឆេះ ប្រសិនជាយើងមិនធ្វើ ឬទៅធ្វើកន្លែងថ្មីបុគ្គលិកស្អាត វាអត់ឆេះ វាមានបញ្ហាអ្វី វាប្រសើរជាជាង វាធ្វើឲ្យប៉ះពាល់អគារនេះ។ នេះជាសិទ្ធិរបស់រាជរដ្ឋាភិបាល»។
លោក សុខ សុគុណ បានបដិសេធការអធិប្បាយ នៅពេលអ្នកសារព័ត៌មានសួរទាក់ទងនឹងថាតើអគារចាស់នឹងត្រូវលក់ ឬយ៉ាងណា ដោយគ្រាន់តែលើកឡើងថា ការសម្រេចនេះ គឺស្ថិតនៅលើរដ្ឋាភិបាលជាអ្នកចាត់ចែង៕