ខេត្តកណ្តាល ៖
បុរសម្នាក់បានស៊ីឈ្នួល កាប់ដើមម៉ាក់ឃ្លឿ តែភ្លាត់ស្នៀតត្រូវដើមឈើ ដួលរំលំសង្កត់បណ្តាលឲ្យ រយៈសាច់គុម្ភថ្គាមខាងស្តាំ មើលទៅគួរឲ្យរន្ធត់បំផុត ហើយជនរងគ្រោះបានស្លាប់ យ៉ាងអាណោចអាធ័មភ្លាមៗ កាលពីវេលាម៉ោង
៩ ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅភូមិកណ្តាល ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អៀន សំអឿន ហៅ ក្រឹម អាយុ ៣៨ឆ្នាំ ជាកសិករ មានទីលំនៅកន្លែងកើតហេតុ ។ មុនពេលកើតរឿងរ៉ាវ ឈ្មោះ ឡុង អូន បានជួល ឈ្មោះ ឃុន សំអាង មកអាររំលំដើមម៉ាក់ឃ្លឿ របស់ខ្លួនក្នុងតម្លៃ ៣៥០០០ រៀល។ ពេលនេះម្ចាស់ដើមឈើ បានទៅពឹងឈ្មោះ អៀន សំអឿន , អុល សំអាង និងហុង ហំ ឲ្យមកជួយទាញខ្សែ ដើម្បីរំលំដើមម៉ាក់ឃ្លឿ។
មានការបញ្ជាក់ផងដែរថា ពេលឈ្មោះ ឃុន សំអាង កំពុងអារគល់ ដើមម៉ាក់ឃ្លឿ ជិតដាច់ទៅហើយនោះ ពួកគេទាំង ៣នាក់ បានទាញខ្សែ ដែលចងភ្ជាប់ នៅនឹងដើមឈើ តែពេលនោះភ្លាត់ស្នៀត ដើមឈើក៏រំលំខុសទិសដៅ។ ពេលនោះឈ្មោះ អៀន សំអឿន រត់ចេញមិនទាន់ បណ្តាលមែកឈើ រលំត្រូវចំគុម្ភថ្គាមខាងស្តាំ រយះសាច់ បណ្តាលឲ្យស្លាប់ នៅនិងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័មបំផុត៕